ឯកឧត្តម ខៀវ កាញារីទ្ធ ជម្រុញឱ្យពិនិត្យឡើងវិញចំពោះការចេញអាជ្ញាបណ្ណ័ ដល់ប្រព័ន្ធផ្សព្វផ្សាយកាសែត ទូរទស្សន៍ OnlineTV ផ្សាយតាមប្រពន្ធ័ Facebook

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញអោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ និងពិគ្រោះយោបល់ជាមួយមន្រ្តីជំនាញ ក៏ដូចជាក្រុមប្រឹក្សាអ្នកច្បាប់ក្នុងការពិនិត្យឡើងវិញ ចំពោះការចេញអាជ្ញាប័ណ្ណ ដល់ប្រព័ន្ធផ្សព្វផ្សាយកាសែត ទូរទស្សន៏ OnlineTV ផ្សាយតាមប្រពន្ធ័ Facebook ដោយត្រូវធ្វើការពិនិត្យលក្ខណះសម្បត្តិ អោយបានគ្រប់គ្រាន់ ទើបអនុញ្ញាត្តិច្បាប់អោយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «សម្រាប់គេហទំព័រ ការសែតបោះពុម្ព និងទូរទស្សន៏ Online ថាតើចាងហ្វាង ឬអគ្គនាយក និពន្ធនាយកនោះមានលក្ខណះសម្បត្តិសម្រាប់ជានិពន្ធនាយក និង សមត្ថភាព (ចំណេះដឹងកំរិតណា) ហើយមានបំពាក់សំភារះបំពាក់ផ្នែកទូរទស្សន៏អ្វីខ្លះ? ជាពិសេស មានកម្មវិធីអ្វីខ្លះសំរាប់ធ្វើការផ្សព្វផ្សាយ ហើយទុនចំណាយប៉ុន្មាន?»

ឯកឧត្តម បានបន្ថែមថា «បើអាច ត្រូវមានប្រាក់តម្កល់ទុកថែមទៀតផង (សំរាប់ជាសំណង) ដើម្បីត្រៀមទុក នៅពេលដែលមានការប្តឹងផ្តល់ពាក់ពន្ធ័រឿងរាវអ្វីមួយជាមួយ អង្គភាព ស្ថាប័ន សារព័ត៌មាននោះ អាចធ្វើការដោះស្រាយបាន»។

គួររំលឹកថា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យមើលលទ្ធផល​ការងារ និងទិសដៅអនុវត្តបន្ត ៕

ដោយ៖ ខៀវ យុទ្ធវង្ស

រូបថត៖ ផែន រតនៈ