លិខិត​មិត្ត​អ្នកអាន​៖ “​សម រង្ស៊ី ស្រាយគំនុំ​គ្រួសារ នៅ​ចុងបញ្ចប់​នៃ ជីវិត​នយោបាយ​របស់​ខ្លួន​! “

(ភ្នំពេញ)៖ ​អំណឹះតទៅ គេ​លែងមាន​ការសង្ស័យ​ទៀត ហើយ​ចំពោះ​លោក សម រង្ស៊ី ពីព្រោះ​គាត់​កំពុង​តាំងខ្លួន​យ៉ាង​ចំហរ​ក្នុងការ​ប្រមាថ​ដល់​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​ទោះបីជា​ព្រះអង្គ​ត្រូវបាន​ការពារ​យ៉ាងរឹងមាំ​ដោយ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​ក៏ដោយ​។​​ទាំង​ពាក្យសម្តី​និង​ទាំង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម រង្សី​មិន​ញញើត​កោតក្រែង​អ្វី​ឡើយ​ក្នុងការ​វាយប្រហារ​ត្រង់ៗ​ទៅលើ​ព្រះករុណា​ជា​អម្ចាស់​ដែល​ជាទីគោរព​សក្ការៈរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះឡើយ​។​

​សម រង្ស៊ី បាន​ទាញ​ព្រះមហាក្សត្រ​ភ្ជាប់​ទៅ​រឿង​នយោបាយ​ដើម្បី​ធ្វើជា​កម្មវត្ថុ​នៃ​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​ព្រះអង្គ​។ សម រង្ស៊ី បាន​ត្មះ​តេះ​ដៀល​ព្រះមហាក្សត្រ ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ថា​ជា​ព្រះមហា​ក្រ​ត្រ​មិនគួរ​ជាទីគោរព​ស្រឡាញ់​ដោយសារតែ​ព្រះអង្គ​មិនបាន​អន្តរាគមន៍​ជួយ​ដល់​ខ្លួន និង​គូកន​របស់ខ្លួន នៅពេល​កំពុង​ជាប់ផុង​កាន់តែ​ជ្រៅ​ទៅៗ​ដោយសារតែ​ខ្លួនឯង​ជា​អ្នក​សាង​កំហុស​។ សម រង្ស៊ី បាន​លើក​ករណី​ដែល​ព្រះ មហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​ការដែល​ព្រះអង្គ​យាង​ធ្វើជា​ព្រះរាជអធិបតី​ក្នុង​ការបើក​សម័យប្រជុំ​រដ្ឋសភា​ថា ជាការ​បិទ​ព្រះ​នេត្រ មិន​ខ្វល់ខ្វាយ​អំពី​សុខទុក្ខ​របស់​រាស្ត្រ​។ សម រង្ស៊ី បាន​លើកយក​ព្រះ​ហ​ស្ថ​លេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​នានា​របស់​ព្រះមហាក្សត្រ​ថា ជាការ​ចាំតែ​ប្រថាប់ត្រា​។ សម រង្ស៊ី បាន​ហៅ​ច្បាប់​ទាំងឡាយ​ដែល​រដ្ឋសភា​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ថា​ជា​ច្បាប់​ដ៏​ឃោរឃៅ​?
​ហេតុអ្វី​បានជា សម រង្ស៊ី អាច​និយាយ​ពាក្យ​ទាំងនេះ​ចេញមក​រួច​? ហើយ​តើ​ហេតុអ្វី​បានជា​សម រង្ស៊ី ភ្ជាប់​ព្រះ​ហា​ក្សត្រ​ទៅនឹង​រឿង​នយោបាយ​ដើម្បី​មាន​លេស​វាយប្រហារ​ទៅលើ​ព្រះអង្គ​យ៉ាង​ឃោរឃៅ​បែបនេះ​? គោលបំណង​តែមួយគត់​របស់ សម រង្ស៊ី គឺ​ការ​ស្រាយគំនុំ​គ្រួសារ​ជាមួយ​អង្គ​ព្រះ មហាក្សត្រ​នេះឯង​។

​ដើម្បី​យល់​ពី​បញ្ហា​នេះ យើង​អាច​ពិចារណា​ហេតុផល​ដូចតទៅ​៖

​ទី​១៖ សម រង្ស៊ី មិនមែន​មិន ដឹង​ទេ​ថា រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស មាត្រា ៧ ចែងថា ព្រះ មហាក្សត្រ​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ព្រះអង្គ​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ​ជា​បុគ្គល​ដែល​គ្មាន​នរណា​រំលោភបំពាន​បានឡើយ​។ រដ្ឋធម្មនុញ្ញ​នេះ​ក៏មាន​ចំណែក​លោក សម រង្ស៊ី ខ្លួនឯង​ជា​អ្នក​លើកដៃ​គាំទ្រ​ផងដែរ​។ សម រង្ស៊ី ក៏​ដឹង​ដែរ​ថា ព្រះ មហាក្សត្រ​មិន​ធ្វើ​នយោបាយ និង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។ ប៉ុន្តែ សម រង្ស៊ី នៅតែ​ទាញ​ព្រះអង្គ​ឲ្យ​មក​ពាក់ព័ន្ធ​រឿង​នយោបាយ​។​

​ទី​២៖ សម រង្ស៊ី បាន​ទម្លាក់កំហុស​នយោបាយ​ទាំងអស់​ទៅលើ​ព្រះ មហាក្សត្រ​ថា​មិនបាន​ដោះស្រាយ​។ ប៉ុន្តែ សម រង្ស៊ី មានបាន​ចោទសួរ​ខ្លួនឯង​ទេ​ថា បញ្ហានយោបាយ​ទាំងអស់នោះ អ្នកណា​ជា​អ្នក​បង្កើតឡើង​? គឺ​គ្មាន​អ្នកណា​ក្រៅពី សម រង្ស៊ី ខ្លួនឯង​ឡើយ​។ តើ​មាន​រឿងរ៉ាវ​ប៉ុន្មាន​ដែល​សម រង្ស៊ី បាន​បង្កើតឡើង​ក្នុង​មួយ​អាណត្តិៗ​រាប់​តាំង​ពីមុន​បោះឆ្នោត ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​? តើ​រឿង​ទាំងនោះ​អ្នកណា​មាន លទ្ធភាព​ដោះស្រាយបាន​? គឺ​គ្មាន​ទាល់តែសោះ​ពីព្រោះ​អ្វីដែល សម រង្ស៊ី ចង់បាន​គឺ​ខ្លួន​ឈ្នះឆ្នោត​ឡើងកាន់​អំណាច​។ សូម្បី​ខ្លួន​មិនដែល​ឈ្នះឆ្នោត​សោះ​ក៏ សម រង្ស៊ី ទាមទារ​ថា​ខ្លួន​ឈ្នះ​ដែរ​។ តើ​ព្រះមហាក្សត្រ ឬ​អ្នកណា​ដែល​អាច​កាត់ក្តី​ឲ្យ សម រង្ស៊ី ឈ្នះ​ខណៈដែល​ខ្លួន​ចាញ់ឆ្នោត​រាល់​លើក​ដូច្នេះ​?

​ទី​៣៖ សម រង្ស៊ី បាន​យក​ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ​មក​ប្រៀបធៀប​ដើម្បី​វាយប្រហារ បន្តុះបង្អាប់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​។ ប៉ុន្តែ សម រង្ស៊ី ប្រហែល​ភ្លេច​ហើយ​ថា សូម្បីតែ​ព្រះ​បរម​រតនៈ​កោដ្ឋ ក៏​ព្រះអង្គ​មិនអាច​ដោះស្រាយ​បញ្ហា​ជូ​យ សម រង្ស៊ី បានដែរ​ពីព្រោះ​ព្រះអង្គ​មិនអាច​កាន់ ជើង​សម រង្ស៊ី ហើយ​ផ្តល់​ភាពត្រឹមត្រូវ​អោយ សម រង្ស៊ី បាន ទេ​បើ​សម រង្ស៊ី​ខ្លួនឯង​ចង់បាន​អ្វីដែល​ខ្លួន​មិន​ត្រូវបាន​នោះ​? សម រង្ស៊ី មាននៅ​ចាំ​ទេ កាលពី​ថ្ងៃ 5 ធ្នូ 2003 ព្រះ​បរម​រតនៈ​កោដ្ឋ​ធ្លាប់បាន​សម្រេច​នយោបាយ​ផ្សះផ្សារ​ជាតិ​តែ​សម រង្ស៊ី មិន​ទទួល យក​ហើយ​ថែមទាំង​ធ្លាប់បាន​វាយប្រហារ​ទៅលើ​ព្រះ​បរម​រតនៈ​កោដ្ឋ​ទៀតផង​។ ដោយសារតែ​សម រង្ស៊ី មិន​ទទួលយក​ដំណោះស្រាយ​តាម​ព្រះរាជតម្រិះ​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ​ហើយ​ទើប​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​ប្រតិបត្តិការ 18 ម៉ោង​ដើម្បី​ចងសម្ព័ន្ធភាព​តែ​ជាមួយ សម្តេចក្រុមព្រះ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ដោយ​គ្មាន​សម រង្ស៊ី​។ ព្រឹត្តិការណ៍​នោះបាន​ធ្វើ​ឲ្យ​សម រង្ស៊ី រឹតតែ​ចុក​ឈាម​ហើយ​រឹតតែ​ចងគំនុំ​ជាមួយ​លោក ហ៊ុន សែន និង​ព្រះ​រាជវង្ស​កាន់តែខ្លាំង​។​​ដូច្នេះ ទោះជា​មាន​ព្រះ​បរម​រតនៈ​កោដ្ឋ 10 អង្គ​ក៏​ដោះស្រាយ​រឿង​សម រង្ស៊ី មិន​ឈ្នះ​ដែរ​។​

​ទី​៤៖ ពេល​ខ្លួន​បង្កបញ្ហា​ម្តងៗ សម រង្ស៊ី មិនដែល​នឹកឃើញ​ស្វែងរក​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ភ្លាមៗ​ទេ ហើយ​សម រង្ស៊ី ក៏​មិនដែល​ឲ្យ​តម្លៃ​លើ​ការជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ដែរ​។ ជាបឋម សម រង្ស៊ី តែង​នឹក​ឃើញតែ​ម្យ៉ាង​គត់​គឺ​ការរត់​ទៅ​ពឹងពាក់​បរទេស​ឲ្យ​ជួយ​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​បក្ស​កាន់ អំណាច​ពឹង​បរទេស​ឲ្យ​កាត់​ជំនួយ កុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា ។​ល​។ និង​។​ល​។ សម រង្ស៊ី តែង​អួត​ក្អេងក្អាង​អំពី​មហាអំណាច​ដែល​នៅ​ពី​ក្រោយខ្នង ហើយ​តែង​រំពឹងថា ពួកគេ​អាចជួយ​ខ្លួន​បាន​។ ទាល់តែ​បរទេស​ជួយ​មិនបាន អស់​ក្រឡា​ដើរ ហក់​លែងរួច និង​ពេល​ទឹក​ហៀ​ប​ចូល​ច្រមុះ ទើប​សម រង្ស៊ី ងាក​មករក​សុំ​ចរចា​ជាមួយ​បក្ស​កាន់អំណាច ឬក៏​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​។ ក្នុងស្ថានភាព​នេះ តើ​អ្នកណា​អាចជួយ សម រង្ស៊ី បាន​?
​សរុបទៅ ការដែល​សម រង្ស៊ី ទាញ​ព្រះមហាក្សត្រ​ឲ្យ​ជាប់ ពាក់ព័ន្ធ​នឹង​នយោបាយ​គឺជា​ចេតនា​របស់​សម រង្ស៊ី ក្នុងការ បង្កើត​លេស​ដើម្បី​វាយប្រហារ​ទៅលើ​ព្រះអង្គ​។ គោលដៅ​ពិតប្រាកដ​របស់ សម រង្ស៊ី គឺ​ការ​ស្រាយគំនុំ​សងសឹក​ជំនួស​ឪពុក​ដែល​ត្រូវបាន​ព្រះ​បរម​រតនៈ​កោដ្ឋ​ពេលនោះ​ចោទថា​ជា​«​ជន​ក្បត់ជាតិ​»​។ គំនុំ​គ្រួ​សារបាន​ឆេះ​ងំ​ក្នុង​ខ្លួន សម រង្ស៊ី រហូត​ដោយ​គ្មាន​ថ្ងៃ​ស្រាក​ស្រា​ន​ឡើយ​។

​តាមពិត សម រង្ស៊ី ជា​អ្នក ប្រឆាំង​រាជានិយម​តាំងពី​ដំបូង​មកម្ល៉េះ ហើយ​គោលដៅ​របស់ សម រង្ស៊ី គឺ​ចង់​ស្រាយគំនុំ​នេះ​ជាមួយ​ព្រះ​បរម​រតនៈ​កោដ្ឋ​ដោយផ្ទាល់​តែម្តង​។ កាលណោះ សម រង្ស៊ី ធ្វើជា​គោរព​ព្រះ​បរម​រតនៈ​កោដ្ឋ​តែ​នៅ​ចំពោះមុខ​ព្រះអង្គ​តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពីក្រោយ​វិញ សម រង្ស៊ី មិនដែល​គោរព និង​ឲ្យ​តម្លៃ​ព្រះអង្គ​ឡើយ​។

​ជា​អ​កុល​ស សម រង្ស៊ី គ្មាន​ឱកាស​បាន​ស្រាយគំនុំ​ជាមួយ​ព្រះ​នប​រម​រតនៈ​កោដ្ឋ​ឡើយ​រហូតដល់​ព្រះអង្គ​ចូល​សោយ​ទីវ​ង្គ​ត​។ សម រង្ស៊ី ពិតជា​សោកស្តាយ​ខ្លាំងណាស់​ដែល​មិនបាន​ចេញមុខ​វាយប្រហារ តិះដៀល​ព្រះបាទ​នរោត្តម សីហនុ បាន​ពេល​ព្រះអង្គ​នៅមាន​ព្រះជន្ម​ពីព្រោះ សម រង្ស៊ី មិន​ហ៊ាន​ព្រោះ​ដឹងថា ព្រះ​បរម​រតនៈ​កោដ្ឋ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​។ បើ សម រង្ស៊ី ហ៊ាន​ប៉ះ​ព្រះ​អង្គជា​ចំហរ ច្បាស់​ជា​ចប់​ហើយ​ជីវិត​នយោបាយ​របស់គាត់​តាំងពី​ពេលនោះ​ម្ល៉េះ​។

​ឥឡូវនេះ សម រង្ស៊ី ដល់​ពេលដែល​ត្រូវ​ស្រាយគំនុំ​របស់ខ្លួន​ហើយពី​ព្រោះ​ជន​ក្បត់​រាជ ប​ល្ល័​ង្គ​រូបនេះ​យល់ច្បាស់​ពេក​ថា ជីវិត​នយោបាយ​របស់​ខ្លួន​ពិតជា​បាន​ដល់ទី​បញ្ចប់​ហើយ​។ ដូច្នេះ សម រង្ស៊ី ក៏​ឆ្លៀតឱកាស​ដែល​ខ្លួន​កំពុងទឹក​ចូល​ច្រុ​មុះ​ក៏​ចេញ​មុខជា​​ចំហ​ត្រដរខ្យល់​វាយប្រហារ​ទៅលើ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី តែម្តងទៅ​ដើម្បី​បាន​ស្រាយគំនុំ​គ្រួសារ​ផង និង​ក្រែងលោ​ប្រមូលបាន​ការគាំទ្រ​ពី​​ក្រុម​ដែល​មិន​ពេញ​ចិត្តនឹង​ព្រះមហាក្សត្រ​បាន​ខ្លះ​ផង​។ នេះ​គឺជា​អ្វីដែល សម រង្ស៊ី រំពឹងថា​ជា​យុទ្ធសាស្ត្រ​«​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​»​។ ប៉ុន្តែ ជា​អកុសល គ្រាប់​ព្រួញ​ចុង ក្រោយ​របស់ សម រង្ស៊ី​នេះ ជា​ព្រួញ​ដែល​អស់ខ្យល់​ផង​និង​បញ្ច្រាសទិស​ខ្យល់​ផង​ដែល​មិន​អាចអោយ​ខ្លូន​សំរេច​គោលដៅ​បាន​។​

​ពិតណាស់ថា ការប្រកាស​ធ្វើ សង្គ្រាម​ជាមួយ​អង្គ​ព្រះ មហាក្សត្រ​នៅពេលនេះ​បានធ្វើ​ឲ្យ​សម រង្ស៊ី បាក់មុខ​មាត់ អស់​តម្លៃ​និង​បាត់បង់​ការគាំទ្រ​កាន់តែខ្លាំង​ទៅៗ​។ ជាក់ស្តែង​សូម្បីតែ​អ្នកវិភាគ​មួយចំនួន​ដែល​ពីមុន​ធ្លាប់​កាន់ជើង​សម រង្ស៊ី ក៏​ពេលនេះ​ពួកគេ​យល់ថា ទង្វើ​របស់​សម រង្ស៊ី គឺជា​ចរិត​ព្រហើនកោងកាច​យ៉ាងខ្លាំង​ដែល​មិន​សមជា​អ្នក នយោបាយ​ទាល់តែសោះ​គួប​ផ្សុំ​នឹង​ការ​ថ្កោលទោស​ក៏​ឃើញ​មាន​ចេញពី​គ្រប់​មជ្ឈដ្ឋាន​និង​គ្រប់​ស្រទាប់សង្គម​ទាំង​ក្នុង​និង​ក្រៅប្រទេស​។
​លើសពីនេះ សម រង្ស៊ី ក៍បាន​បង្កើត​កំហុស​ឲ្យ​ខ្លួនឯង​ដល់ កម្រិត​អតិបរមា​ហើយ​នៅពេលនេះ ពោលគឺ​ទោស​ពានវាំង​តែម្តង​។ មិន​ត្រឹមតែ​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ សម រង្ស៊ី បាន​បើក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជា​
​ទីលាន​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ព្រៃផ្សៃ​បំផុត​។ អំពើ​នេះ​បាន​បកអាក្រាត​សារជាតិ​ក្បត់​រាជបល្ល័ង្គ​របស់​ស​ម រង្ស៊ី ឲ្យ​សាធារណៈជន​ទូទៅ​បានដឹង​ជា​សាធារណៈ​តែម្តង​។​

​បើ​និយាយ​ពី​ជំនឿ​វិញ ពេលនេះ សម រង្ស៊ី ដល់​ពេលដែល​ត្រូវ ទទួល​កម្ម​ពៀរ​ហើយ​។ អំពើ​​អាក្រក់​ដែល​ជននេះ​បាន​សាង​ចំពោះ​ជាតិ ចំពោះ​ប្រជាជន និង​ចំពោះ​ព្រះមហាក្សត្រ​ទាំង​ប៉ុន្មាន កំពុង​វិល​មក​សង្កត់​ក​សម រង្ស៊ី ឲ្យ​វិលក្បុង វង្វេង គិត​អ្វី​មិនឃើញ​​ក្រៅពី​ការប្រព្រឹត្ត​អំពើអាក្រក់​ជួរជាតិ​រហូតដល់​ហ៊ាន​ប្រឆាំងនឹង​ព្រះមហាក្សត្រ​ជា​ចំហរ​។ បើ​និយាយ​តាមបែប​រឿងល្ខោន​វិញ នេះ​ជា​ឈុត​ចុងបញ្ចប់​ហើយ​ដែល​តួ​អាក្រក់​ត្រូវស្លាប់ ឬ​ជាប់ គុក ចំណែក​តួ​ល្អ​បានសម្រេច​តាម​បំណង​ដែល​ខ្លួន​ប៉ងប្រាថ្នា​។ និយាយ​តាមបែប​អក្សរសិល្ប៍​គឺ​សាច់រឿង​ត្រូវបាន​បញ្ចប់​ដោយ​សង្ឃឹម​។ តួ​អាក្រក់​កំពុង​
​ស្លឈាម​សូម្បី​គ្រូ​របស់ខ្លួន​ក៏ ហ៊ាន​ប្រមាថ​ដែរ​។ ប៉ុន្តែ បន្ទាប់ពី​ឈុត​ចុងក្រោយ​នេះ​ទៅ វាំងនន​ជីវិត​នយោបាយ​បៀម​ដោយ​គំនុំ​គ្រួសារ​របស់ សម រង្ស៊ី ក៌​ត្រូវ​បិទ​តែ​ត្រឹមនេះ​ជា​ស្ថាពរ​ទៅតាម​ជោគ​ជាតា​កម្ម​ដែល​គាត់​បាន​សាង​៕

​ដោយ​: អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​