ប​ន្តិចទៀតនេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅវៀតណាម ព្រលានយន្តហោះអន្តរជាតិ

(ភ្នំពេញ)៖ នាវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែអាស្សុជឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ទូរទស្សន៍ជាតិកម្ពុជា​នឹងធ្វើការផ្សាយផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅវៀតណាម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងដំណើរអញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការខាងលើនោះ TV APPs  និង Page Facebook ( ក្រសួងព័ត៌មាន – Ministry of Information) ក៏មានការផ្សាយបន្តផ្ទាល់ផង។

សូមបញ្ជាក់ផងដែរថា យោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នាថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន២ថ្ងៃ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការនោះ ធ្វើឡើងដោយស្របតាមអញ្ជើញរបស់លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងការអមដំណើរសម្តេចតេជោ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ឯកឧត្តម វ៉ា គីមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

​ក្នុងអំឡុងទស្សនកិច្ចនោះ សម្តេចនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្ស និងប្រធានរដ្ឋវៀតណាម និងលោស្រី ង្វៀន ធី គីម ងិន ប្រធានរដ្ឋសភានៃប្រទេសវៀតណាម។

សេចក្តីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ដែលនៅក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភគ្នា។  ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពី “ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី”។

ដោយឡែកនៅរសៀលថ្ងៃទី៤ ខែតុលា នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថាបើលសន្និសីទស្តីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម។

ចំណែកឯដំណើរទស្សនកិច្ចថ្ងៃទីពីរ សម្តេចនាយករដ្ឋមន្ត្រី​ និងភាគីវៀតណាម នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដែលរំពឹងថានឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមាព្រំដែន ៨៤% ដែលសម្រេចបាន៕ ដោយ៖កន ចំណាន