អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ប្រជាពលរដ្ឋដែលតាមដាន និងទទួលព័ត៌មានពីបណ្តាញអនឡាញ ត្រូវពិនិត្យពិចារណាចំពោះប្រភពនៃព័ត៌មាននោះ

ភ្នំពេញ៖ ការផ្សព្វផ្សាយតាមបណ្តាញសង្គម បច្ចុប្បន្ននេះដោយសារការវិឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន យើងឃើញថា ប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបណ្តាញសង្គមនេះមានកើនឡើងផងដែរពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម  មាស សុភ័ណ្ឌ បានបញ្ជាក់ឲ្យដឹងថា ការផ្សព្វផ្សាយតាមអនឡាញ បណ្តាញសង្គមនេះ មានពីរប្រភេទ៖ ទី១ ផ្សព្វផ្សាយចេញពីស្ថាប័នអ្នកសារព័ត៌មានមានវិជ្ជាជីវៈ និងទី២ អ្នកសារព័ត៌មានប្រជាពលរដ្ឋ។ ដូចនេះអ្នកស្តាប់តាមដានព័ត៌មានទទួលដំណឹងពីបណ្តាញអនឡាញ ឬបណ្តាញសង្គមត្រូវពិនិត្យពិចារណាផងដែរចំពោះប្រភពព័ត៌មាននេះចេញមកពីអ្នកសារព័ត៌មានប្រជាពលរដ្ឋ ឬក៏ប្រភេទសារព័ត៌មានដែលចេញពីអង្គភាព។

ពាក់ព័ន្ធនឹងអង្គភាពផ្សាយតាមអនឡាញ តាមវិទ្យុ ឬតាមទូរទស្សន៍ គឺតម្រូវឲ្យចុះបញ្ជីនៅក្រសួងព័ត៌មានដែលជាអាណាព្យាបាល ក្នុងការសំរបសំរួលទៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងនោះផងដែរ ប្រព័ន្ធផ្សព្វផ្សាយស្របច្បាប់ទាំងអស់ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវក្នុងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយផ្អែកតាមមាត្រាទី១០-ទី១១ នៃច្បាប់របស់អ្នកសារព័ត៌មាន៕

ដោយ៖ ខៀវ យុទ្ធវង្ស