ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជនខិលខូចបានទន្ទ្រានកាន់កាប់ខុសច្បាប់ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយបានយកទៅរៀបចំជាដីឡូតិ៍លក់

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកនេះ មានជនខិលខូចបានទន្ទ្រានកាន់កាប់ខុសច្បាប់ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយបានយកទៅរៀបចំជាដីឡូតិ៍លក់។

ដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩.៦០០ ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុងតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើបា្រស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាតឱ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕