អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ យើងត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងលុបបំបាត់ព័ត៌មានក្លែងបន្លំ ហើយវានឹងស្លាប់ទៅវិញពេលយើងបង្ហាញព័ត៌មានពិតប្រាកដជូនទស្សនិកជន

ភ្នំពេញ៖ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» ទាក់ទងនឹងព័ត៌មានក្លែងបន្លំ ជាទូទៅព័ត៌មានក្លែងបន្លំបានផ្ទុះឡើង ហើយក៏មានព័ត៌មានបន្សាបព័ត៌មានក្លែងបន្លំនេះដែរ ដោយផ្តល់អ្នកសារព័ត៌មានគ្រប់គ្នា ខិតខំផ្សព្វផ្សាយព័ត៌មានពិត អាចទប់ស្កាត់ព័ត៌មានក្លែងបន្លំបានទេ បើចំនួនអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈមានចំនួនតិចតួចជាងអ្នកបង្កើតព័ត៌មានក្លែងបន្លំ ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះការរីករាលដាលសាយភាយព័ត៌មានក្លែងបន្លំនេះ កំពុងចោទជាបញ្ហាប្រឈមមិនថានៅក្នុងប្រទេសកម្ពុជាទេ នៅក្នុងតំបន់លើសកលលោកទាំងមូលតែម្តង ដូចនេះយើងកំពុងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ ក៏ទាមទារគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជាស្ថាប័នសាធារណៈរដ្ឋាភិបាល អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋផងដែរ ត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ទល់ព័ត៌មានក្លែងបន្លំនេះ។

ឯកឧត្តមបានបន្តថា អ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈរបស់យើងនៅមានកម្រិត មានចំនួនតិចនៅឡើយបើប្រៀបធៀបនឹងពួកអ្នកបង្កើតព័ត៌មានក្លែងបន្លំ តែព័ត៌មានក្លែងបន្លំនោះវានឹងស្លាប់ទៅវិញ នៅពេលយើងមានព័ត៌មានពិតបង្ហាញជូនទស្សនិកជន។

ក្នុងនោះផងដែរព័ត៌មានក្លែងបន្លំជាប្រធានបទដ៏ព្រួយបារម្ភមួយរបស់ពិភពលោកលើវិស័យព័ត៌មានក្នុងយុគសម័យឌីជីថលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំដែលបង្កឡើងដោយជនអគតិមួយចំនួន ដើម្បីបំរើមហិច្ឆតាលោភលន់របស់ខ្លួន ដែលកំពុងតែគំរាមកំហែងសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូល៕

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

ដោយ៖ ខៀវ យុទ្ធវង្ស