អត្ថាធិប្បាយ ៖ អាស៊ីគួរយកគំរូ អំពីដំណើរការបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលអាមេរិកបានចេញសារនយោបាយមួយ ដែល​មានន័យជាការរំលោភបំពានយ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតកាល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ។ គេចោទថា ការបោះឆ្នោតកន្លងមកមានកំហុសឆ្គង ជាការបោះឆ្នោត​ដែល មិនមានភាពសេរី និងយុត្តិធម៌ ហើយមិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាជនកម្ពុជា។

យើងចង់រំឭកអាមេរិកឲ្យយល់ដឹងអំពីបញ្ហានេះ ហើយត្រូវតែបញ្ឈប់ធ្វើការឃោសនាអ្វីមួយ ដែល មិនត្រឹមត្រូវ និងគ្រាន់តែធ្វើឲ្យស្រអាប់ទៅដល់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរតែប៉ុណ្ណោះ ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយ​ជោគជ័យ ដោយមានគណបក្សនយោបាយដែលបានចុះបញ្ជី និងដាក់បេក្ខជនឈរឈ្មោះបេក្ខជនប្រកួតប្រជែង ចំនួន ២០គណបក្ស ។ ចំនួនគណបក្សដែលចូលរួមបោះឆ្នោតលើកនេះ មានការកើនឡើងបើធៀបនឹង​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ដែលពេលនោះមានតែគណបក្សចំនួន៨ ។ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយមានភ្នាក់ងារគណបក្សនយោបាយនានា ប្រមាណជិត ៩០.០០០នាក់ អ្នកសង្កេតការណ៍ជាតិមកពីសមាគម និងអង្គការជាតិនានាប្រមាណ ៨០.០០០នាក់ និងមានអ្នកសង្កេតការណ៍​អន្តរជាតិចំនួន ២២០នាក់ មកពី ៥២ប្រទេស ។

ប្រជាជនកម្ពុជា ដែលមានអត្រាស្មើនឹង ៨២,៨៩% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតចំនួន ៨.៣៨០.២១៧នាក់ បានអញ្ជើញទៅបោះឆ្នោត ។ នៅក្នុងនោះអ្នកដែលបានបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជាមានជិត ៥លាននាក់ ដែលធ្វើឲ្យគណបក្សទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ និងទទួលបានអាសនៈ ១២៥ លើ ១២៥ ។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានតាមដានពិនិត្យដំណើរការបោះឆ្នោត ដោយម៉ត់ចត់ និងបានវាយតម្លៃថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាម​កំហែង ប្រកបដោយតម្លាភាព មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ស្របតាមស្តង់ដារ ប្រជាធិបតេយ្យ ស្របតាម​ឆន្ទៈប្រជាពលរដ្ឋកម្ពុជា ជាការបោះឆ្នោតមួយដែលដំណើរការទៅយ៉ាងល្អ។

អ្នកសង្កេតការណ៍ទាំងនោះបានវាយតម្លៃទៀតថា ជ័យជម្នះរបស់គណបក្សប្រជាជននៅក្រោមការដឹកនាំ​ប្រកប​ដោយការយោគយល់អធ្យាស្រ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺជាលទ្ធផលបានមកពីចក្ខុវិស័យ និងគម្រោង​អភិវឌ្ឍន៍ដ៏រឹងមាំ ដែលនឹងធានាបាននូវអនាគតដ៏ភ្លឺចែងចាំងរបស់កម្ពុជា ។ ពួកគេបានធ្វើការឆ្លុះបញ្ចាំងអំពីជោគ ជ័យនេះ ដោយភាពស្ញប់ស្ញែង និងបានចាត់ទុកថា អាស៊ីគួរយកគំរូតាមកម្ពុជា ពីដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត​នៅកម្ពុជា ។ បណ្តារដ្ឋាភិបាលនៃប្រទេសជាមិត្ត និងបណ្តាមិត្តភក្តិបរទេសជាច្រើនដែលមានសុភវិនិច្ឆ័យត្រឹមត្រូវ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា ព្រមទាំងប្រកាសអបអរសាទរជ័យជម្នះដ៏ធំធេង​របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនេះ។

ថ្ងៃទី៥ ខែកញ្ញា រដ្ឋសភានីតិកាលទី៦ ដែលប្រសូតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានប្រារព្ធបើក​សម័យប្រជុំដំបូងរបស់ខ្លួននៅវិមានរដ្ឋសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​ប្រទេសនានាចំនួន ២២ ប្រចាំនៅកម្ពុជា តំណាងអង្គការអន្តរជាតិធំៗចំនួន ៥ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ​អញ្ជើញ​ចូលរួមផងដែរ ។ នៅថ្ងៃទី៦ ខែកញ្ញា សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៦ បានបន្តប្រព្រឹត្តិឡើង​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដោយបានធ្វើការបោះឆ្នោតជ្រើស​តាំងប្រធាន អនុប្រធាននៃរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងការផ្តល់សេចក្តី​ទុកចិត្តចំពោះរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយសម្លេងគាំទ្រ ១២៥ លើ ១២៥ ។ នៅថ្ងៃទី៧ ខែកញ្ញា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានដំណើរការក្រោមអធិបតីភាព សម្តេចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច សម្រាប់ជំរុញ​អនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ កម្មវិធីនយោបាយនេះ បានកំណត់​ដាក់​ចេញនូវគោលដៅជាយុទ្ធសាស្ត្រ គោលនយោបាយធំៗជាអាទិភាព គោលនយោបាយអភិវឌ្ឍន៍តាមវិស័យ និងវិធានការជាក់ស្តែងជាអាទិភាព សម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៩ទៅ ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិស​រាជរដ្ឋា​ភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មបម្រើជាតិ និងប្រជាជននៅក្នុងនីតិកាលទី៦នេះ ។

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសនានាលើពិភពលោក បានផ្ញើសារទូរលេខអបអរសាទរ​ចំពោះ​សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាផ្តល់ការទុកចិត្ត បន្តតំណែងជានាយករដ្ឋមន្ត្រី និងបានកោត​សរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់​សម្តេចតេជោ ព្រមទាំងបង្ហាញការជឿជាក់ថា ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេច នឹងធ្វើឲ្យប្រទេសកម្ពុជា​ឈានទៅជាប្រទេសរីកចម្រើន ប្រកបដោយនិរន្តរភាព ។

មេដឹកនាំទាំងនោះក៏បានអះអាងអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើគ្រប់វិស័យជាមួយកម្ពុជាបន្ត​ទៀត។ ផ្ទុយទៅវិញគឺ ពួកប្រឆាំងក្រៅច្បាប់ និងពួកបរទេសដែលមាននិន្នាការប្រឆាំងបានប្រើប្រាស់​គ្រប់​ឧបាយកល ដើម្បីបំផ្លាញដំណើរការបោះឆ្នោត តាមគ្រប់វិធីទាំងអស់ តាំងពីមុនពេល ក្នុងពេល និងក្រោយពេល​បោះឆ្នោត ។

ពួកគេឃោសនាមិនឲ្យប្រជាជនទៅបោះឆ្នោត ព្រមទាំងញុះញង់ឲ្យប្រជាជនធ្វើសកម្មភាព តវ៉ា អុកឡុក រំខាន ក្នុងសភាពជារូបភាពតូចតាច រួចពង្រីកឲ្យធំក្នុងគោលដៅបង្កើតឲ្យទៅជាចលាចល ដើម្បីបង្កើតឲ្យ​មានអំពើ​ហិង្សាក្នុងសង្គម ។ ចំណែកពួកបរទេសដែលមាននិន្នា ការប្រឆាំង ក៏បានធ្វើសកម្មភាពតាមរយៈអង្គការ​មិន​មែនរដ្ឋាភិបាល ទាំងក្នុងស្រុក និងក្រៅស្រុកមួយចំនួន ដើម្បីគាំទ្រពួកប្រឆាំងក្រៅច្បាប់ ដោយឃោសនាម្តង​ហើយម្តងទៀត អំពីរបស់ដែលហៅថា ការដាក់សម្ពាធខាងនយោបាយ និងការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបង្កកទ្រព្យសម្បត្តិ ។ល។ ដែលន័យជាជម្រៅរបស់វាមានចរឹតជាការញុះញង់ បញ្ឆេះកំហឹងប្រជាជនឲ្យប្រឆាំង​រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ យើងកត់សម្គាល់ឃើញថា ផែនការរបស់ពួកប្រឆាំងក្រៅច្បាប់ និងពួកបរទេសដែលមាននិន្នាការប្រឆាំង មានការសហការគ្នាជាប្រព័ន្ធ មានភាពស៊ីសង្វាក់គ្នា ប្រទាក់ក្រឡាគ្នា​យ៉ាងស្អិត ។ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោត ដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា បានធ្វើឲ្យផែនការដ៏ខ្មៅ​កខ្វក់នេះទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។

នេះជាដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ដូច្នេះសូមបញ្ឈប់ការចងកម្មចងពារ ជាមួយកម្ពុជា ហើយត្រូវទទួលយកការពិតនេះ ដើម្បីចំណងមិត្តភាពនៃប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-អាមេរិក កាន់តែរីកចម្រើនទៅមុខទៀត៕ (ដោយ៖ លី ទួង)