អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺករណីឆេះសិប្បកម្មផលិតពូក

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែសីហា នេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកបំភ្លឺអំពីប្រតិបត្តិការក្នុងការពន្លត់និងសង្គ្រោះអគ្គិភ័យ កាលពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៣:២០នាទីរសៀល នៅអគារសិប្បកម្មផលិតពូក ស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានី។

លិខិតបំភ្លឺរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានខ្លឹមសារទាំងស្រុងដូចតទៅ:

១. ហេតុការណ៍អគ្គិភ័យឆេះអគារសិប្បកម្មផលិតពូក ត្រូវបានអន្តរាគមន៍សង្គ្រោះយ៉ាងសកម្មពីសំណាក់ នគរបាលពន្លត់អគ្គិភ័យ ដោយមានកិច្ចសហការគាំទ្រយ៉ាងសស្រាក់សស្រាំ ពីកងពលតូចលេខ៧០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រាបៀកម្ពុជា និងបុរីប៉េងហួត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥០គ្រឿង។

២.ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះអគារសិប្បកម្មខាងលើ អង្គភាពពន្លត់អគ្គិភ័យប្រឈមទៅនឹងកត្តាអវិជ្ជមាន ជាសត្យានុម័តចំនួន០៣ គឺ៖ ទី១៖ ភូមិសាស្រ្តស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គិភ័យបានទាន់ពេល, ទី២៖ ចំណុចចាប់ផ្តើមនៃអគ្គិភ័យ គឺស្ថិតនៅចំណុចកណ្តាល នៃអគារសិប្បកម្មដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ និងទី៣៖ សម្ភារដែលឆេះ សុទ្ធសឹងតែជាសារធាតុងាយឆេះមានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាស្ទីក កាវ សាំងក្រអូប ក្រណាត់ សំឡី គជាដើម។ តែទោះជាយ៉ាងនេះក្តី ក៏កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានទប់ស្កាត់មិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឡើយ។

៣. ហេតុផលខាងលើ បានបញ្ជាក់អំពីវិសាលភាព នៃអគ្គិភ័យនេះ ដែលមានឥទ្ធិពលពុំអាចគ្រប់គ្រងបាន បើទោះបីជាអង្គភាពពន្លត់អគ្គិភ័យប្រើប្រាស់ មធ្យោបាយយ៉ាងច្រើន និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តី។

ក្នុងនាមកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសុភវិនិច្ឆ័យ ផ្តល់យុត្តិធម៌ និងគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងពន្លត់អគ្គិភ័យ និងប្តេជ្ញាប្រែក្លាយការគាំទ្រលើកទឹកចិត្តរបស់ សម្តេចតេជោ ឲ្យទៅជាកម្លាំងមុតស្រួច ក្នុងការបន្តជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ប្រកបដោយភក្តីភាព។

ជាមួយគ្នានេះ ក្នុងនាមកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ សូមថ្លែងអំណរគុណដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ ដែលបានសហការក្នុងប្រតិបត្តិការសង្គ្រោះអគ្គិភ័យ ជាពិសេស ប្រជាពលរដ្ឋរស់នៅជុំទីតាំងកើតហេតុ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមត្ថកិច្ច៕​ ដោយ៖ ខៀវ យុទ្ធវង្ស