ប្រធាន ស.ស.ស.ក ចាត់ទុកការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជាថា ជាការវាយតម្លៃខុសរបៀប

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨-ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ជាខួប១ឆ្នាំ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦នៅកម្ពុជា ។ នៅថ្ងៃខួប១ឆ្នាំនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារវាយតម្លៃពីការបោះឆ្នោតនេះដោយចាត់ទុកថា មានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ក៏ប៉ុន្តែ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក បានចាត់ទុកការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជានេះថា ជាការវាយតម្លៃខុសរបៀប។

នៅលើហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហោះថា «ថ្ងៃនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ ខួបមួយឆ្នាំ នៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គង​យ៉ាងខ្លាំងនៅកម្ពុជា។ ការបោះឆ្នោតនោះមិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបាន តំណាងឲ្យ​ឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ»។

សាររបស់ស្ថានទូតអាមេរិកបន្តថា ១ ការបោះឆ្នោតនេះបានផាត់ចោល គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និង លើកកម្ពស់កំណើនសេដ្ឋកិច្ចចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ១៩៩១ មក»។

សារដដែលបន្ថែមថា «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ជាក់ស្តែងនានាក្នុងការស្តារលទ្ធិ​ប្រជាធិបតេយ្យរួមទាំងធ្វើការទម្លាក់ បទចោទប្រកាន់ទាំងឡាយប្រឆាំង លោក កឹម សុខា និង អ្នកទោស​នយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋ របស់ខ្លួន។ ប្រជាពលរដ្ឋទាំងអស់នៅកម្ពុជាគួរតែអាចប្រើសិទ្ធិរបស់គេ ក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នា ដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការកិច្ចការសាធារណៈ»។

យ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានលើកឡើងថា «ការវាយតម្លៃរបស់ស្ថានទូតអាមេរិក​នេះ ជាការវាយតម្លៃ គ្មានចរិតការទូត ហើយគ្មានភាពសមរម្យ និងគ្មានភាពថ្លៃថ្នូរ។ ដោយសារ ពេលនេះជាខួបមួយឆ្នាំ នៃការបោះឆ្នោត វាគួរតែស្ថានទូតអាមេរិកមើលអំពី វឌ្ឍនភាពថា កម្ពុជាបានរីកចម្រើនអ្វីខ្លះក្រោយការបោះឆ្នោត​កាលពីឆ្នាំ ២០១៨ ដែលជាការបោះឆ្នោតមួយគ្មានអំពើហិង្សា ចូលរួមដោយ បក្សនយោបាយចំនួន២០ និងមានប្រជាជនជាង ៨៣% ចូលរួមបោះឆ្នោតដោយសេរី ហើយគ្មានអំពើហិង្សា និងបាតុកម្មរញ៉េរញ៉ៃ»។

ឯកឧត្តម ហ៊ុយ វណ្ណៈ បន្ថែមថា «មកដល់ពេលនេះ វឌ្ឍនភាព គឺ តម្លៃនៃ ស្ថិរភាព តម្លៃនៃការអភិវឌ្ឍន៍ប្រទេស តម្លៃនៃការពង្រឹងពង្រីកសេដ្ឋកិច្ច របស់ កម្ពុជា។ បើយកការវាយតម្លៃរបៀបនេះត្រឹមត្រូវជាង។ ដូច្នេះការវាយតម្លៃ របស់ស្ថានទូតអាមេរិក ពេលនេះបង្ហាញថា មន្ត្រីស្ថានទូតអាមេរិក គ្មានចរិត ជាអ្នកការទូត តែវាជាចរិតដែលអន់ជាង​សកម្មជននយោបាយទៅទៀត។ មន្ត្រីទូតអាមេរិក គួរតែរៀនសូត្រពីឥរិយាបថអ្នកការទូត ដើម្បីបង្ហាញតម្លៃ ជា​ជាងការបង្ហាញពីចរិតមួយដែលវាអន់ជាងសកម្មជននយោបាយ។ ការវាយតម្លៃនេះក៏នាំឲ្យមានការយល់ច្រលំថា ពីមុនអាមេរិកគ្រាន់បើតែដល់ មើលឃើញហ្វេសប៊ុក អីចឹងទៅវាអន់»។

ឯកឧត្តម ហ៊ុយ វណ្ណៈ បញ្ជាក់បន្ថែមថា «មន្ត្រីទូតសហរដ្ឋអាមេរិកក៏គួរយក ពេលវេលានេះវាយតម្លៃលើស្ថានភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅ បណ្តាប្រទេសដទៃទៀតដែលរងគ្រោះដោយសារបដិវត្តន៍ពណ៌ និងការ​ឈ្លានពានវិញ ដើម្បីពិភពលោកមានការពិចារណាពីផលវិបាកនៃ សង្គ្រាម និងនយោបាយទុច្ចរិត»។

ជាមួយនឹងការលើកឡើងខាងលើនេះ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បាន កត់សំគាល់ថា «មន្ត្រីទូតអាមេរិក នៅភ្នំពេញ​ហាក់កំពុងធ្វើការងារ ប៉ាតណាប៉ាតណីគ្មានការដឹកនាំត្រឹមត្រូវ ដើរផ្ទុយពីបន្ទាត់នយោបាយ គោរព អធិបតេយ្យភាព របស់លោកប្រធានាធិបតី ដូណាល់ត្រាំ។ របៀបនេះគឺធ្វើឲ្យ ស្រអាប់តម្លៃអាមេរិក»។

សូមរម្លឹកថា ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ មាន២០គណបក្ស ចូលរួមការបោះឆ្នោត។ ក្នុងនោះក៏មានប្រជាពលរដ្ឋជាង ៨៣% ស្មើនឹងជិត ៧លាននាក់ បានចេញទៅបោះឆ្នោតដែលជាតួលេខខ្ពស់។ ក្រោយការបោះឆ្នោតស្ថានភាពប្រទេសកម្ពុជាល្អប្រសើពេញដោយសន្តិភាព ហើយស្ថាប័ន្តជាតិដំណើរការយ៉ាងរលូន៕