លិខិតមិតអ្នកអាន៖ «កុំកាឡៃរឿងច្បាប់ឲ្យទៅជារឿង«នំបញ្ចុក»!

(ភ្នំពេញ) ៖ ​វា​ជា​រឿង​អកុសល​និង​គួរ​ឲ្យ​ហួសចិត្ត​ដែល​មនុស្ស​មួយក្រុម​គិតតែ ប្រឌិត​រឿង​និង​បង្កើត​ព័ត៌មាន​មិន​ពិត​ដើម្បី​ផ្សាយ​បំពុលសង្គម​។ បន្ទាប់ពី​រឿងរ៉ាវ​ជាច្រើន​ត្រូវបាន​ប្រឌិត បំភ្លៃ និង​ផ្សព្វផ្សាយ​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម ឥឡូវ​ចូលដល់​រឿង​«​នំ​បញ្ចុក​» វិញ​ម្តង​។

​ខ្ញុំ​បាន​តាមដាន​និង​កត់សំគាល់​ឃើញថា​ក្រុម​ដដែលៗ​នេះឯង​ដែល​បាននិងកំពុង​មួលបង្កាច់​និង​កាឡៃ​រឿង​ដែល​
​តុលាការខេត្ត​បាត់ដំបង​កោះហៅ​អតីតមន្ត្រី​និង​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ២៦ នាក់​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ពីបទ​សង្ស័យថា បាន បំពាន​សាលដីកា​តុលាការ​កំពូល នោះ​ឲ្យ​ទៅជា​រឿង​ស៊ី​នំ​បញ្ចុក​ទៅវិញ​។

​ក្រុម​មេ​ចលនា​មេគំនិត​ផលិត​​ព័ត៌មាន​ក្លែងក្លាយ​ដែល​ភាគ​​ច្រើន​កំពុងតែ​សម្ងំ​លាក់ខ្លួន​នៅក្រៅ​ប្រទេស​ដើម្បី​គេច​ពី សំណាញ់​ច្បាប់​បាននិងកំពុង​បំផុស​ដើម្បី​បំភាន់​មហាជន​ថា អ្នក​ដែល​តុលាការ​កោះហៅ​នោះ​ដោយសារតែ​ពួកគេ​ស៊ី​នំ​បញ្ចុក​។ ពួកគេ​បាន​យកពាក្យ​ស៊ី​នំ​បញ្ចុក​នេះ​ទៅ​ចំអកឡកឡឺយ​ឲ្យ ​សមត្ថកិច្ច និង​តុលាការ​ថា គ្រាន់តែ​ស៊ី​នំ​បញ្ចុក​សោះ​ក៏​កោះហៅ ទៅ​សួរ​ដែរ​។

​តាមពិត​រឿងរ៉ាវ​នំ​បញ្ចុក​គឺជា​សេណារីយោ​មួយ​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​។ នៅក្រោយ​ការរំលាយ​អតីត​គណបក្សប្រឆាំង​ដោយ​សាលដីកា​តុលាការ​កំពូល និង​ការហាម​ប្រាម​មន្ត្រី​និង​សកម្មជន​គណបក្ស​នេះ ១១៨ នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ មាន​អ្នកនយោបាយ​ដែល​ជាប់​បម្រាម​ភាគច្រើន​បាន​ផ្អាក​សកម្មភាព​ដោយ​ពួកគេ​គោរព​តាម​សាលដីកា​តុលាការ​កំពូល​។

​ប៉ុន្តែ ទន្ទឹមនឹងនោះ​ក៏មាន​ក្រុម ញៀន​នឹង​ការបំពានច្បាប់​មួយក្រុម​ដឹកនាំ​ដោយ​មេ​ចលនា ពី​ក្រៅប្រទេស​បាន​បន្ត​បំពាន ច្បាប់​តាម​ទម្លាប់​ដែល​ពួកគេ​ធ្វើជា​ដរាប​មក​។ មេ​ចលនា​ទាំងនោះ បានរៀបចំ​សេណារីយោ​ផ្សេងៗ​ជាច្រើន​ឲ្យ​បណ្តាញ​របស់ខ្លួន​នៅក្នុង​ស្រុក​អនុវត្តតាម​ដោយ​សម្ងាត់ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ពួកគេ​រំពឹងថា​អាច​លាក់ បាំង​ពី​ភ្នែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​។

​សេណារីយោ​ទាំងនោះ​មានដូចជា​ការជួបប្រជុំ​នយោបាយ​នៅតាម​រថយន្តក្រុង​ដើម្បី​បន្លំ​ថា​ជា​អ្នកធ្វើដំណើរ​ធម្មតា​, ជួបជុំ​តាម​ភោជនីយដ្ឋាន​ដើម្បី​បន្លំ​ថា​ជាការ​ជួបជុំ​អាហារ​ធម្មតា រីឯ​អ្នក​ខ្លះទៀត​ក៏​ជួបជុំគ្នា​ធ្វើ​សកម្មភាព នយោបាយ​ខុសច្បាប់​ក្រោមរូបភាព​ជួបគ្នា​ហូប​នំ​បញ្ចុក​។ បើ​និយាយអោយចំ​ត្រង់​តែម្តង​គឺ​ពាក្យ​ថា ជួបជុំ​ហូប​នំ​បញ្ចុក គឺ​គ្រាន់តែ​ជា​ខែល​ដែល​ពួកគេ​យកមក​បិទបាំង​សកម្មភាព នយោបាយ​ខុសច្បាប់​របស់ខ្លួន​តែប៉ុណ្ណោះ​។ ប៉ុន្តែ សកម្មភាព​ទាំងអស់នេះ​មិនអាច​គេចផុត​​ពី​ក្រសែភ្នែក​សមត្ថកិច្ច​បាន​​ឡើយ​។ ហើយ​នៅពេលដែល​សេណារីយោ​ទាំង​អម្បាល​​ម៉ាណ​ត្រូវបាន​វែកមុខ តុលាការ​ក៏បាន​កោះហៅ​អ្នកពាក់ព័ន្ធ​ឲ្យ​ទៅ​បំភ្លឺ​។ ហេតុដូច្នេះ​ហើយ​បានជា​នៅពេលនេះ ពួកគេ​ក៏​ខិតខំ បំភ្លៃ កាឡៃ​សាច់រឿង​ឲ្យ​មហាជន​យល់ច្រឡំ​ថា គ្រាន់តែ​ហូប​នំ​បញ្ចុក​សោះ​ត្រូវបាន​តុលាការ​កោះហៅ​ដែរ​។ ប៉ុន្តែ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា នំ​បញ្ចុក​គ្រាន់តែ​ជា​ឡប់ឡែ​។

​ដូច្នេះ សូម​ក្រុម​ជ្រុលនិយម​កុំ​បំភ្លៃ​សភាពការណ៍​ឲ្យ​សោះ​! ការពិត​មិនអាច​កាឡៃ​បានទេ​។ នៅ​កម្ពុជា ប្រជាពលរដ្ឋ​មាន​សេរីភាព​គ្រប់បែបយ៉ាង​ក្នុងការ​ប្រកបមុខរប​រ និង​ជ្រើសរើស​ការងារ ឬ​ការហូបចុក​ដោយ​សេរី​។ ចង់​អ្នកណា​ហូប​នំ​បញ្ចុក គុយទាវ មី លត​ឆា បាយ​ឆា ពង​ទា​កូន រហូតដល់​អាហារ​ឆ្ងាញ់ៗ​គ្រប់បែបយ៉ាង​នៅក្នុង​ហាង​គឺជា​សេរីភាព​ពេញទី ដោយ គ្មាន​ការរារាំង​ឡើយ​។ ប៉ុន្តែ មិន​ថា អ្នក​ហូប​អ្វី​ទេ ឲ្យ​តែ​ប្រព្រឹត្ត​រឿង​ខុសច្បាប់ ឬ​ធ្វើ​រឿង​អ្វីដែល​ច្បាប់​ហាមឃាត់ អ្នកនោះ​នឹងមាន​ទោស​ជាក់​ជា​
​មិន​ខាន​។ ដូច្នេះ ខ្ញុំ​យល់ថា​មិនចាំបាច់​យក​បញ្ហា​នំ​បញ្ចុក​មក​បិទ បាំង​កំហុស​របស់ខ្លួន​នោះឡើយ​។

​ជាការ​កត់សម្គាល់ ក្រៅពី​ពូកែ បង្កើត​រឿង​បំពាន​ច្បាប់​ឥតឈប់ឈរ​ហើយ​នោះ ក្រុមប្រឆាំង​ជ្រុលនិយម​ទាំងនោះ​ក៏មាន​ជំនាញ​ខាង​ការ​បំភាន់ កាឡៃ សាច់រឿង និង​ការផលិត​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​។ នេះ​គឺជា​វិធីសាស្ត្រ​ចុងក្រោយ​ដើម្បី​ផ្សងព្រេង​រក​ការសង្គ្រោះ​ជីវិត នយោបាយ​ចុងក្រោយ​របស់​ក្រុម​មេដឹកនាំ​បណ្តាញ​ចលនា​ប្រឆាំង​ជ្រុលនិយម​ដែល​កំពុង​លាក់ខ្លួន នៅក្រៅ​ស្រុក​តែប៉ុណ្ណោះ​។ ដូច្នេះ សូម​បងប្អូន​ដែល​កំពុង​រស់នៅ​ក្នុងស្រុក​កុំ​ចាញ់បោក​ក្រុម​បណ្តាញ​នេះ​ឲ្យ​សោះ​ប្រយ័ត្ន​គេ​រុញ​ឲ្យ​ប្រព្រឹត្ត​រឿង​ខុសច្បាប់​នាំទុក្ខ​ទោស​ដល់​ខ្លួន​។ ពួកនេះ​មិន​ហ៊ាន​ចូល​ស្រុក​ដោយ​ខ្លួនឯង​ទេ​ដោយសារតែ​ខ្លាច​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ពីព្រោះ​ពួកគេ​បាននិងកំពុង​បន្ត​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ច្រើនពេក​ហើយ​។ ដូច្នេះ វិធីសាស្ត្រ​របស់​ពួកគេ​គឺ​រុញ​អ្នក​នៅក្នុង​ស្រុក​ឲ្យ​រង​ទុក្ខទោស​ជំនួស​ដើម្បី​ពួកគេ​ធ្វើ​អាជីវកម្ម​នយោបាយ​។ នេះហើយ​ជា​អ្វីដែល​គេ​ហៅថា នយោបាយ​យក​ឈាម​និង​ទឹកភ្នែក​​ប្រជាពលរដ្ឋ​ជា​ឈ្នាន់​។

ប៉ុន្តែ ប្រទេស​មានច្បាប់ ក្រួសារ មាន​វិន័យ ។ ដូច្នេះ អ្នកប្រព្រឹត្ត ខុសច្បាប់​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។ សូម​បងប្អូន​ចងចាំ​ថា ប្រទេស​កម្ពុជា​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​សភាពការណ៍​គ្រប់បែប យ៉ាង​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​ក្រៅច្បាប់​ណា​មក ក្រឡុក​សភាពការណ៍​បានឡើយ​។ អាស្រ័យ​ហេតុនេះហើយ​បានជា​រាល់​គម្រោង​ផែនការ​សម្ងាត់​នានា​ដែល​បាននិងកំពុង​ដាក់​ចេញពី​ក្រៅប្រទេស​មិនអាច​រំលង​ពី​ក្រសែភ្នែក​របស់​សមត្ថកិច្ច​បានឡើយ​មិន​ថា​គម្រោងការ​នោះ​ធ្វើឡើង​ក្រោមរូបភាព​និង​ទំរង់​អ្វី​ឡើយ រាប់ទាំង រូបភាព​ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ផងដែរ​។​

​អ្នក​ហូប​នំ​បញ្ចុក​គ្មាន​ទោស​ទេ ហើយ​អ្នកធ្វើនយោបាយ​ស្របច្បាប់​ក៏​គ្មាន​ទោស​ដែរ​។ ប៉ុន្តែ អ្នក​យកនំ​បញ្ចុក​ធ្វើ​ខែល​បិទបាំង​សកម្មភាព​ខុសច្បាប់​ទេតើ​ដែល​មានទោស​នោះ​។

​ដូច្នេះ សូម​អស់លោក​កុំ​កាឡៃ រឿង​ច្បាប់​ឲ្យ​ទៅជា​រឿង​នំ​បញ្ចុក​ឲ្យ​សោះ​។ ការ​កាឡៃ បំភាន់
​ញុះញង់​ដើ​ម្បំ​បំពុលសង្គម​ក្នុង​ចេតនា​បង្ក​ឲ្យ​មានការ​ប្រព្រឹត្ត​បទល្មើស​ជា​អាថ៌ ក៏​ជា​ទោស​មួយ​ដែរ​៕ ដោយ អ្នកតាមដាន​នយោបាយ​តុ​កាហ្វេ​