សកម្មភាពស.ស.យ.កស្រុកពេជ្រាដា ចុះសួរសុខទុក្ខគ្រួសារកុមារីរងគ្រោះអាយុ ៧ឆ្នាំម្នាក់ ត្រូវជនល្មើសចាប់រំលោភសេពសន្ថវៈ

(មណ្ឌលគិរី)៖ ថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ឋយុវជនកម្ពុជាស្រុកពេជ្រាដា ដឹកនាំដោយលោក អ៊ាន ស៊ាងអន ប្រធាន សសយកស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៊ូស្រា បានចុះសួរសុខទុក្ខគ្រួសារកុមារីរងគ្រោះ អាយុ៧ឆ្នាំម្នាក់ ត្រូវជនល្មើសចាប់រំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចំការម្រេច ក្នុងភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបាននាំយកថវិកាចំនួន ៦៦០,០០០រៀល ជួយឧបត្ថម្ភដល់គ្រួសារកុមារីរងគ្រោះនោះ។

លោក អ៊ាន ស៊ាងអន ប្រធានស.ស.យ.កស្រុក បានបញ្ជាក់ថា ថវិកាទាំងនេះ បានមកពីចូលរួមឧបត្ថម្ភពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមការងារសមាជិក សមាជិកាសសយក និងសប្បុរសជន ហើយក្នុងនោះ លោក ឈឹម កាន ប្រធានសសយកខេត្ត ក៏បានជួយឧបត្ថម្ភថវិកាដល់គ្រួសារកុមារីរងគ្រោះដោយផ្ទាល់ចំនួន ២០០,០០០៛ផងដែរ៕