សភាកម្ពុជា ថា កម្ពុជានឹងទទួលបានកិត្យានុភាពបន្ថែមទៀតនៅពេលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំASEP និង ASEM

វិទ្យុជាតិកម្ពុជា៖ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖  សភាកម្ពុជា លើកឡើងថា ប្រទេសកម្ពុជានឹងទទួលបានកិត្យានុភាពបន្ថែមទៀតនៅពេល និងក្រោយពីធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាដៃគូសភាអាស៊ី-អឺរ៉ុប ហៅកាត់ ASEP និងកិច្ចប្រជុំក្នុងភាពជាដៃគូតំបន់អាស៊ី-អឺរ៉ុប ហៅកាត់ ASEM ដែលគ្រោងធ្វើនៅភ្នំពេញ នាឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៅថ្ងៃទី១៨ ខែកក្កដានេះ មានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀតមកពីជុំវិញពិភពលោក នឹងត្រូវបានជំរុញ និងលើកកម្ពស់ថែមឡើងមួយកម្រិតទៀតនៅពេលកម្ពុជារៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិទាំងពីរនេះ។
ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) លើកទី១១ ដែលស្របគ្នានឹងកិច្ចប្រជុំក្នុងភាពជាដៃគូតំបន់អាស៊ី-អឺរ៉ុប(ASEM) លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ខាងមុខនេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា កិច្ចប្រជុំទាំងពីរនេះ នឹងជំរុញទំនាក់ទំង ការផ្លាស់ប្តូរបទពិសោធន៍ និងការទូតអន្តរជាតិក្នុងចំណោមសភា និងថ្នាក់ដឹកនាំប្រទេសជាសមាជិក ព្រមទាំងឈានទៅលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមប្រជាជននិងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ឯកឧត្តម បានជំរុញឲ្យគណៈកម្មការដែលត្រូវចាត់ តាំងឲ្យទទួលបន្ទុកតាមផ្នែកនៃការរៀបចំកិច្ចប្រជុំនេះ ខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យកិច្ចប្រជុំនេះដំណើរទៅដោយរលូន និងទទួលភាពជោគជ័យ សំដៅជួយលើកកម្ពស់កិត្យានុភាពសភាកម្ពុជា និងប្រទេសជាតិទំាងមូលលើកឆាកអន្តរជាតិបន្តទៀត ដូចបទពិសោធន៍ដែលសភាកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលរៀបចំវេទិកាអន្តរជាតិជាច្រើនកន្លងមក។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) ជាផ្នែកមួយនៃដំណើរការភាពជាដៃគូតំបន់អាស៊ី-អឺរ៉ុប(ASEM)ទាំងមូល ដើម្បីជួយដល់ការជំរុញទំនាក់ទំនង និងដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិការនៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប ក្រោយពីបានបង្កើតឡើងជាលើកដំបូងនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ១៩៩៦។
បច្ចុប្បន្ន សមាជិកនៃភាពជាដៃគូនេះ មានដៃគូចំនួន៥៣ប្រទេស ដែលក្នុងនោះមានប្រទេសក្នុងសហភាពអឺរ៉ុប៣០ប្រទេស និងប្រទេសក្នុងតំបន់អាស៊ី២១ប្រទេស ព្រមទាំង ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន២ទៀត គឺន័រវែស និងស្វីស។ ចំណែកប្រទេសកម្ពុជា បានក្លាយជាសមាជិកក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៅប្រទេសវៀតណាម កាលពីខែខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីមានការឯកភាពរៀបចំកិច្ចប្រជុំកំពូលនេះរៀងរាល់ពីរឆ្នាំម្តង តាមការឆ្លាស់វេនគ្នាទៅតាមប្រទេសក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប៕