លិខិតមិត្តអ្នកអាន៖ «អគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាជាមួយពណ៍បេះដូងថ្មី រឺ?»

(ភ្នំពេញ)៖ នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជា ពិសេសចាប់តាំងពីការ បោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់បច្ចប្បន្ន ទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើន​បំផុតតែងតែយល់ថាពាក្យ «ទូតអាេមរិក = មេរបស់ក្រុមប្រឆាំង » « ទូតអាមេរិក = មេបញ្ជាការផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ធមន្ត្រីហ៊ុន សែន »។ នេះជាការពិត ដែលមន្ត្រីទូតនិងក្រសួងការបរទេសអាម៉េរិកត្រូវហ៊ានទទួលស្គាល់ដើម្បីពិចារណាព្រោះខ្ញុំយល់ថា « ទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិក ល្អឬអាក្រក់ វាអាស្រ័យស្ទើរតែទាំងស្រុងលើលោកអគ្គរដ្ឋទូតអាម៉េរិកតែម្តង។

១.ទន្ទឹមនឹងការរីករាយ សាទរ ចំពោះលោក Patrick Murphy ដែលនឹងមកបំពេញ បេសកកម្មការទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំក៏បានស្រាវជ្រាវតាមវេបសាយហើយកត់សំគាល់ថាលោក គឺជាអ្នកការទូតដ៏មាន ពិសោធន៍ម្នាក់និងជា ពិសេស គឺជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍។ ដូច្នេះ ប្រាកដណាស់ថាលោកពិតជា បានស្គាល់ច្បាស់អំពី សភាពការណ៍និងបទពិសោធន៍ផ្អែមល្វីងជូរចត់របស់កម្ពុជាក្នុងអតីត កាលនិងបច្ចុប្បន្នកាលជា ពិសេសគឺពិតជាដឹងច្បាស់អំពីអ្វីដែលពលរដ្ឋប្រទេសមួយនេះត្រូវការជាចាំបាច់បំផុត។

ដូច្នេះ សារដែលខ្ញុំចង់ផ្ញើជូនលោកអគ្គរដ្ឋទូតអាម៉េរិកថ្មីដើម្បីពិចារណានោះគឺ៖

ទី1៖ ដូចអ្វីដែលគេតែងតែ និយាយរត់មាត់ថា« Let bygone be bygone» «ទុកអោយរឿងចាស់វាកន្លងផុតទៅហើយសូមគិតរឿងថ្មី»។

ទី2៖ ខ្ញុំក៏មានការសប្បាយ រីករាយណាស់ដែរនៅ ពេលឃើញមានការចុះផ្សាយដោយកាសែតអនឡាញបរទេសមួយបានស្រង់សំដីលោក Murphy ថា លោកនឹងផ្តោតការយកចិត្តទុកដាក់ លើការបង្កើនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកអោយឡើងបាន ដល់ ៣.៥ ពាន់លាន ដុល្លារ ក៏ដូចជាបង្កើនទំនាក់ទំនងរវាងសហគមន៍ជនជាតិអាម៉េរិកជាមួយប្រជាជនកម្ពុជា។

ខ្ញុំក៏ដូចពលរដ្ឋខ្មែរ ទូទៅ សង្ឃឹមយ៉ាងមុតមាំថា លោកនឹងពូនជ្រុំទំនាក់ ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អក្នុងនាមជាដៃគូស្មើសិទ្ធនិងស្មើមុខមាត់គ្នាដោយមិនដើរតាម លំអានឯកអគ្គរដ្ឋទូតមុនៗ នោះឡើយព្រោះអ្វីដែល លោកបាននិយាយថាគ្រោងនឹងធ្វើនេះ គឺពិតជាការងារត្រឹមត្រូវនិងជាក់ ស្តែងដើម្បីស្តារជំនឿទុក ចិត្តដែលបានបាត់បង់ស្ទើរតែទាំងស្រុងពី សំណាក់ ប្រជាពលរដ្ខខ្មែរទូទៅជាពិសេសពីសំណាក់រដ្ឋាភិបាលដែលកំពុងគ្រប់ គ្រងនិងដឹកនាំប្រទេសនេះ «Confidence building measures to restore the lowest trust in the relationship between Cambodia and USA is an Imperative »។

តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងរវាងកម្ពុជានិងអាម៉េរិក វាលឿនទៅមុខ រឺ បន្តធ្លាក់ចុះថែមទៀតគឺ បាល់ស្ថិតនៅក្នុងជើង របស់លោកទូតហើយ។ ដូច្នេះ បើលោកចង់ញាក់ឆ្វេងរឺស្តាំ ឬស៊ុតត្រង់គឺជាសិទ្ធិរបស់លោក ចំណែកឯភាគីកម្ពុជាគ្រាន់តែជាអ្នកចាំមើលទិស បាល់និងលេងតាមបាល់របស់លោកតែប៉ុណ្ណោះ
« The Ball is in Your Court »។

ប៉ុន្តែ យោងលើបទ ពិសោធន៍ពីអតីតកាលនិងរហូតដល់ពេលថ្មីៗនេះ ខ្ញុំយល់ឃើញថា ដើម្បីឲ្យទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាម៉េរិកមានលក្ខណៈល្អប្រសើរឡើងវីញបន្ថែមពីលើសារដែលខ្ញុំបានរៀបរាប់ខាងលើ ក៏ នៅមានកត្តាសំខាន់ៗ ជាក់ស្តែងមួយចំនួនទៀតដែលលោក Murphy គួរពិចារណាហើយបើលោកអាចធ្វើបាន នោះវាកាន់តែល្អប្រសើរ៖

ក/ លោកត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវសន្ធិសញ្ញាទីក្រុងវីយែនស្តីពី ការងារការទូតដែលមិនអនុញ្ញាតឲ្យមានការលូក ដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូឡើយ។ កន្លងទៅនេះ ការបំពានសន្ធិសញ្ញាទីក្រុងវីយែន នេះ គឺជាអធិករណ៍ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកជួបភាពល្អក់កករជាបន្តបន្ទាប់ពីព្រោះមន្ត្រីក្នុងស្ថានទូតអាម៉េរិកប្រចាំកម្ពុជាជាបន្តបន្ទាប់ច្រើនតាំងខ្លួនជាបងធំ ឬជាចៅហ្វាយរបស់កម្ពុជាដោយចង់ឲ្យកម្ពុជាធ្វើនេះ ឬធ្វើនោះតាមចិត្តរបស់ខ្លួនចង់បានដោយ មិនខ្វល់ខ្វាយពីសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់របស់កម្ពុជាឡើយរហូតដល់មន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលភ្នំពេញនិយាយថា «ចង់ធ្វើមិត្តល្អជាមួយអាម៉េរិកពិតជាពិបាកណាស់ ប៉ុន្តែ បើចង់ធ្វើជាអាយ៉ងកូនអុករបស់អាម៉េរិកវីញគឺជាការងាយស្រួលបំផុត »។ នេះគឺជាកត្តាកំណត់នូវភាពល្អក់កករ ជូរចត់នៃទំនាក់ ទំនងរវាងប្រទេសទាំងពីរដែលបង្កឡើងដោយភាគី មិត្តពីព្រោះកម្ពុជាគោរព បានយ៉ាងល្អនូវសន្ធិសញ្ញាទីក្រុងវីយែនដោយមិន ដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូណាមួយឡើយ។

ដូច្នេះ ខ្ញុំសង្ឃឹមថា លោក Murphy ច្បាស់ជាបានស្វែងយល់យ៉ាងច្បាស់អំពីសន្ធិសញ្ញាទីក្រុងវីយែនក្នុងនាមជាអ្នកការ ទូតជើងចាស់ម្នាក់។

ខ/ ទំនាក់ទំនងកម្ពុជា-អាម៉េរិកនឹងស្គាល់ភាព រលូននិងល្អូកល្អឺនដរាបណាស្ថានទូតសហរដ្ឋអាម៉េរិកឈប់ប្រើប្រាស់គេហទំព័ររបស់ស្ថានទូត មកធ្វើជាទីលានផ្ញើសារដែលមានគោលដៅវាយប្រហារមកលើកម្ពុជា ដែលជាម្ចាស់ផ្ទះ ហើយ ងាកមកប្រើប្រាស់ទំនាក់ ទំនងការទូតដើម្បីដោះស្រាយបញ្ហាជាមួយគ្នាវិញ។
កន្លងទៅនេះ ស្ថានទូត អាម៉េរិកតែងប្រើប្រាស់គេហទំព័ររបស់ស្ថានទូត ដើម្បីបង្កអរិយភាពជាមួយ

រដ្ឋាភិបាលជាម្ចាស់ផ្ទះ ហើយខ្ញុំនៅចាំបានច្បាស់ថាសូម្បីតែក្នុងកំឡុង ពេលដែលឯកអគ្គរដ្ឋទូតចាស់ផុតអាណត្តិ និងមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីចូលមកជំនួសក៏ ដោយ ពោលគឺក្នុងពេលមិនទាន់មានឯកអគ្គរដ្ឋទូតបំពេញការងារផង ក៏ស្ថានទូតអាម៉េរិកហ៊ាន បំពានសន្ធិសញ្ញាអន្តរជាតិ ទីក្រុងវីយែនដោយបាន បញ្ចេញព័ត៌មានតាមគេហទំព័ររបស់ស្ថានទូត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជាឆ្ងល់ណាស់ថា តើ ស្ថានទូតនៃប្រទេសមហាអំណាចមួយទាំងមូលអាចធ្វើរឿងបែបនេះទៅរួច?ចំពោះចំណុចនេះ ខ្ញុំក៏សង្ឃឹមថា លោក Murphy ប្រាកដជាយល់ច្បាស់និងជៀសវាងមិនឲ្យកើតមានឡើយនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។

គ/ ទំនាក់ទំនងកម្ពុជា អាម៉េរិក អាចល្អទៅបានទាល់តែស្ថានទូតអាម៉េរិក ឬក៏រូបលោកឯកអគ្គរដ្ឋទូតផ្ទាល់បំពេញការងារ ដោយមិនលម្អៀង ហើយបើនិយាយឲ្យចំ គឺគប្បីឈប់ធ្វើជាខ្នងបង្អែកឲ្យក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់នៅកម្ពុជា។ កន្លងទៅនេះ ភាពល្អក់កករ រវាងប្រទេសទាំងពីរ បានកើតឡើងជាញឹកញាប់ដោយសារតែមន្ត្រីស្ថានទូត ឬឯកអគ្គរដ្ឋទូត អាម៉េរិកតែងតែនិយាយនិងដើរបង្ហាញអោយគេយល់និងមើលឃើញថា ខ្លួនមានតួនាទីជាខ្នងបង្អែករបស់ក្រុមប្រឆាំងដែលធ្វើឲ្យអ្នកទាំងអស់នោះឡើងចាង បូស
ឃ្លៀកនិងបានចិត្តបំពានច្បាប់ហើយហ៊ានក្រឡុកកកូរសភាពការណ៍ផ្ទៃក្នុងកម្ពុជាតាមក្បាលចិត្ត។

តាមខ្ញុំយល់ រដ្ឋាភិបាល ភ្នំពេញមិនបានកោតខ្លាចឥទ្ធិពលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងនោះឡើយ ប៉ុន្តែ ភាពលម្អៀង របស់ស្ថានទូតអាមេរិកបានត្រឹមបង្កអរិយភាព រវាងប្រទេសទាំងពីរតែ
ប៉ុណ្ណោះដោយមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយពីព្រោះនៅទីបំផុត បញ្ហាកម្ពុជានឹងត្រូវតែ ដោះស្រាយដោយកម្ពុជាខ្លួនឯងដោយឈរលើច្បាប់របស់កម្ពុជាតែ ដដែលទេ។

ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy នឹងយល់អំពី បញ្ហានេះហើយជៀសវាងកុំឲ្យស្ថានភាពដដែលៗ នេះកើតមានទៀតឡើយ។

ឃ/ កម្ពុជាគឺជាប្រទេសតូចមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារ ណាស់។ ដូច្នេះពេលនេះ កម្ពុជាត្រូវការសុខ សន្តិភាពនិងត្រូវការរួមរស់ដោយសន្តិសហវិជ្ជ មានជាមួយគ្រប់បណ្តាប្រទេសនៅលើលោក។ ហេតុដូច្នេះហើយបានជារដ្ឋធម្មនុញ្ញកម្ពុជាប្រកាន់យកគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជាពិសេសមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសណា មួយនៅលើទឹកដីរបស់ខ្លួនឡើយ។ កម្ពុជាគ្មានចេតនាអ្វីទាំងអស់ចង់ទៅ រករឿងជាមួយប្រទេសណាឡើយពោលគឺកម្ពុជា សុំតែម៉ាសុខតែប៉ុណ្ណោះ តែគឺជាសេចក្តីសុខដែល មិនស្ថិតក្រោមការដាក់ សម្ពាធសង្កត់សង្កិន ឬ​ សេចក្តីសុខតាមបែបអាយ៉ងរបស់ប្រទេសណាមួយនោះឡើយ។ សេចក្តីសុខដែលកម្ពុជា និងប្រជាពលរដ្ឋនៃ ប្រទេសនេះត្រូវការគឺជាសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ក្នុងដែន អធិបតេយ្យភាពជាតិរបស់ខ្លួន។ នេះគឺជាសេចក្តីប្រាថ្នាដ៏តិចតួចដែលមិនបាន បៀតបៀនអ្នកណា ហើយជាសេចក្តីសុខ ដែលគួរតែកម្ពុជាទទួល បាន។ ខ្ញុំក៍សង្ឃឹមថា លោកMurphy នឹងយល់អំពីបញ្ហានេះហើយមិន ព្យាយាមរំខានបំផ្លាញដល់ប្រទេសដ៏តូចនិងដ៏កំសត់ មួយនេះឡើយ។

សរុបទៅ បាល់ស្ថិតនៅក្នុងជើងរបស់ភាគីអាមេរិកនិយាយជារួម និងនិយាយដោយឡែកគឺស្ថិតនៅក្នុងជើងរបស់លោកឯកអគ្គរដ្ឋទូតហើយ។ សូមលោក លេងតាមសប្បាយចុះ។ អ្វីដែលប្រជាជនកម្ពុជាចង់បាន គឺសុំឲ្យការលេង នោះគោរពតាមលក្ខខណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ កម្ពុជាមិនចង់ឃើញគេ លេងខូចហើយធ្វើបាបខ្លួននោះឡើយ។ ខ្ញុំសុំតែប៉ុណ្ណឹង គឺសុំអោយលោកអគ្គរដ្ឋទូតអាម៉េរិកថ្មីមកកម្ពុជាដោយមានពណ៌ បេះដូងថ្មី។ តើបានទេ លោកទូត?

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ