សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា ដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅតុលាការទីក្រុងប៉ារីស

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានដាក់ពាក្យបណ្តឹងជាផ្លូវការប្តឹងទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការ ទីក្រុងប៉ារីស ប្រទេសបារាំង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាក្រកម្ពុជា និង ឯកឧត្តម ឌី វិជ្ជា ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្តឹងដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី នាព្រឹកនេះ នៅទីក្រុងបារីស តាមរយៈមេធាវីរបស់សម្តេច (លោកមេធាវី BROSSELET, លោកមេធាវី DOYEZ និងលោកមេធាវី LEICK) ប្រឆាំងនឹង សមរង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល។

សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យប្តឹងបុគ្គល សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុង ទំព័រហ្វេសប៊ុករបស់ខ្លួន និងសំដីដែលបុគ្គលនេះបាន និយាយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកភាសាខ្មែរ (VOA) ដែលនៅក្នុងនោះបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់យ៉ាងឆ្កួតលីលា និងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន។ បុគ្គល សម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា៖ (១) សម្តេចតេជោ បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់ឯកឧត្តម ហុក ឡងឌី (២) សម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងចុងក្រោយ (៣) សម្តេចតេជោ បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់ឯកឧត្តម ហុក ឡងឌី ដោយកុហកថា ឧទ្ធម្ភាគចក្រដែលក្នុងនោះឯកឧត្តម ហុក ឡងឌី បានទទួលមរណភាព គឺត្រូវរន្ទៈបាញ់ ខណៈដែលបុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ។ ទាំងនេះជាការចោទប្រកាន់ បែបបរិហារកេរ្តិ៍ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រ ហ្វេសប៊ុករបស់បុគ្គល សម រង្ស៉ី។

តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា ករណីនេះគឺជាការរំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ។

ចំណែកការដាក់ពាក្យបណ្តឹងរបស់លោក ឌី វិជ្ជា កូនប្រុសនៃសពលោក ហុក ឡងឌី និងជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់តុលាការ ប្រទេសបារាំង ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានអះអាងចោទប្រកាន់លោក ឌី វិជ្ជា ដោយបំពាន និងខុសស្រឡះថា លោក ឌី វិជ្ជា បានជឿជាក់ថា ឪពុករបស់គាត់ត្រូវបាន សម្តេចតេជោ ហ៊ុន សែន សម្លាប់ ហើយបុគ្គល សម រង្ស៉ី អះអាងមួលបង្កាច់លោក ឌី វិជ្ជា មានចេតនា សងសឹក ចំពោះការសម្លាប់ឪពុករបស់ខ្លួន ហើយអះអាងទៀតថា លោក ឌី វិជ្ជា នឹងរៀបចំផែនការសងសឹក ដោយរួមដៃជាមួយមន្រ្តីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។

សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«ឯកឧត្តម ឌី វិជ្ជា បានប្តឹងបុគ្គល សម រង្សី ចំពោះសារមួយដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។ បុគ្គល សម រង្ស៊ី បានចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយបំពាននិងដោយខុសស្រឡះថា ឯកឧត្តម ឌី វិជ្ជា បានជឿជាក់ថាឪពុករបស់គាត់ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្លាប់។ បុគ្គលសម រង្សី បានអះអាងដោយមួលបង្កាច់ថា ឯកឧត្តម ឌី វិជ្ជា មានចេតនា «សងសឹក» ចំពោះការសម្លាប់ឪពុករបស់ខ្លួនហើយ ដើម្បីសម្រេចកិច្ចការនេះ ឯកឧត្តម ឌី វិជ្ជា ត្រូវរៀបចំផែនការសងសឹកនេះ ដោយរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។ ឯកឧត្តម ឌី វិជ្ជា មិនអាចទទួលយកការទម្លាក់កំហុស បែបបរិហារកេរ្តិ៍នេះបានទេ។ បើតាមការពិនិត្យទៅលើពាក្យពេជន៍ដែលបុគ្គលសម រង្សី បានប្រើ (ពាក្យ «សងសឹក» និង «ផែនការ») គឺជាការចោទប្រកាន់ថា ឯកឧត្តមពិតជាមានបំណងធ្វើសកម្មភាពដោយខុសច្បាប់ ដើម្បីសងសឹកចំពោះឧក្រិដ្ឋកម្មលើឪពុករបស់ខ្លួន។ ការនិយាយចោទប្រកាន់ដោយបុគ្គលសមរង្សីនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកិត្តិយសនិង កិត្តិស័ព្ទរបស់ឯកឧត្តម ឌី វិជ្ជា តម្រូវឲ្យឯកឧត្តម ដាក់ពាក្យបណ្តឹងទៅតុលាការ»។

ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី បង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី នេះដែរ, កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង ចំនួន៣រូប បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការទណ្ឌិត សម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺ ចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ ទណ្ឌិត សម រង្ស៉ី។

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់សម្តេចក្នុង១ឆាកជីវិតនេះ៕

ដោយ៖ ខៀវ យុទ្ធវង្ស