ការបង្ហោះព័ត៌មានតាម Facebook ដោយខ្វះការពិចារណារបស់លោក ផែង វណ្ណៈ ប៉ះពាល់កិត្តិយសប្រមុខរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ កាលថ្មីៗនេះ បុគ្គល ផែង វណ្ណៈ យកបណ្តាញសង្គម Facebook ធ្វើជាមូលដ្ឋានវាយប្រហារគេឯងតាមអំពើចិត្ត បង្កអសន្តិសុខដល់សង្គម ផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់ថ្នាក់ដឹកនាំ ដោយបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី ។

ភាពខ្វះការគិតពិចារណារបស់លោកផែង វណ្ណៈ ការចង់ទទួលបានភាពល្បីល្បាញ ការចុច Like & share & comment ពាក្យបញ្ជោរ របស់គាត់ទាំងអស់នេះហើយ ដែលកាន់តែធ្វើឲគាត់ ធ្លាក់ទៅក្នុង រណ្តៅអវិជ្ជា គ្រោះថ្នាក់ កាន់តែខ្លាំងទៅៗ។

ពាក់ពន្ធ័ករណីនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់មានប្រសាសន៍លើកឡើងថា «ការផ្សាយព័ត៌មានតាម Facebook មិនមែនជាការទទួលខុសត្រូវទេ ! ប៉ុន្តែការទទួលខុសត្រូវមានមួយ គឺនៅពេលយើងផ្សាយប៉ះពាល់កិត្តិយសអ្នកដទៃ» ។ ការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្រ្តី គោលបំណងចង់នាំសារអោយអ្នកដែលចូលចិត្តលេងបណ្តាញសង្គម FB មានកាប្រយ័ត្នប្រយែង និងមានការទទួលខុសត្រូវពីអ្វីដែលបានសរសេរ បង្ហោះលើ Fcebook។

កន្លងមក លោក ផែង វណ្ណៈធ្លាប់មានរឿងកើតឡើងច្រើនដងច្រើនសារ ពាក់ព័ន្ធរឿងផ្សព្វផ្សាយលើ Facebook ហើយថ្មីៗនេះលោកទទួលលិខិតបង្កើតអាជីវកម្មវេបសាយ phengvannaknews.com ប៉ុន្តែមិនមានសកម្មភាពផ្សព្វផ្សាយព័ត៌មានទេ។ លោកនៅតែបន្តប្រើប្រាស់បណ្តាញសង្គម Facebook សំរាប់ផ្សព្វផ្សាយ វាយប្រហារតាមចិត្តឯង ប៉ះពាល់កិតិ្តយលបុគ្គលសាធារណៈជាញឹកញាប់។

ក្នុងនោះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា ក៏បានបង្ហោះសារក្នុង Facebook ថា «អ្នកសារព័ត៌មាន និង អ្នកលេង Facebook គឺគាំពារតាមផ្លូវច្បាប់មិនដូចគ្នាទេ »

លោកបានបន្តថា «អ្នកសារព័ត៌មាន» គឺមានច្បាប់ស្តីពីរបបសារព័ត៌មាន។ ទោះបីជាយ៉ាងណា អ្នកសារព័ត៌មាន ដែលឆ្លងកាត់ការបណ្តុះបណ្តាល គឺមិនងាយប៉ាតណាប៉ាតណីទេ។ គេមានការផ្ទៀងផ្ទាត់ខ្លឹមសារ មានក្រមសីលធម៌ និងមានក្រុមនិពន្ធនាយកត្រួតពិនិត្យខ្លឹមសារ មុនចេញផ្សាយ។ ពួកគេ ទោះបីបម្រើការនៅអង្គភាពសារព័ត៌មាន តូចក្តី ធំក្តី ឬធ្វើជាភ្នាក់ងារឆ្លងឆ្លើយឲ្យសារព័ត៌មានបរទេស គឺមិនងាយប្រព្រឹត្តិកំហុសផ្នែកសីលធម៌វិជ្ជាជីវៈនោះទេ។

សិទ្ធិបញ្ចេញមតិ គឺមានគ្រប់គ្នា តែ សេរីភាពមានព្រំដែនកំណត់។ បើ «អ្នកលេង Facebook» ជាញឹកញយ បើក Volume មួយទំហឹង ពួយម៉ាអស់ចិត្តតែម្នាក់ឯង គឺងាយនឹងភ្លាំងភ្លាត់ណាស់។ បើគេគ្រប់គ្រងអារម្មណ៍មិនបាន នោះកាន់តែងាយបំពានលើសិទ្ធិនិងតម្លៃអ្នកដទៃ។ ហើយបើបែរជាត្រូវរងការប្តឹងពីបទប្រមាថបរិហាបង្ខូចកេរ្តិ៍ ក៏មិនទាក់ទងនឹងច្បាប់ស្តីពីរបបសារព័ត៌មានដែរ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ ថ្ងៃទី០២ ខែមេសា ព្រះរាជអាជ្ញាបានចោទប្រកាន់បុគ្គល ផែង វណ្ណៈ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ៕