អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា ការដែលមានការអះអាងថាមិនមានសារព័ត៌មានឯករាជ្យនៅកម្ពុជានេះ គឺជាការមើលមួយជ្រុង

ភ្នំពេញ៖ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការដែលមានការអះអាងថាមិនមានសារព័ត៌មានឯករាជ្យនៅកម្ពុជានេះ គឺជាការមើលមួយជ្រុង។

ឯកឧត្តមបានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាគឺមានភាពឯករាជ្យក្នុងការផ្សព្វផ្សាយរបស់ខ្លួន។ ប៉ុន្តែការយល់ឃើញពីទស្សនៈខាងក្រៅប្រទេសនោះ គឺមានចេតនាផ្សេង ដើម្បីបន្ទោសបង្អាប់ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបរិយាកាសនៃសេរីភាពសារព័ត៌មានកម្ពុជាផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តទៀតថា អ្នកសារព័ត៌មាននៅកម្ពុជាមានសេរីភាពពេញលេញ មានឯករាជ្យភាពពេញលេញ ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬហេតុការណ៍ដែលគាត់ទទួលព័ត៌មានប្រភពរបស់គាត់ ដោយគ្មានការត្រួតពិនិត្យជាមុន ផ្អែកតាមច្បាប់សារព័ត៌មាន។

ទន្ទឹមនឹងនោះ នៅក្នុងច្បាប់របស់សារព័ត៌មានក៏បានចែងយ៉ាងច្បាស់អំពីឯករាជ្យភាពរបស់សារព័ត៌មាននៅក្នុងរក្សាការសំងាត់នូវប្រភពព័ត៌មានដែលពួកគាត់ទទួលបានទៀត នេះបង្ហាញអំពីឯករាជ្យភាពយ៉ាងពេញលេញរបស់សារព័ត៌មាន៕

ដោយ៖ ខៀវ យុទ្ធវង្ស