អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ ផែង វណ្ណៈ ចូល​បង្ហាញខ្លួន ឲ្យ​បាន​មុន​ថ្ងៃទី​៣០​មេសា តាម​បណ្តឹង​របស់ Fresh News

(​ភ្នំពេញ​)៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង បានចេញ​ដីកា​បញ្ជា​ឲ្យ​លោក ផែង វណ្ណៈ ចូលខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាមរយៈ​ទំព័រ ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះ Pheng Vannak News កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។​

អង្គភាពសារព័ត៌មាន Fresh News បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ប្តឹងបុគ្គល ផែង វណ្ណៈ បន្ទាប់ពីបុរសនេះ បានបរិហារតាមហ្វេសប៊ុក ដោយថា Fresh News ផ្សាយតែព័ត៌មាន ដែលបានលុយ និងបានផលប្រយោជន៍ប៉ុណ្ណោះ។ Fresh News ប្តឹងទាមទារសំណងពីផែងវណ្ណៈ ចំនួន ៥០ម៉ឺនដុល្លារ។

កន្លងមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា « នៅលើសកលលោក ការផ្សាយព័ត៌មាន តាម Facebook មិនមែនជាការទទួលខុសត្រូវទេ! ប៉ុន្តែការទទួលខុសត្រូវមានមួយគឺនៅពេលយើងផ្សាយប៉ះពាល់កិត្តិយសអ្នកដទៃ»៕