លិខិតមិត្តអ្នកអាន៖ «កម្ពុជាមិនស្ថិតក្រោមអាណានិគមន៍ បរទេសណាមួយឡើយ!»

(ភ្នំពេញ)៖ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំពិតជារង្គាសចិត្តនិងហួសចិត្តជាខ្លាំង ហើយក៏មិនអាចទទួល​យក​បាន​ឡើយនៅពេលឃើញស្ថានទូត បរទេសមួយមកបំពានយ៉ាងកំរោលម្តងហើយម្តងទៀតមក លើ​កម្ពុជា​ដោយតាំងខ្លួនជាបងធំ ឬជាអ្នកដាក់អាណានិគមន៍មក លើប្រទេសកម្ពុជា ហើយចង់ឲ្យកម្ពុជាធ្វើនេះ ធ្វើនោះតាមដែលខ្លួនចង់បាន។

សកម្មភាពដ៏ច្រងេងច្រងាងនេះពិតជាបានបំពានទាំងស្រុងទៅលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីទំនាក់ទំនង​ការទូត​ដែលមិនអនុញ្ញាតឲ្យប្រទេសមួយលូកដៃ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀត​ដែលជាម្ចាស់ដែនដី​នោះឡើយ។ លើសពីនេះ សកម្មភាពរបស់ស្ថានទូតមហាអំណាច មួយនេះក៏បាន​បំពាននិងមាក់ងាយយ៉ាង​ធ្ងន់ធ្ងរទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរជាង ៨៣% ដែលបានចូលរួមបោះឆ្នោតកាល ពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។

ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមឲ្យស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាពិចារណាឡើងវិញអំពី ទង្វើនិង​សកម្មភាពខុសឆ្គងហួងហែងរបស់ខ្លួននិងបញ្ឈប់ជាបន្ទាន់នូវការបំពានសន្ធិសញ្ញា​អន្តរ​ជាតិនិងការបំពានទៅលើ ប្រទេសអធិបតេយ្យ។ ផ្ទុយពីការវាយតម្លៃរបស់ស្ថានទូតអាម៉េរិក ក្នុងនាមពលរដ្ធខ្មែរម្នាក់ ដែលបានទៅ​បោះឆ្នោតសំដែងឆន្ទះដែរនោះ ខ្ញុំយល់ឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ គឺជាការបោះឆ្នោត​មួយ​ដ៏ល្អមិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣ មក។ ខ្ញុំយល់ថាគឺជាការ​បោះឆ្នោតដែលអាចចាត់ទុកជានិមិត្តរូបនៃសុខសន្តិភាព និងភាពស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋខ្មែរប្រាថ្នា​ចង់បានយ៉ាងដូច្នេះតទៅមុខទៀត។ ភាពជានិមិត្តរូប នៃការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ មានដូចតទៅ៖

ទី១៖ ចំនួនអ្នកចូលរួមបោះឆ្នោតមានច្រើនលើសលប់គឺរហូតដល់ជាង ៨៣% ដែលសូម្បីបណ្តាប្រទេសប្រជា​ធិបតេយ្យធំៗនៅ លើលោករាប់ទាំងសហរដ្ឋអាម៉េរិកផងក៏មិនអាចធ្វើបានដូចដែរ។ អត្រាដ៏ច្រើនលើសលប់នៃ​ចំនួនអ្នកចូលរួមបោះឆ្នោតបានបង្ហាញឲ្យឃើញពីតម្លៃដ៏ខ្ពស់នៃការបោះឆ្នោតនេះដែលគ្មានអ្នកណា​អាច​ប្រកែកបាននិង បំពានបានឡើយ។

ទី២៖ គឺជាការបោះឆ្នោតដែល មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍ យ៉ាងច្រើនកុះករ ហើយពួកគេ បានវាយតម្លៃថា ការបោះឆ្នោតនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព គ្មានភាពមិន​ប្រក្រតីគួរឲ្យកត់សម្គាល់ឡើយជាពិសេសគឺគ្មានអំពើហឹង្សា គ្មានមនុស្សរងរបួសរឺស្លាប់បាត់បង់ជីវិត។ ផ្ទុយទៅវិញការវាយតម្លៃរបស់អ្នកដែលមិនបានចូលសង្កេតការណ៍ក៏គ្មានតម្លៃអ្វីទាំងអស់ពីព្រោះពួកគេមិនបានឃើញដោយផ្ទាល់ភ្នែកនូវដំណើរការបោះឆ្នោតនេះទាល់តែសោះ។

ទី៣៖ ក្រោយការបោះឆ្នោត ស្ថានការណ៍ទូទៅក្នុងប្រទេសមានលក្ខណៈល្អប្រសើរ គ្មានភាពវឹកវរ គ្មានអំពើហិង្សា គ្មានការភ័យខ្លាចអ្វីទាំងអស់។ ខុសផ្ទុយស្រឡះពីការបោះឆ្នោតលើកមុនៗដែលតែងធ្វើឲ្យពលរដ្ឋខ្មែរ​ព្រួយបារម្ភ ប្រុងជើងការ និងវេចបង្វេច ទិញអង្ករ ត្រីងៀតប្រេងសាំងទុក ដកលុយចេញពីធនាគារ។ល។ដោយការព្រួយបារម្ភ​ពីចលាចល វឹកវរក្រោយការបោះឆ្នោត។

ទី៤៖ រយៈពេលពេញមួយឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែ ភ្លេចបាត់អស់ទៅហើយនូវអារម្មណ៍​ភ័យខ្លាចពីព្រោះពួកគេ ពិតជាបាននិងកំពុងរស់នៅក្នុងសភាពស្ងប់ស្ងាត់ក្នុងប្រទេសមួយដែល​ពោរ​ពេញដោយឱកាសនៃការវិនិយោគ ឱកាសការងារ និងការប្រកបមុខរបរគ្រប់បែបយ៉ាងដើម្បីបង្កើន​ជីវភាពរបស់ខ្លួន។

ទី៥៖ រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលដែលកើត ចេញពីការបោះឆ្នោតក៏បាន បង្ហាញពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋម្ចាស់ឆ្នោត​ដោយបានដាក់ចេញនូវនយោបាយកំណែ​ទម្រង់ស៊ីជម្រៅជាក់ស្តែងក្នុងន័យពង្រឹងឯករាជភាព អធិបតេយ្យភាពជាតិ និងបង្កើនជីវភាព របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ ជាដើម។ល។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៍កំពុងទទួលបានផ្លែផ្កា​ផលប្រយោជន៍ ពីគោលនយោបាយនេះ។

និយាយជារួមការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាគំរូសម្រាប់ការបោះឆ្នោតក្រោយៗ ទៀតដែល​ពលរដ្ឋខ្មែរប្រាថ្នាចង់បាន។ ចុះហេតុដូចម្តេចបានជា ស្ថានទូតសហរដ្ឋអាម៉េរិកបែរជាឈឺចិត្ត ស្អិតទ្រូង ទោរម្នេញ នឹងការបោះឆ្នោតដ៏ល្អបែបនេះ ទៅវិញ?

តាមការយល់ឃើញរបស់ខ្ញុំ ស្ថានទូតបរទេសមួយនេះមានបំណងតែមួយគត់គឺចង់ជួយឲ្យកូនជឹងរបស់ខ្លួន​ឲ្យបានឡើងកាន់ អំណាចដែលខ្លួនអាចប្រើប្រាស់បង្វិលក្បាលបានជាប្រយោជន៍បានដោយមិនបាច់ខ្វល់ខ្វាយពី សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ។ ម៉្យាងវីញទៀត ក៏ដោយហេតុតែមហិច្ឆតាភូមិសាស្ត្រនយោបាយ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាហ៊ានបំពានទាំងសន្ធិសញ្ញាអន្តរជាតិ បំពានអធិបតេយ្យភាពរបស់រដ្ឋអធិបតេយ្យមួយ ជាពិសេសគឺបំពានឆន្ទៈពលរដ្ឋខ្មែរម្ចាស់ឆ្នោតជាង ៨៣%។

ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមបញ្ជាក់ជូនស្ថានទូតអាម៉េរិកជាថ្មីម្តងទៀតថា យើងពិតជាមិនអាចទទួលយកបានឡើយ​នូវការ បំពានរបស់អ្នកទាំងអម្បាលមាណ។ ការលូកដៃរបស់អ្នកចូលកិច្ចការផ្ទៃក្នុងកម្ពុជា វាគ្មានទម្ងន់មកលើក​ម្ពុជាឡើយហើយផ្ទុយទៅវិញ វាក៍កាន់តែអោយធ្វើឲ្យប្រជាពលរដ្ធខ្មែរមើលឃើញនិងស្គាល់កាន់តែច្បាស់នូវ​មុខមាត់ពិតរបស់អាមេរីកក្នុងពេលបច្ចុប្បន្នបន្ថែមពីលើអ្វីដែលអាមេរីកបានធ្វើចំពោះប្រជាជនកម្ពុជានៅក្នុង​អតីតកាល។

ជាចុងក្រោយ ខ្ញុំក៏សូមគូសបញ្ជាក់ប្រាប់អ្នកវិញឲ្យបានច្បាស់ថា កម្ពុជាពេលនេះមិនស្ថិត​ក្រោមអាណានិគមន៍​របស់ប្រទេសណាមួយឡើយ តែ កម្ពុជាគឺជារដ្ឋអធិបតេយ្យដែល មានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន មានសិទ្ធិស័្វយ​សម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួន ឯងដោយមិនស្តាប់តាមការ បញ្ជាបង្គាប់របស់បរទេសណាទាំងអស់៕
(ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ)