ផ្តល់ឈាម គឺផ្តល់នូវជីវិត និងក្តីស្រលាញ់ ដើម្បីជួយសង្រ្គោះអាយុជីវិត

មណ្ឌលគិរី៖ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការបំផុសចិត្តគំនិតដល់ស្រទាប់យុវជន សាធារណជន និងផ្តល់ឱកាសអោយពួកគាត់ក្លាយខ្លួនជាអ្នកផ្តល់ឈាម ក្នុងការជួយសង្រ្គោះអាយុជីវិត នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កញ្ញា ហួត ពិសី រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យបង្អែកខេត្ត តាមការអំពាវនាវរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីជួយសង្រ្គោះដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមជាបន្ទាន់។

លោក ណយ ច័ន្ទតារា អនុប្រធានស.ស.យ.កខេត្ត បានបញ្ជាក់ថា កន្លងមក នៅពេលមានអ្នកជំងឺធ្ងន់ធ្ងរ និងខ្វះឈាម សម្រាកព្យាបាលនៅមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកខេត្តតែងតែផ្សព្វផ្សាយនិងអំពាវនាវរកសប្បុរសជន តាមរយះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីជួយផ្តល់ឈាមដល់ជនរងគ្រោះ។ ជាក់ស្តែង កញ្ញា ហួត ពិសី បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាម ពិតណាស់ ឈាមមួយប្លោកដែលយើងបានបរិច្ចាគថ្ងៃនេះ នឹងអាចជួយជីវិតអ្នកដែលត្រូវការនៅថ្ងៃបន្ទាប់៕