គណបក្សប្រជាជនកម្ពុជាតែងគិតគូជានិច្ចទៅដល់សុខមាលភាពរបស់ប្រជាជន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងអង្គមីទ្ទីង រំឭកខួប ៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលមានមហាជន ចូលរួម ៣ម៉ឺននាក់ ថា គណបក្សប្រជាជនកម្ពុជា តែងគិតគូជានិច្ចទៅដល់សុខមាលភាពរបស់ប្រជាជន ។

សម្តេចតេជោបានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គមដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា រាជរដ្ឋាភិបាលបានបង្កើត បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងគោលដៅផ្តល់នូវសេវាធានាសន្តិសុខសង្គម និងដើម្បីរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរពេលចាស់ជរា ទុព្វលភាព និង​នៅពេលទទួលរងហានិភ័យការងារផ្សេងៗ ។ ក្នុងនោះ ផ្នែកថែទាំសុខភាពនៃ ប.ស.ស បានគ្របដណ្តប់លើប្រជាពលរដ្ឋជាង ២លាននាក់ ដោយរាប់បញ្ចូលទាំងកម្មករ-និយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ។ រីឯផ្នែកហានិភ័យការងារ ដែលបានជួយសម្រួលបន្ទុកដល់កម្មករ-និយោជិតដែលមានគ្រោះថ្នាក់ពេលបំពេញការងារ បានចុះបញ្ជិកាចំនួនជាង ១៣ពាន់សហគ្រាស និងមានវិសាលភាពលើកម្មករ​និយោជិតប្រមាណ ១,៧លាននាក់ ។

សម្តេចតេជោប្រធានគណបក្ស បានថ្លែងទៀតថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិតជាស្ត្រីសម្រាលកូន ប្រមាណ ៩ម៉ឺននាក់ រួចហើយ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ តាម រយៈ​ ប.ស.ស សរុបជាទឹកប្រាក់ប្រមាណ ៣៦ពាន់លានរៀល គិតតាំងពីដើមខែមករា ឆ្នាំ២០១៨ មកទល់ដំណាច់ខែ មេសា ឆ្នាំ២០១៩ ។

សម្តេចតេជោបានថ្លែងទៀតថា ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ តទៅ ដើម្បីជួយសម្រាលបន្ទុក លើកកម្ពស់ជីវភាពរស់នៅ និងអាហារូបត្ថម្ភទៅដល់ស្ត្រី និងកុមារ ។ ការឧបត្ថម្ភនេះ ត្រូវបានផ្តល់ជូននៅពេលស្រ្តីមានផ្ទៃពោះ មកទទួលសេវានៅមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងពេលសម្រាល និងក្រោយពេលសម្រាល និងក្នុងករណីរលូតកូន, កូនស្លាប់ ឬ ម្តាយស្លាប់ ។ រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តផ្តល់ការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ដល់កុមារកម្ពុជា ៕ ដោយ៖ ខៀវ​ យុទ្ធ​វង្ស