សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា

(ភ្នំពេញ)៖ នាថ្ងៃទី ១៧ ខែសីហា​ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ដោយមានក្តីក្តុកក្តួល និងរំជួលចិត្តឥតឧបមាទៅកាន់ លោកជំទាវ ខាំ សាដៃ ស៊ើយ កែវ ព្រមទាំងក្រុមគ្រួសារ ដែលសម្តេចបានទទួលដំណឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមររណភាពនៅថ្ងៃ សុក្រ ០១​ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៤៥ នាទីយប់ ក្នុងជន្មាយុ ៨៤ ឆ្នាំ ដោយរោគាពាធ ។

ក្នុងឪកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្តេច និងភរិយា បានចូលរួមរលែកនូវបរណទុក្ខប្រកបដោយក្តីសង្វែក សោកស្តាយ ស្រណោះ អាឡោះអាល័ស្ទើររកទីបំផុតគ្មាន ព្រោះថា​ការបាត់បង់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ គឺជាការបាត់បង់នូវវិរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានលះបង់តស៊ូទាំងកម្លាំងកាយ បញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមនសិការដ៏ខ្ពង់ខ្ពស់ ពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយ ស្ថាប័ននិតិប្បញ្ញាតិ ព្រឹទ្ធសភា ក្នុងការកសាងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយជានិតិរដ្ឋពេញលិញ ។

ខណៈពេលនោះផងដែរ សម្តេចតេជោ រួមទាំងភរិយា សូមឧទ្ទិលបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ ឲ្យឆាប់បានយោនយកកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ ៕ ដោយ៖ចំណាន