វេទិកាស្តីពីគន្លឹះនៃភាពជោគជ័យក្នុងការធ្វើអាជីវកម្មខ្នាតតូចនិងមធ្យម

(កំពង់ចាម)៖ ការរៀនគឺជាដើមហេតុតែមួយគត់សម្រាប់កំណត់ជោគវាសនារបស់មនុស្សម្នាក់ រីឯសន្តិភាពគឺជាកត្តាមូលដ្ឋានតែមួយគត់ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយូរអង្វែង” នេះគឺជាប្រសាសន៍របស់លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមថ្លែងក្នុងវេទិកាស្តីពីគន្លឹះនៃភាពជោគជ័យក្នុងការធ្វើអាជីវកម្មខ្នាតតូចនិងមធ្យម នៅបណ្ណាល័យកំពង់ចាម ក្រុងកំពង់ចាម នាថ្ងៃទី 15 ខែសីហា ឆ្នាំ 2019 នេះ ។

វេទិកានេះជាកម្មវិធីច្នៃប្រឌិតថ្មីមួយទៀតដែលរៀបចំ ផ្តួចផ្តើម ដឹកនាំ និងសម្របសម្រួល ដោយ សសយក ខេត្តកំពង់ចាម ដែលមានវាគ្មិនជាម្ចាស់អាជីវកម្មនៅក្នុងក្រុងកំពង់ចាមតែម្តង។ ពួកគាត់បានឆ្លៀតពេលដោយក្តីសប្បាយរីករាយ មកនិយាយអំពីបទពិសោធន៍ជាក់ស្តែងនៃវិធីនៃការគិត ការធ្វើ ការដោះស្រាយបញ្ហា និងការលើកកម្ពស់ការលក់របស់ពួកគេជូនដល់និស្សិតប្រមាណ 200នាក់ មកពីគ្រប់សាលាជំនាញ វិទ្យាស្ថាន សាកលវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងក្រុងកំពង់ចាម។

យោងតាមសំដីរបស់យុវជនមួយចំនួន វេទិកានេះមើលទៅឃើញថាជាកម្មវិធីប្លែកជាងសព្វមួយដង ហើយគ្រប់សកម្មភាពទាំងអស់ដែល សសយក ខេត្តកំពង់ចាម បង្កើតឡើងគឺល្អប្លែកខុសៗគ្នាធ្វើឱ្យអ្នកចូលរួមមិនធុញទ្រាន់ ហើយតែងទទួលបាននូវបទពិសោធន៍ ចំណេះដឹងនឹងគំនិតថ្មីៗ ឬយ៉ាងហោចណាស់ជាគំនិតសាមញ្ញដែលមើលទៅឃើញថា មិនគួរកើតឡើងបានតែជាក់ស្តែង សសយក ខេត្ត អាចបង្កើតវាឡើងបាន។

វាគ្មិនវ័យក្មេងទាំង4រូបដែលកំពុងធ្វើអាជីវកម្មនៅក្នុងក្រុងកំពង់ចាម រួមមានលោក ប៉េង ឈុន ម្ចាស់អាហារដ្ឋានស្មៅទន្លេ លោក គឹម វាសនា ម្ចាស់ហាងម្លិះម៉ាស្សា លោក ស៊ាង លីដា ម្ចាស់ហាង T-Shop សាខាខេត្តកំពង់ចាម និងលោក យក់ លីហេង ម្ចាស់ហាងការហ្វេ Amazon មាត់ទន្លេ ។ នៅក្មេង ប៉ុន្តែសម្បូរបទពិសោធន៍ក្នុងការប្រកបអាជីវកម្ម ធ្វើឱ្យអ្នកស្តាប់ទាំងអស់ក្នុងវេទិកាជក់ចិត្ត រំភើបរីករាយ ផុលផុសក្នុងការសួរសំណួរជាច្រើន ហើយថែមទាំងបានស្នើសុំឱ្យ សសយក ខេត្តកំពង់ចាម រៀបចំកម្មវិធីនេះឱ្យបានច្រើនថែមទៀតជាប្រចាំ។

សូមបញ្ជាក់ថាវេទិកានេះ ត្រូវបានរៀបចំឡើងក្រោយពីវេទិកាស្តីពីការលើកកម្ពស់ទម្លាប់នៃការអាន កាលពីថ្ងៃទី 1 ខែសីហា កន្លងទៅ ដែលចែករំលែកដោយយុវជនស្ម័គ្រចិត្តដែលជាអ្នកចូលចិត្តអានសៀវភៅនៅក្នុងបណ្ណាល័យកំពង់ចាមនោះតែម្តង។

លោកប្រធាន សសយក ខេត្តកំពង់ចាម បានប្រកាសជាសាធារណៈដោយលើកទឹកចិត្តយុវជន និស្សិត និងអ្នកស្រឡាញ់ការរៀនឱ្យលះបង់ចែករំលែកពេលវេលារបស់ខ្លួនដើម្បីបង្ហាញ ឬចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំនាញផ្ទាល់ខ្លួននៅក្នុងកិច្ចការអ្វីមួយដល់យុវជនជំនាន់ថ្មីនេះក្នុងន័យលើកកម្ពស់ការយល់ដឹង បណ្តុះស្មារតីឆន្ទៈ និងបង្កើននូវភាពក្លាហាន និងការច្នៃប្រឌិតថ្មីសម្រាប់ការអភិវឌ្ឍខ្លួន គ្រួសារ និងសង្គមជាតិ នាពេលអនាគត ។