លិខិត​មិត្ត​អ្នកអាន​៖ ” ឯណា​ទៅ​សុ​ច្ចរិតភាព របស់​អង្គការ​សង្គម​ស៊ីវិល​? “

(ភ្នំពេញ)៖ ​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​បាន​តាមដាន​ការឆ្លើយ​ឆ្លង​គ្នា​រវាង​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជាពិសេស​គឺ​អង្គការ​លីកាដូ – អង្គការ​ធាងត្នោត និង​អង្គការ​តម្លាភាព​កម្ពុជា​របស់លោក​ព្រាប កុល​។ ហើយ​អ្វី​ដែលជា​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នៅត្រង់ថា មេ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះបាន​បដិសេធ​មិន​ចូលរួម​កិច្ចពិភាក្សា​ជាមួយ​តំណាង​រដ្ឋាភិបាល​ដើម្បី​ជជែក​អំពី​បញ្ហា​ចម្រូងចម្រាស់​ដែល ភាគី​ទាំង ពីរ​យល់​មិន​ស្របគ្នា​។

​តាមពិត កិច្ចពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក​ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ពិតប្រាកដ​រវាង​អង្គការ​សង្គម ស៊ីវិល​និង​អាជ្ញាធរ​រដ្ឋាភិបាល​គឺជា​រឿង​ល្អ​ណាស់ ហើយ​ជា​កិច្ច​ការដែល​ត្រូវធ្វើ​ជាប្រចាំ​។ កន្លងទៅ គេ​តែង​បានលឺ​អង្គការ​សង្គម​ស៊ីវិល​និយាយថា ពួកគេ​គឺជា​ដៃគូ​របស់រ​រដ្ឋាភិបាល ហើយ​ប្រាថ្នា​ចង់បាន​កិច្ចសហការ​ណ៍ របស់​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន តាម​ដែល​ដែល​អាច​ធ្វើបាន​។ គេ​ក៏​តែងតែ​បានលឺ​អង្គការ​សង្គម​ស៊ីវិល​ទន្ទិញ​រត់មាត់​អំពី​ការចង់បាន​តម្លាភាព សុ​ច្ចរិតភាព និង​គណនេយ្យភាព​។
​ប៉ុន្តែ អ្វីដែល​បានកើត​ឡើង​ចុងក្រោយ​នេះ​ហាក់​មិនបាន​ឆ្លុះ បញ្ចាំង​ពី​ពាក្យសម្តី​ដែល​ពួកគេ​តែងតែ​និយាយ​ចេញមក​ទាល់តែសោះ​។​

​នៅពេលដែល​ក្រសួងមហាផ្ទៃ​បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី បង្កើន​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏បាន បង្ហាញ​ចេតនា​ចង់​កសាង​ភាពជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល​ដែរ​។ នៅ​ក្នុងន័យនេះ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏បាន​កោះអញ្ជើញ​តំណាង​អង្គការ​សង្គម ស៊ីវិល​ចំនួន ៣ មាន​អង្គការ​លីកាដូ – អង្គការ​ធាងត្នោត និង​អង្គការ​តម្លាភាព​កម្ពុជា ដើម្បី​ប្រជុំពិភាក្សា​ចង្អៀត​ជាមួយគ្នា​នៅ​ថ្ងៃទី ១១ កញ្ញា​នេះ​។ គោលបំណង នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក​អំពី​បញ្ហា​មិន​ចុះសម្រុង​គ្នា​ជំវិញ​ការយល់ឃើញ របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង នោះ​ជាមួយ​រដ្ឋាភិបាល​។
​ខ្ញុំ​យល់ថា កិច្ចប្រជុំ​បែបនេះ​មាន​សារសំខាន់​ណាស់​ដើម្បី​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​យល់​ពីគ្នា​កាន់តែច្បាស់​ដែល​អាច​កាត់ បន្ថយ​បាន​នូវ​ភាព​ប្រទាំង​ប្រទើស​ដែល​កើតចេញពី​ការ យល់​មិន​ស្របគ្នា​អំពី​បញ្ហា​អ្វី មួយ​។

​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងបី​បាន បដិសេធ​មិន​ព្រម​ចូលរួម​ប្រជុំ​ឡើយ ដោយ​អ្នកខ្លះ​និយាយថា គ្មានអ្វី​ត្រូវ​បកស្រាយ​ទៀត​ទេ​, អ្នកខ្លះ​ថា នាំ​ឲ្យ​ខាត​ពេល និង​អ្នកខ្លះ​ទៀតថា ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស​។ ស្តាប់ៗ​ទៅ ទឡ្ហីករណ៍​របស់​តំណាង​សង្គម​ស៊ីវិល​ទាំងនោះ​គឺអាច​ឍ​គ្រាន់តែ​ជាការ​ដោះសារ​ដោយ​មិន​សម ហេតុ ផល​ទាល់តែសោះ​។ ហេតុអ្វី​បានជា​ខ្ញុំ​ថា​មិន​សម​ហេតុផល​? ពីព្រោះ​ការនិយាយ​ថា គ្មានអ្វី​ត្រូវ​បកស្រាយ​ទៀត​ទេពី​ព្រោះ​បាន​បកស្រាយ​រួចហើយ​គឺជា​ការនិយាយ​ដែល​មិន​ផ្តល់​តម្លៃ​ដល់​ការជជែក​ពិភាក្សាគ្នា​ទាល់តែសោះ​។ ជាធម្មតា កិច្ចការ​អ្វី​ក៏ដោយ​មិនអាច​និយាយ​តែមួយ​ដង​ហើយ​អាច​ដោះស្រាយបាន​នោះទេ​ពោលគឺ​ត្រូវការ​កិច្ចសហការ​ណ៍ ជជែក​ដេញដោល និង​បង្ហាញ​ទឡ្ហីករណ៍​ទៅវិញទៅមក​ច្រើនដង​ទើប​អាច​យល់​គ្នា​បាន​។ ដូច្នេះ បើ​ទើបតែ​ជួបគ្នា​មួយដង​ហើយ​ថា​គ្មានអ្វី​ត្រូវ​បកស្រាយ​ទៀត​ទេ​គឺជា​សម្តី​ដែល​មិន​ផ្តល់​តម្លៃ​ទាល់តែសោះ​ដល់​កិច្ចសន្ទនា​។

​ចំពោះ​ការ​និយាយថា កិច្ចប្រជុំ​នោះ​នាំ​ឲ្យ​ខាត​ពេល វារិត​តែ​ជា សម្តី​ដែល​គួរ​ឲ្យ​ហួសចិត្ត​ថែម ទៀត​។ តើ​ពេលវេលា​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​អី​ក៏មាន​តម្លៃ​ខ្លាំង​ម្ល៉េះ​រហូតដល់​សូម្បីតែ​ចំណាយ​ពីរ​បី​ម៉ោង​ដើម្បី​ជជែក​រឿង​
​សំខាន់​ជាមួយ​តំណាង​រដ្ឋាភិបាល​ក៏​ធ្វើ​មិន​បានដែរ​? ចំណែក​មេ​​អង្គ​ការដែល​អះអាងថា កំពុង​ជាប់​បេសកកម្ម​នៅក្រៅ​ប្រទេស​ហើយ​យក​លេស​មិន​ចូលរួម​កិច្ចប្រជុំ​នោះ យើង​អាច​ចោទ​សួរថា តើ​អង្គការ​មួយ​ទាំងមូល​មាន​មនុស្ស​តែ​ម្នាក់​ទេ​ឬ​? ហេតុអ្វី​មិន​ព្រម​ចាត់​តំណាង​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​? ឬមួយ​ក្រៅពី​មេ​ម្នាក់​គ្មាន​អ្នកណា​មាន​សិទ្ធិ​ធ្វើ​អ្វី​សោះ​? ចំណុច​ទាំងអស់​ដូច​បាន​លើក ឡើង​ខាងលើ​ពិតជា​អាច​បញ្ជាក់ បាន​ថា អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​គ្រាន់តែ​ដោះសារ​ដើម្បី​គេចវេស​ពី​ការចូលរួម​ប្រជុំ​ជា មួយ​តំណាង​រដ្ឋាភិបាល​តែ​​ប៉ុណ្ណោះ​។

​ពិត​ហើយ ខ្ញុំ​បាន​សង្កេតឃើញថា កន្លងទៅនេះ មាន​ចំណុច​ជា ច្រើន​ដែល​សង្គម​ស៊ីវិល មួយ ចំនួន​និង​រដ្ឋាភិបាល​យល់​មិន​ស្របគ្នា ជាពិសេស​នៅពេលដែល​សង្គម​ស៊ីវិល​ចេញ​របាយការណ៍​អ្វីមួយ តំណាង​រដ្ឋាភិបាល​តែង​បដិសេធថា​របាយការណ៍ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​ឡើយ​។ ចំណែកឯ​សង្គម​ស៊ីវិល មួយចំនួន​នោះ​វិញ​ក៏​ដូចគ្នា​ដែរ​ក៍​ចាំ​តែងតែ​បដិសេធ​ការលើក ឡើង​របស់​រដ្ឋាភិបាល​ថា​មិនបាន​ឆ្លុះបញ្ចាំង​ការពិត​។ នេះហើយ​ជា​សារៈសំខាន់​នៃ​ការជួប​​ពិភាក្សា​រវាង​សង្គម​ស៊ីវិល និង​តំណាង​រដ្ឋាភិបាល​ដើម្បី​បង្ហាញថា ហេតុអ្វី​បានជា​ពួកគេ​យល់​មិន​ស្របគ្នា​លើ​បញ្ហា​តែមួយ​? មានតែ​ការជួបគ្នា​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​ទេ​ដែលជា មធ្យោបាយ​មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាជាង​ការឆ្លង​ឆ្លើយ​គ្នា​តាម​​សារព័ត៌មាន ឬ​តាម​ហ្វេ​ស​ប៊ុ​ក​។ ដូច្នេះ តើ​ហេតុអ្វី​បានជា​សង្គម​ស៊ីវិល​ទាំងបី​បែរជា​បដិសេធ​មិន​ទទួល​យក​មធ្យោបាយ​នេះ​ទៅវិញ​? ពេលនេះ យើង​យល់ បាន​កាន់តែច្បាស់​ហើយ​ថា តើ អ្នកណា​ដែល​មិន​ចង់​​សហការ​ណ៍ ហើយ​ថា​តើ​អ្នកណា​ដែល​មិន​ចង់បាន​ភាពជា​ដៃគូ​?

​តាមពិតទៅ នេះ​មិនមែនជា​លើក ទី​១​ទេ​ដែល​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​ធ្វើ​ខុសពី​ពាក្យ​និយាយ​បែបនេះ​។ កន្លងទៅ មាន​បញ្ហា​ជាច្រើន​ធ្លាប់បាន​កើតមាន​រួច ទៅហើយ​។​ ​ជាក់ស្តែង ក្នុង​ទំនាស់​ដីធ្លី​ជាដើម ជាទូទៅ អង្គការ​សង្គម​ស៊ីវិល​ចូលចិត្ត​ធ្វើការ​ក្នុង​ទី​ងងឹត​ពោលគឺ ឈរ​ពីក្រោយ​ភាគី​ណាមួយ​នៃ​អ្នកមាន​បញ្ហា​ហើយ​និយាយ​កាន់ជើង​ភាគី​ម្ខាង​ដោយ​មិន​ខ្វល់​ពី ភាគី​ម្ខាង​ទៀត ឬ​មិន​ខ្វល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឡើយ​។ នៅពេល​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មការ ឬ​ក្នុង​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅលើ​តុ សង្គម​ស៊ីវិល​ទាំងនោះ​តែងតែ​គេចវេស​ក្រោមលេស នេះ ឬ​លេស​នោះ​តែ​រហូត​។ បញ្ហា​នៅត្រង់ថា បើ​ចូលក្នុង​ក្រុមការងារ ពួកគេ​នឹង​ឃើញ​ស​ខ្មៅ​ច្បាស់ៗ​ដែល​មិនអាច​ប្រកែក​បាន​ហើយ​ពេលនោះ​ពួកគេ​នឹង​អស់​ពាក្យ​និយាយ​ពីព្រោះ​សារជាតិ របស់​ពួកគេ​គឺ​ចូលចិត្ត​និយាយ​អ្វីដែល​មិន​ច្បាស់ ធ្វើ​ឲ្យ​មហាជន យល់ច្រឡំ​។ ម្យ៉ាង​វី​ញ​ទៀត សង្គម​ស៊ីវិល​ទាំងនោះ​មាន​ជំហរ លម្អៀង ! ដូច្នេះ អ្វី​ដែលមាន ប្រយោជន៍​ដល់​រដ្ឋាភិបាល ពួកគេ​មិន​ហ៊ាន​ទទួលស្គាល់​ការពិត​ឡើយ​។ និយាយ​ឲ្យ​ចំ​គឺ​អង្គការ​ទាំងនោះ​ធ្វើការ​ដោយមាន របៀបវារៈ​នយោបាយ​នៅ​ពី ក្រោយខ្នង​។

​ងាក​មក​និយាយ​ពី​អង្គការ​លីកាដូ និង​អង្គការ​ធាងត្នោត​វិញ ពួកគេ​ធ្វើ​របាយការណ៍​អំពី​កម្ចី​មីក្រូហិរញ្ញវត្ថុ​ដោយ​លើក​យកតែ​ករណី​ពលរដ្ឋ ២៨ នាក់មក​និយាយ​ក្នុងចំណោម​ពលរដ្ឋ​ជាង​មួយ​លាន​នាក់​ដែល​ប្រើ ប្រាស់​កម្ចី​មីក្រូហិរញ្ញវត្ថុ ហើយ សន្និដ្ឋានថា កម្ចី​មីក្រូហិរញ្ញវត្ថុ​បង្កើត​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​កម្ចី​អសីលធម៌​ទៀតផង​។ របាយការណ៍​នេះ​ត្រូវបាន​ក្រុមប្រឆាំង​យកទៅ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​លើ​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយករ​ដ្ធ​មន្ត្រី​ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ​។ សួរថា តើ​របាយការណ៍​បែបនេះ​មាន​វិជ្ជាជីវៈ​ឬទេ​? មាន​តុល្យភាព​ឬទេ​? ចុះ​អ្នកទទួលបាន​ប្រយោជន៍​ពី​មីក្រូហិរញ្ញវត្ថុ​រាប់លាន​នាក់​ទៀត​ម្តេចក៏​មិន​លើក​មក​និយាយ​ផង​? នេះ​ជា​ចំណុច​ដែល​បញ្ចាក់​ច្បាស់​ពី ចេតនា​មិន​ស្មោះត្រង់​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ហើយ​របាយការណ៍​បែបនេះ​មិនមែនជា​ការចូលរួម​ស្ថាបនា​អ្វី​ទេ តែ​អាចជា​របាយការណ៍​ដើម្បី​ដុត​បញ្ឆេះ​បញ្ហា​តាមរបៀប ដុត​អោយ​ខ្លោច រោច​អោយ​ឆៅ​។​

ចំណែកឯ​លោក ព្រាប កុល ដែល​និយាយថា ពលរដ្ឋ​ខ្មែរ មិន​ទទួលបាន​ផល​ពី​កំណើន​​សេដ្ឋកិច្ច​ទាល់តែសោះ​នោះ​ក៏​មិន​ឆ្លុះបញ្ចាំង​ការពិត​ដែរ​។ ​លោក​ព្រាប កុល ម្តេច​មិន​មើល​ផង​ថា ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស ទី រាប់ទាំង​អ្នក​នៅ​ជនបទ​ផង​មាន ការប្រែប្រួល​ជីវភាព​យ៉ាងណាខ្លះ​? គ្រួសារ​មួយ​មាន​ទូរស័ព្ទដៃ​ប៉ុន្មាន​គ្រឿង​? មាន​ម៉ូតូ មាន​ទូរទស្សន៍ មានផ្ទះ​ថ្មី​….​តើ​ទាំងអស់នេះ មិនមែន​បានមកពី​កត្តា សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ទេ​ឬ​?

និយាយ​ជារួម មាន​អង្គការ​សង្គម ស៊ីវិល​ច្រើនណាស់​ដែល​ធ្វើការ​ជា​ដៃគូ​ពិតប្រាកដ​ជាមួយ​រដ្ឋាភិបាល និង​បានផ្តល់​ប្រយោជន៍​ច្រើន​ដល់​សង្គម​។ ប៉ុន្តែ ខ្ញុំ​ក៏​កត់ សំគាល់​សង្កេតឃើញ​ផងដែរ​ថា មាន​អង្គការ​សង្គម​ស៊ីវិល​មួយ ចំនួន​នៅតែ​បន្តធ្វើ​ខ្លួន​ជា​គូបដិបក្ខ​ជាមួយ​រដ្ឋាភិបាល​ដោយ​មិន​ព្រម​បង្កើត​ភាពជា​ដៃគូ​ពិតប្រាកដ​ជាមួយគ្នា​នោះទេ​ហើយ​ទង្វើ​និង​ទស្ស​នះ​របស់​ពួកគេ​បែបនេះ​គឺ​ពិតជា​មិនអាច​ក្លាយជា​ដៃគូ និង​ក្លាយជា​តួអង្គ​បំពេញ​ចន្លោះប្រហោង​ដូច​ការអះអាង​របស់ខ្លួន​ឡើយ​។ ដូច្នេះ តើ​ឯណា​ទៅ​​តម្លាភាព​និង​សុច្ចរិត​ភាព​របស់ សង្គម​ស៊ីវិល​ទាំងនោះ​? ​ដោយ​: អតីត​បុគ្គលិក​អង្គការ មិនមែនរ​ដ្ធា​ភិ​បាល​
​ខេត្តបន្ទាយមានជ័យ​