មេបញ្ជាការទ័ពជើងគោកកម្ពុជា ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយតំណាងនិស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ ឆ្លៀតពេលដ៏មមាញឹកនៃដំណើរទស្សនកិច្ចនៃគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយតំណាងនិស្សិតដែលកំពុងសិក្សានៅតាមសាលាយោធានៃសហព័ន្ធរុស្ស៉ី នៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩នៅរដ្ឋធានីម៉ូស្គូ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាព និងការកោតសរសើរចំពោះនិស្សិតដែលបានខិតខំរៀនសូត្រ និងមានឱកាសបន្តការសិក្សានៅប្រទេសរុស្ស៊ី ដែលនេះគឺជាការបង្ហាញនូវសមត្ថភាពកូនខ្មែរនៅលើឆាកអន្តរជាតិ។ ឧត្តមសេនីយ៍ឯក បានផ្ដល់នូវបទពិសោធន៍ និងការលើកទឹកចិត្តនិស្សិតខ្មែរទាំងអស់ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីបន្តការខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ សិក្សារៀនសូត្រឱ្យទទួលបានជោគជ័យដើម្បីជាមោទនភាពខ្លួនឯងផងគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិវឌ្ឍប្រទេសជាតិ នៅពេលដែលត្រឡប់ទៅមាតុភូមិវិញ។

មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបញ្ជាក់ថាឱកាសដែលនិស្សិតកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី និងប្រទេសដទៃទៀតគឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសជាច្រើននៅលើពិភពលោក និងបានស្នើសុំឲ្យបណ្តាប្រទេសទាំងអស់នោះជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។

តំណាងនិស្សិតដែលកំពុងសិក្សានៅប្រទេសរុស្សី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ឱកាសឱ្យនិស្សិតខ្មែរបានសិក្សារៀនសូត្រនៅប្រទេសរុស្ស៊ី។ តំណាងនិស្សិតក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹកជួបសួរសុខទុក្ខ និងសំណេះសំណាលផ្ដល់បទពិសោធន៍លើកទឹកចិត្តដល់និស្សិតខ្មែរ ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការសិក្សារៀនសូត្ររបស់និស្សិតខ្មែរនៅក្រៅប្រទេស។