លោក ណយ ច័ន្ទតារាអនុប្រធានសហភាពសហព័ន្ធយុវជនតំណាងលោក ឈឹម កាន បានចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក ណយ ច័ន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា តំណាងលោក ឈឹម កាន ជាប្រធាន បានចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជិត២០០នាក់ នៅអនុវិទ្យាល័យមេម៉ង់ ស្ថិតនៅឃុំមេម៉ង់ ស្រុកកែវសីមា។
លោក ណយ ច័ន្ទតារា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាល លោកតែងតែណែនាំដល់ប្រធានក្រុមការងារស.ស.យ.កខេត្ត/ក្រុង/ស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាចុះជួយដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង អនុវិទ្យាល័យមេម៉ង់ ក្នុងស្រុកកែវសីមា កន្លងមក មានការខ្វះខាតជាសម្ភារៈប្រើប្រាស់ក្នុងសាលា លោក ណយ ច័ន្ទតារា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ដើម្បីជាការទិញសម្ភារៈប្រើប្រាស់ក្នុងសាលា។ ម្យ៉ាងទៀត ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលរៀនពូកែ ចាប់ពីចំណាក់ថ្នាក់លេខ១ដល់លេខ៥ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ៤ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម និងបន្ទាត់១ ហើយការផ្តល់ជូននេះ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ដោយឡែក លោកគ្រូ អ្នកគ្រូចំនួន១០នាក់ ក្នុងម្នាក់ៗ ថវិកា៣ម៉ឺនរៀល។ លោក ណយ ច័ន្ទតារា បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ហើយត្រូវជចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងឧបាយមុខផ្សេងៗ។
បន្ទាប់មក លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.កខេត្ត និងលោក ឃន់ អូន ប្រធានស.ស.យ.កក្រុងសែនមនោរម្យ បានចុះសួរសុខទុក្ខ និងផ្តល់ថវិកា៣០ម៉ឺនរៀល ផ្តល់ជូនដល់កុមារីម្នាក់ ដែលពស់ចឹក និងខ្វះឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងដោយមានការអំពាវនាវពីមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវរកសប្បុរសជន ដើម្បីជួយដល់កុមារីរងគ្រោះ ក្នុងនោះ លោកក៏មានការចូលរួមពីលោក ថៃ ឃីន អាយុ៤៨ឆ្នាំ និងអ្នកស្រី យៀង សុធារី អាយ៣១ឆ្នាំ អ្នកទាំងពីររស់នៅក្រុងសែនមនោរម្យ បានចូលរួមបរិច្ចាគឈាមម្នាក់មួយប្លោក ជូនកុមារីរងគ្រោះដោយពស់ចឹក ឈ្មោះ នែម ក្រាក់ អាយុ៥ឆ្នាំ រស់នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕