ស.ស.យ.ក.ខេត្តមណ្ឌលគិរី និងក្រុមរួបរួមមិត្ត ដើម្បីការងារមនុស្សធម៌ ចុះសួរសុខទុក្ខ និងបរិច្ចាគឈាម ថែមទាំងផ្តល់ថវិកាមួយចំនួនជូនដល់ ស្ត្រីម្នាក់ មានជំងឺធ្ងន់ធ្ងរ និងបានក្អូតឈាម កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្ត

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឃន់ អូន ប្រធាន ស.ស.យ.ក ក្រុង និងសមាជិក សមាជិកា និងលោក ណយ ច័ន្ទតារា តំណាងក្រុមរួបរួមមិត្ត ដើម្បីការងារមនុស្សធម៌ បានចុះសួរសុខទុក្ខ និងបរិច្ចាគឈាម ថែមទាំងផ្តល់ថវិកាមួយចំនួន ផ្ដល់ជូនស្ត្រីម្នាក់ឈ្មោះ ញ៉ាញ់ ប៊ុញ រស់នៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលមានជំងឺធ្ងន់ធ្ងរ និងបានក្អូតឈាម កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ។

លោក ឃន់ អូន ប្រធានស.ស.យ.កក្រុងសែនមនោរម្យ បានពាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ប្រធានស.ស.យ.ក ខេត្ត ដែលជានិច្ចកាល ស.ស.យ.កខេត្ត តែងតែជួយដោះស្រាយការលំបាកជូនដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែង ស្រ្តីម្នាក់ មានជំងឺធ្ងន់ធ្ងរនាពេលនេះ ទទួលបានថវិកាចំនួន៥២ម៉ឺនរៀល ហើយថវិកាទាំងនេះ បានមកពីការចូលរួមពីសមាជិក សមាជិកាស.ស.យ.កខេត្ត/ក្រុង/ស្រុក ដើម្បីជួយដោះស្រាយការខ្វះខាតបានទាន់ពេលវេលា។

ក្នុងគ្រារនោះដែរ លោក រតនៈ ម៉ាណែល សមាជិក រួបរួមមិត្ត ដើម្បីការងារ មនុស្សធម៌ ក៏បានចូលរួមបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយដល់អាយុជីវិតស្រ្តីម្នាក់ ដែលកំពុងខ្វះខាតឈាមផងដែរ៕