ស.ស.យ.កខេត្តមណ្ឌលគិរី ចុះសួរសួខទុក្ខ សមាជិកម្នាក់ មានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

មណ្ឌលគិរី៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក ង៉ុយ សុភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំង រួមទាំងលោក ណយ ច័ន្ទតារា អនុប្រធាន តំណាងលោក ឈឹម កាន ជាប្រធាន បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន៥៤ម៉ឺនរៀល ផ្តល់ជូនអ្នកជំងឺគ្រុនឈាមម្នាក់ឈ្មោះ សុវិន ប៊ុនធាន ជនជាតិព្នង និងជាសមាជិកស.ស.យ.កស្រុក រស់នៅឃុំសែនមនោរម្យ ស្រុកអូររាំង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

នាឱកាសនោះ លោក ង៉ុយ សុភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ជាប្រធាន ដែលជានិច្ចកាលលោកតែងតែណែនាំដល់ប្រធានក្រុមការងារស.ស.យ.កខេត្ត/ក្រុង/ស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាចុះជួយដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ជាពិសេស សមាជិក សមាជិកា យើង ដែលជួបការលំបាកខ្វះខាត និងមានជំងឺឈឺឆ្កាត់ផ្សេងៗ។ លោកបានបន្ថែមថា ថវិកាទាំងនេះ គឺបានមកពីការចូលរួមពីសមាជិក សមាជិកាខេត្ត/ក្រុង/ស្រុកទាំងអស់ ដើម្បីជួយចែករំលែកដល់សមាជិកយើងដែលមានជំងឺផងដែរ។

ឆ្លៀតនាឱកាសនោះ លោក ណយ ច័ន្ទតារា អនុប្រធាន ស.ស.យ.ក ខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០ម៉ឺនរៀលជូនលោក ទ្រុញ សាខន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយលោកអនុប្រធាន តំណាងលោកប្រធាន និងសមាជិក សមាជិកាទាំងអស់ សូមជូនពរលោក ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ ដើម្បីចូលរួមបម្រើការងារក្នុងអង្គភាព និងការងារក្នុងសង្គមផងដែរ៕