លិខិតមិត្តអ្នកអាន៖ «យុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះរបស់លោក ហ៊ុន សែន ដាក់សម រង្ស៊ី ឲ្យស្ថិតក្នុងភាពឯកោ!»

(ភ្នំពេញ)៖ ខ្ញុំយល់ថាបើនិយាយនៅស្រុកខ្មែរអាចលោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចយល់ច្រឡំហើយបកស្រាយមកវីញថា លោកហ៊ុន សែនហ៊ានតែពី ចម្ងាយ។ ប៉ុន្តែ កាលពីយប់ថ្ងៃ4កក្កដា 2019 នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅនិយាយនៅលើទឹកដីអឺរ៉ុបតែម្តងនៅក្បែរកន្លែងដែល លោក សម រង្ស៊ី កំពុងរស់នៅ។ ពីទីនោះ លោក ហ៊ុន សែន បាន បញ្ជាក់យ៉ាងច្បាស់ៗដូចថ្ងៃអំពីជំហររបស់រដ្ឋាភិបាលក្រុងភ្នំពេញពាក់ព័ន្ធនឹង «សិទ្ធិស័្វយ ការពារ និងស្វ័យសម្រេចរបស់កម្ពុជា » ក្នុងចំណាត់ការប្រឆាំងលោក សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួនហើយរត់គេចពីគុក។

សម្រាប់លោកនាយករដ្ឋមន្ត្រី វាជារឿងគួរឲ្យត្រេកអរប្រសិន បើទណ្ឌិតដែលរត់ចោលគុកយល់ព្រមវិលមកឲ្យសមត្ថកិច្ចចាប់ដាក់គុកព្រោះលោក ហ៊ុន សែនបានប្រាប់ថាគុក និងខ្នោះ ដៃបាននិងកំពង់រង់ចាំឈ្មោះ សម រង្ស៊ី ដែលមានដីកាចាប់ខ្លួន របស់តុលាការរួចហើយ។

ខ្ញុំកត់សំគាល់ឃើញថា មួយរយះចុងក្រោយនេះ លោក សម រង្ស៊ី ដែលតែងតែយកបរទេសជាទី ពឹងបានឃោសនាថានឹងមាន តំណាងរាស្ត្រអឺរ៉ុប៦នាក់អម ដំណើររូបគាត់ទៅកាន់ប្រទេសកម្ពុជាវីញនៅខែកញ្ញា2019ខាងមុខនេៈ។ ប៉ុន្តែ លោក សម រង្ស៊ី ហាក់ដូចជាភ្លេចគិតថា ចេញពីប្រទេសមួយចូលទៅប្រទេសមួយទៀតជនបរទេសមិនអាចដើរចេញចូលប្រទេសផ្សេងបានស្រេចតែតាមក្បាលវ៉ាល់ខ្លួនឯង ចង់នោះឡើយប្រសិនបើគ្មានទិដ្ឋាការចូល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាស្រេចថា ប្រសិនបើកម្ពុជាមិនចេញទិដ្ឋាការឲ្យទេ តំណាងរាស្ត្រអឺរ៉ុបដែលចង់ដង្ហែសម រង្ស៊ីទៅចូលគុកនោះមិនអាចមកកម្ពុជាបានឡើយ។ ហើយទោះជាកម្ពុជាជ្រុលផ្តល់ទិដ្ឋាការជូនរួចហើយក៏ដោយចុះ ប៉ុន្តែ ពេលទៅជាន់ទឹកដីកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចនឹងនាំខ្លួនតែទណ្ឌិតនិងអ្នកផ្សេងទៀត ដែលមានដិកាចាប់ខ្លួនរបស់តុលាការទៅញាត់ក្នុងគុក ចំណែកឯជនបរទេស ឬអ្នកមិនពាក់ព័ន្ធផ្សេងទៀត អាចទៅសម្រាកនៅសណ្ឋាគារយ៉ាងរំភើយ និងអាចធ្វើទេសចរណ៍បានពេញផ្ទៃប្រទេសកម្ពុជាបានតាមចិត្តចង់។ និយាយដោយខ្លី បើហ៊ានជាន់ដីកម្ពុជាពេលណា សម រង្ស៊ី នឹងត្រូវសមត្ថកិច្ចក្រៀកចូលគុកនៅ ពេលនោះភ្លាមដោយគ្មានការលំបាកឡើយពោលគឺងាយស្រួល ដូចបកចេកមិនថាគុកព្រៃសត្រពាំងផ្លុង ឬគុកណាមួយផ្សេងទៀតនោះឡើយ។

សារដ៏ច្បាស់លាស់ជាថ្មីម្តងទៀតនេះរបស់លោក ហ៊ុន សែន ដែលឥតមានអ្វីប្រែប្រួលសោះនោះគឺ «កម្ពុជាដាច់ខាតមិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយឡើយ»ព្រោះសម្រាប់រដ្ឋាភិបាលភ្នំពេញគឺមានការ យល់និងសន្មត់ច្បាស់ណាស់ថា៖«ទោះមាន EBA ក៏កម្ពុជាមិនក្លាយជាអ្នកមាន ហើយបើអត់ EBA ក៏កម្ពុជាមិនដាច់ពោះស្លាប់នោះដែរ។ កម្ពុជាមិនបារម្ភពី EBA ទេតែបារម្ភពីភាពស្ពឹក ស្រពន់របស់មន្ត្រី»។ នេះជាសម្តីបង្កប់ដោយភាពម៉ឺងម៉ាត់មុតស្រួចរបស់លោកហ៊ន សែនទៅកាន់ពលរដ្ឋខ្មែរក្នុងប្រទេសស្វីសនិងនៅអឺរ៉ុបដែលបានមកជួបជុំគ្នាទទួលគាត់។ ហើយសារគន្លិះ របស់លោកហ៊ុន សែនដែលបរទេសតែងតែហៅគាត់ថាជាបុរសខ្លាំង ~Strongman ~ នោះគឺ «បើអឺរ៉ុបផ្តាច់ EBA មាន ន័យថា អ្វីដែលសហភាពអឺរ៉ុប បានជួយកម្ពុជាកន្លងទៅប្រៀបដូចជាអំបិលត្រូវទឹក»។ សំខាន់ជាងនេះ សហភាពអឺរ៉ុបនឹងរួមចំណែកធ្វើឲ្យក្រុមប្រឆាំងផ្កាប់ មុខចប់សព្វគ្រប់តែម្តងពីព្រោះសហភាពអឺរ៉ុបគ្មានមុខអ្វីមក និយាយជាមួយរដ្ឋាភិបាល ភ្នំពេញទៀតឡើយ»។

ការប្រកាសគោលជំហរច្បាស់លាស់របស់លោកនាយករដ្ឋមន្ត្រីនៅលើទឹកដីអឺរ៉ុបអាចចាត់ទុកថាជាយុទ្ធសាស្ត្រតាមវ៉ៃដល់ផ្ទះ គឺវ៉ៃក្រុមប្រឆាំងដល់ក្បែរជម្រករបស់ពួកគេតែម្តង។ ហើយសារនេះ ទៀតសោតក៍បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ពលរដ្ឋខ្មែរនៅអឺរ៉ុបប្រមាណជាជាង ១០០០ នាក់ ដែលមកទទួល លោកនាយករដ្ឋមន្ត្រីនៅ ប្រទេសស្វីសផងដែរ។

ចំនួនអ្នកចេញមកទទួលដែល មានច្រើនសន្ធឹកសន្ធាប់បែបនេះ ក៍អាចសបញ្ជាក់ថា បងប្អូនខ្មែរ នៅក្រៅប្រទេសភាគច្រើនលើសលប់លែងឆោតល្ងង់ចាញ់បោកលោក សម រង្ស៊ី ទៀត ហើយដោយពួកគេបានងាកមកគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែនដែលកំពុងខិតខំការពារនិងកសាងប្រទេសឲ្យរីកចម្រើនជារៀងរាល់ថ្ងៃ។

ការបាត់បង់ការគាំទ្រយ៉ាងគំហុគ នេះហើយដែលធ្វើឲ្យលោក សម រង្ស៊ីរកមនុស្សមកធ្វើបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន លែងបានខុសឆ្ងាយកាលពីមុន។ នេះជាសញ្ញាបញ្ជាក់ថា ក្រុមប្រឆាំងប្រហែលជាបានដើរដល់ថ្ងៃអវសាន្តហើយ។

អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅឯទីក្រុងហ្សឺណែវកាលពីយប់ថ្ងៃទី ៤ កក្កដា ក៏បានបញ្ជាក់យ៉ាងច្បាស់ អំពីសិទ្ធិស្វ័យសំរេចរបស់កម្ពុជា ចំពោះសន្តិភាពនិងស្ថិរភាពសេដ្ឋកិច្ចដែលគាត់បានតាំងចិត្តយ៉ាងមុតមាំថាត្រូវតែការពារឲ្យបានទោះជាក្នុងតម្លៃណាក៏ ដោយ។ ម្យ៉ាងទៀត ប្រការនេះក៏បានបញ្ជាក់អំពីសិទ្ធិស្វ័យ សម្រេចរបស់កម្ពុជាដោយឈរលើផលប្រយោជន៍ជាតិ និងប្រជាជនដោយគ្មានអ្នកណាមានឥទ្ធិពលមកលើសិទ្ធិនេះបានឡើយ។

ខ្ញុំយល់ថាសម្តីម៉ាត់ៗរបស់លោកនាយក រដ្ឋមន្ត្រីពីហ្សឺណែវក៏ជាសារដែលដាក់ឲ្យ សម រង្ស៊ី និងគូកនមួយក្តាប់តូចស្ថិតក្នុងភាពទល់ជញ្ជាំងនិងឯកោកាន់តែខ្លាំង។ ខ្ញុំហ៊ានសន្និដ្ធានថា ឯកោដោយសារការរំពឹងថាអាចមានតំណាងរាស្ត្រអឺរ៉ុបហែរហមទៅកាន់ប្រទេសកម្ពុជាគឺមិនអាចទៅរួចនោះឡើយបើសិនជាកម្ពុជាមិនផ្តល់ទិដ្ឋាការឲ្យតំណាងរាស្ត្រអឺរ៉ុបទាំងនោះ ចូល។ ហើយទោះជាមានទិដ្ឋាការ ក៏ពួកគេមិនអាចការពារ សម រង្ស៊ី និងគូកនដែលមានដិកាចាប់ខ្លួន បានដែរ ពីព្រោះទី១គឺ គ្មានសិទ្ធិ និងទី២គឺមិនអាចធ្វើបានពីព្រោះទីនេះជាដែនអធិបតេយ្យភាព របស់កម្ពុជាដែលស្ថិតក្រោមច្បាប់របស់កម្ពុជា។ ហើយឯកោ ម្យ៉ាងទៀត គឺ អ្នកគាំទ្ររបស់ លោកសម រង្ស៊ី បានបាត់បង់ស្ទើរទាំងស្រុងទាំងនៅក្រៅប្រទេសនិងនៅក្នុងប្រទេស។

នៅក្រៅប្រទេសរកមនុស្សមកធ្វើបាតុកម្មលែងចង់បានហើយខណៈដែលនៅក្នុងប្រទេសក៏គ្មានអ្នកណាចេញមកគាំទ្រ លោកសម រង្ស៊ី ទៀតដែរដោយសារតែការបែកបាក់ និងអស់ជំនឿ។

សរុបមកវិញ ខ្ញុំឃើញបុរសខ្លាំងរបស់កម្ពុជាពិតជាមនុស្សសម្បូរដោយយុទ្ធសាស្ត្រនិងយុទ្ធវិធី បែងភាគមែន។ មិនថានៅក្នុង ឬ ក្រៅប្រទេស លោក ហ៊ុន សែនតែងតែដាក់គូរប្រយុទ្ធឲ្យចុះខ្សោយ និងឯកោជានិច្ច។

ដូច្នេះ តើលោកសម រង្ស៊ី បានអ្វីមកអួតក្អែងក្អាងទៀតអំពីផែនការ វិលត្រឡប់របស់ខ្លួនបើពេលនេះតំណាងរាស្ត្រសហភាពអឺរ៉ុបក៏មិនអាចដង្ហែមកបាន ចំណែក ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏កាន់តែអស់ជំនឿហើយងាកមកគាំទ្រលោកនាយករដ្ឋមន្ត្រីវិញអស់ទៅហើយនោះ? រីនៅឯក្នុងប្រទេសឯណេះវិញ អាជ្ញាធរ មានសមត្ថកិច្ចនៅតែឈរយ៉ាង រឹងមាំដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមដោយមិនអនុញ្ញាតឲ្យមានអ្នកណាមកបង្កភាពចលាចលបានឡើយ។

ខ្ញុំយល់ថានេះហើយជាតម្លៃពិត នៃសិទ្ធិស្វ័យការពារ និងស្វ័យសម្រេចរបស់កម្ពុជាដែលលោក ហ៊ុន សែនបាននិងកំពុងអនុវត្ត។

ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ