ស.ស.យ.កស្រុកអូររាំង ចុះសួរសុខទុក្ខប្អូនប្រុសពិការភ្នែកទាំងសងខាងម្នាក់ដែលមានជីវភាពក្រីក្រ

(មណ្ឌលគិរី)៖ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអូររាំង ដឹកនាំដោយលោក អ៉ិន កាំ ប្រធានប្រតិបត្តិស.ស.យ.កស្រុក   និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១០ម៉ឺនរៀល ផ្តល់ជូនប្អូនប្រុសដែលជាជនពិការភ្នែកទាំងសងខាងម្នាក់ឈ្មោះ ចេវ ត្រឺ រួមទាំងប្អូនប្រុសបង្កើត ដែលមានជីវភាពខ្វះខាតខ្លាំង រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

លោក អ៉ិន កាំ ប្រធានប្រតិបត្តិស.ស.យ.កស្រុក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានស.ស.យ.កខេត្ត ជូនចំពោះប្អូនប្រុសពិការភ្នែកទាំងសងខាង និងប្អូនប្រុសបង្កើតរបស់គាត់ ហើយក៏សូមឲ្យប្អូនប្រុសទាំងពីរ ត្រូវខិតខំប្រកបមុខរបបផ្សេងៗបន្ថែមទៀត ជាពិសេស ត្រូវរស់នៅឲ្យបានស្អាត ហូបស្អាត និងផឹកស្អាត។

លោក អ៉ិន កាំ ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ក៏ដូចជាសាងសង់ខ្ទមតូចមួយជូនដល់ប្អូនប្រុសទាំងពីរ ព្រោះសព្វថ្ងៃ ផ្ទះរបស់ពួកគាត់មានសភាពទ្រុឌទ្រោម ម្យ៉ាងទៀត ប្អូនប្រុសពិការភ្នែកទាំងសងខាង បានប្អូនប្រុសបង្កើតរបស់គាត់ ធ្វើការស៉ីឈ្មួលឲ្យក្រុមហ៊ុន ដើម្បីយកប្រាក់បន្តិចបន្តួច មកដោះស្រាយជីវភាព ហើយពេលខ្លះ បានអ្នកជិតខាង ជួយខ្លះដែរ តែមិនគ្រប់គ្រាន់តាមតម្រូវការនោះទេ៕