អ្នកវិភាគចៅចាក់ស្មុក៖ មេរដ្ឋប្រហារ និងអ្នករួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់  ក្បត់ព្រះរាជបល្ល័ង្គ ធ្វើវិទ្ធង្សប្រឆាំងកម្ពុជា នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ

(អន្តរជាតិ)៖ ភស្តុតាងកាន់តែបង្ហាញយ៉ាងច្បាស់បន្ថែមទៀតពីចេតនាទុច្ចរិតផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្បត់ព្រះរាជបល្ល័ង្គ ប្រមាថព្រះមហាក្សត្រ បំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនខ្មែររបស់សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួន ក្រោយពីសម រង្ស៊ី បានចេញមុខដោយចំហរប្រើនយោបាយហិង្សានិយម និងអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរងើបបះបោរ ធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាតាមរយៈផែនការបដិវត្តន៍ពណ៌ហិង្សាដែលជនក្បត់ជាតិរូបនេះបានរៀបចំតាំងពីយូរណាស់មកហើយ។ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយហៅផែនការនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សី ថាជា «ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ នឹងត្រូវផ្តន្ទាទោសតាមមាត្រា ៤៥១ និង ៤៥២ នៃក្រមព្រហ្មទណ្ឌ។ ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះក៏ត្រូវផ្តន្ទាទោសតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ»។ ជនក្បត់ជាតិទាំងនេះនឹងមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ទោះបីជាសម រង្ស៊ី និងក្រុមជនក្បត់ជាតិទាំងនេះបន្ត ផ្គើនម្តងហើយម្តងទៀត។ ពួកគេនឹងអស់លក្ខណ៍នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ខណៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋរបស់ខ្លួនបានប្រកាស ព្រមានជាច្រើនលើករួចមកហើយថា ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យជនក្បត់ជាតិបំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិឌ្ឍរបស់ជាតិនិងប្រជាជនបានឡើយ។

បច្ចុប្បន្ននេះ មេដឹកនាំប៉ុនប៉ងធ្វើរដ្ឋប្រហារបាននិងកំពុង ស្ថិតនៅលើទឹកដីបរទេសដើម្បីរៀបចំផែនការភេរវកម្ម និងស្វែងរកការគាំទ្រផ្នែកសន្តិសុខ និងហិរញ្ញវត្ថុសម្រាប់ក្រុមក្បត់ជាតិរបស់ខ្លួន។ ជាបន្តបន្ទាប់ ជនក្បត់ជាតិមេរដ្ឋប្រហារ សម រង្ស៊ី បានបើកសមរភូមិហិង្សាពាក្យសម្តី វាយប្រហារ ញុះញង់ បំផុសបំផុល បញ្ឆេះកំហឹង រើសអើងប្រឆាំងជាតិសាសន៍ បោកប្រាស់ដើម្បីអូសទាញប្រជាពលរដ្ឋ និងបំបែកបំបាក់ជាតិ តាមរយៈការញុះញង់បំបែកបំបាក់កងកម្លាំងប្រដាប់អាវុធ ដែលមានតួនាទីការពារជាតិ និងប្រជាជនកម្ពុជា។ សម រង្ស៊ី ក៏បានប្រមាថយ៉ាងគឃ្លើនចំពោះអង្គព្រះមហាក្សត្រដោយហៅព្រះមហាក្សត្រថា «វា» និងថា «ព្រះមហាក្សត្រខ្មែរសព្វថ្ងៃអត់បានការ អត់ប្រយោជន៍ ខ្ញុំមិនចាប់អារម្មណ៍ ខ្ញុំមិនគោរពព្រះមហាក្សត្រសព្វថ្ងៃ»។ ចោរពានវាំង សម រង្ស៊ី ក៏បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «បើមហាក្សត្រសព្វថ្ងៃមិនអាចជួយរាស្ត្រទេ គួរតែដាក់រាជ្យទៅ»។ នេះគឺជាការប្រមាថព្រះចេស្តាព្រះមហាក្សត្រដ៏ធ្ងន់ធ្ងរបំផុត បំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការប្រកាសដោយចំហរក្បត់ព្រះរាជបល្ល័ង្គ ប្រឆាំងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆាំងព្រះមហាក្សត្រដែលរាជរដ្ឋាភិបាល កម្ពុជា និងប្រជាពលរដ្ឋខ្មែរតាមរយៈសម្តេចតេជោ ហ៊ុន សែន បានស្បថចំពោះព្រះភ័ក្ត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា «សម្តេច រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាការពារដាច់ខាត របបរាជនិយម និងព្រះរាជបល្ល័ង្គ ព្រះមហាក្សត្រខ្មែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ប៉ះពាល់បានឡើយ»

អ្វីដែលជនក្បត់ជាតិនិងបរិវារ បាននិងកំពុងធ្វើជាការធ្វើរដ្ឋប្រហារ ហើយភស្តុតាងនេះមិនអាចប្រកែកបានឡើយ។ ក្រុមសម រង្ស៊ី និយមដែលមាន អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ា ម៉ែន សុខេមរិន្ទ្រ ហូរ វ៉ាន់ នុត រំដួល ឡុង រី អ៊ូ ច័ន្ទរ័ត្ន អ៊ុង រិទ្ធី សង្ឃទ្រុស្តសីល ប៊ុត ប៊ុនតិញ ជាដើមក៏ស្ថិតនៅក្នុងចង្កោមថ្នាក់ដឹកនាំរដ្ឋប្រហារនេះ ដែលដើរតួនាទីយ៉ាងសកម្មនៅក្នុងការរៀបចំរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ផ្តួលរំលំព្រះរាជបល្ល័ង្គក្រោមរូបភាពនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិតសម រង្ស៊ី ដែលជាដំណក់ឈាមក្បត់ជាតិតពីឪដល់កូនរបស់ សម សារី។ សម សារី ដែលត្រូវបានប្រវត្តិសាស្ត្រចារទុកថាជាជនក្បត់ជាតិ បានឃុបឃិត និងជាឧបករណ៍នយោ បាយដែលទីភ្នាក់សម្ងាត់ CIA របស់សហរដ្ឋអាមេរិកបានប្រើប្រាស់នៅក្នុងការប៉ុនប៉ងផ្តួលរំលំព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុនៅទសវត្សរ៍ឆ្នាំ ១៩៦០។ ឥឡូវនេះ សម រង្ស៊ី ជាកូនក៏នឹងត្រូវបានប្រវត្តិសាស្ត្រ ចារថាជាជនក្បត់ជាតិឃុបឃិតជាមួយបរទេស បម្រើផលប្រយោជន៍បរទេស ធ្វើនយោបាយប្រឆាំងនឹងជនជាតិខ្មែរដូចខ្មោចឪដែរ។ សម រង្ស៊ី ក៏ត្រូវបានគេ ជឿថាបានលក់ក្បាលបម្រើជនបរទេស ហើយទណ្ឌិតរូបនេះបានប្រកាសយ៉ាងមោទនភាពថា ខ្លួនមិនដែលប្រើប្រាស់លិខិតឆ្ងងដែនខ្មែរដើម្បីធ្វើដំណើរឡើយរាប់ទាំងការធ្វើដំណើរមកកម្ពុជា។ សម រង្ស៊ី អួតអាងថា ជាអ្នកស្រឡាញ់ជាតិនិងប្រជាជនកម្ពុជា ប៉ុន្តែធាតុពិត មិនដូច្នេះឡើយ។ សម រង្ស៊ី បានប្រមាថខ្មែរ ប្រមាថព្រះមហាក្សត្រខ្មែរដែលជានិមិត្តរូបជាតិខ្មែរ។ សម រង្ស៊ី ជាអ្នកប្រឆាំងនឹងរាជបល្ល័ង្គ ហើយចង់មកដឹកនាំ ប្រទេសកម្ពុជាដែលប្រកាន់របបរាជានិយម ដឹកនាំប្រជាជនដែលមានប្រវត្តិយូរលង់ផ្សាភ្ជាប់នឹងរបបរាជានិយម តើ សម រង្ស៊ី ជានរណាឱ្យពិតប្រាកដ? ច្បាស់ណាស់ សម រង្ស៊ី គឺជាអ្នកសាធារណរដ្ឋនិយម មិនចង់ឱ្យមានរបបរាជានិយមឡើយ។ ហេតុដូច្នេះបានជានយោបាយសម រង្ស៊ី គឺធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល បំបាត់របបដឹកនាំពីរបបរាជានិយមមកសាធារណរដ្ឋនិយមវិញ។ ផែនការរដ្ឋប្រហារនេះ បាននិងកំពុងអនុវត្តយ៉ាងសកម្មដោយក្រុមក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី។

ចំណែកសកម្មជននៃខ្មោចបក្សសង្គ្រោះជាតិមួយចំនួនដើរតាម សម រង្ស៊ី ប្រធានស្តីទីខ្មោចបក្សនេះដែលបាន មកពីការធ្វើបក្សប្រហារដណ្តើមកេរតំណែលពីជន សង្ស័យ កឹម សុខា ក៏ត្រូវបានចាត់ទុកថាជាមុខសញ្ញានៃអ្នករួមគំនិតក្បត់ជាតិ បំផ្លិចបំផ្លាញជាតិផងដែរដែលត្រូវប្រឈមមុខច្បាប់។ ផែនការរដ្ឋប្រហារនេះ បានរៀបចំជាយូរមកហើយ ប៉ុន្តែការអនុវត្តសកម្មចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ នៅពេលដែលសកម្មជនសម រង្ស៊ី និយមមួយចំនួនបានទៅទទួលផែន ការដោយផ្ទាល់ពីមេដឹកនាំរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង នៅប្រទេសម៉ាឡេស៊ី។ យោងតាម ប្រភពពីសកម្មជនមួយចំនួនដែលបានទៅទទួលបញ្ជា ដោយផ្ទាល់ពី សម រង្ស៊ី អះអាងបញ្ជាក់ថា សម រង្ស៊ី បានណែនាំឱ្យមានការរៀបចំកម្លាំងដើម្បីស្ម័គ្រស្លាប់ ជំនួសខ្លួនដោយត្រៀមផ្តល់ប្រាក់ម្នាក់ ១០០ ដុល្លារ ព្រមទាំងបង្កើតបណ្តាញនៅតាមភូមិឃុំនានាដើម្បីត្រៀមមកទទួល សម រង្ស៊ី នៅពេលមកដល់កម្ពុជា វិញ។ ផែនការពួកគេពិតជាលម្អិត ហើយមានភាព ប្រទាក់ក្រឡាគ្នាព្រោះជាផែនការវិលត្រឡប់មកវិញមិនមែនដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែជាផែនការផ្តួលរំលំរបបដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន។ ពួកគេបានធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាពីគ្រប់ទីកន្លែង ជាពិសេសសម រង្ស៊ី និងក្រុមជនក្បត់ជាតិរបស់ខ្លួនបាន បោកបញ្ឆោតយុវជនជាពលករដែលកំពុងបម្រើការងារ រកប្រាក់ចិញ្ចឹមខ្លួន និងក្រុមគ្រួសារនៅប្រទេសជប៉ន កូរ៉េខាងត្បូង និងនៅប្រទេសថៃឱ្យបរិច្ចាកប្រាក់ឱ្យក្រុមខ្លួន និងបោកប្រាស់ពួកគេឱ្យចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ ដែលនឹងបង្កផលប៉ះពាល់ដល់ពលករទាំងនោះទាំងផ្នែកផ្លូវច្បាប់ក្នុងនាមជាអ្នករួមគំនិតក្បត់ ហើយនឹងការប្រឈមនឹងការលំបាកក្នុងជីវភាពគ្រួសារដោយសារតែប្រភពចំណូលត្រូវបានកាត់ផតាច់ដោយសារតែពួកគេប្រឈមនឹងច្បាប់។ លទ្ធផលជាក់ស្តែង អ្នករួមគំនិតក្បត់ក្នុងផែនការរដ្ឋប្រហាររបស់ ក្រុមជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនិងបានធ្វើការចោទប្រកាន់ជាផ្លូវការ និងឃុំខ្លួន ដាក់ពន្ធនាគាររង់ចាំការជំនុំជម្រះក្តី។ សម រង្ស៊ី នៅរត់ គេចខ្លួននៅក្រៅប្រទេស ហើយអ្នកដែលត្រូវប្រឈមមុខច្បាប់ជំនួសខ្លួន គឺសកម្មជនដែលលង់ក្នុងឧបាយកលទុច្ចរិត វិទ្ធង្សនាប្រឆាមងនឹងសន្តិភាពជាតិ និងសន្តិសុខរបស់រដ្ឋ។

ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញឱ្យមតិសាធារណជាតិ និងអន្តរជាតិ បានដឹងពីផែនការរដ្ឋប្រហាររបស់ សម រង្ស៊ី និងបក្ខពួកទាំងក្នុងនិងក្រៅប្រទេសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្បត់ព្រះរាជបល្ល័ង្គ បំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនខ្មែរ។ សេចក្តីប្រកាស ព័ត៌មាននោះបានសង្កត់ធ្ងន់ថា៖

ទី១៖  ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាគឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ទី២៖  ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី «បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួម  ក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី៣៖  ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦  ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំងនឹងសាលដីការបស់តុលាការកំពូលផងខុសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។

ទី៤៖ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។

ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម  និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ ក្រសួងយុត្តិធម៌ ក៏អំពាវនាវជូនដល់ជនរួមជាតិ កុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩