ប្រមុខការទូតកម្ពុជា លើកឡើងថា ការជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ បង្ហាញពីតួនាទីកម្ពុជាលើឆាកអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖

ប្រមុខការទូតកម្ពុជា លើកឡើងថាការជាធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ បង្ហាញពីតួនាទីកម្ពុជាលើឆាកអន្តរជាតិ ដើម្បីពង្រឹងភាពជាដៃគូជំរុញឲ្យមានសន្ដិភាព សន្ដិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។


ថ្លែងក្នុងឱកាសអបអរសាទរទិវា ASEM DAY ក្រោមប្រធានបទ ”កម្ពុជាឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទសកល
បច្ចុប្បន្ន” នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ១១ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដ៏ធំបំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្រសម័យថ្មីរបស់កម្ពុជា។


ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ល្អ ដើម្បីបញ្ជាក់នូវតួនាទីរបស់កម្ពុជាក្នុងការចូលរួមក្នុងកម្រិតខ្ពស់បំផុត នៅលើឆាកអន្ដរជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាសកលនាពេលបច្ចុប្បន្ន និងរិះរកកាលានុវត្តភាពដើម្បីពង្រឹងបន្ថែមនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដៃគូអាស៊ី-អ៊ឺរ៉ុប រួមទាំងប្រទេសជាដៃគូផ្សេងទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានបញ្ជាក់ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងគ្រោងរៀបចំព្រឹត្តិការណ៏អមចំនួន៧រួម មាន៖ កិច្ចប្រជុំពិសេសរវាងសភាអាស៊ី-អឺរ៉ុប,កិច្ចប្រជុំវប្បធម៌ អាស៊ី-អឺរ៉ុប , ,វេទិកាសេដ្ឋកិច្ចនិងធុរៈកិច្ច អាស៊ី អឺរ៉ុប,កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងអាស៊ី-អឺរ៉ុប, កិច្ចពិភាក្សាតុមូលក្រុមនិព្ធអាស៊ី-អឺរ៉ុប ,វេទិការអាស៊ី- អឺរ៉ុប និងវេទិការប្រជាជន អាស៊ី-អឺរ៉ុប។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ១៩៩៦ ដែលនៅពេលនោះមានដៃគូចំនួន២៦ ហើយកម្ពុជាបានក្លាយជាសមាជិកនៃវេទិកានេះ ក្នុងកិច្ចប្រជុំកំពូល លើកទី៥ នៅប្រទេសវៀតណាម កាលពីខែ តុលា ឆ្នាំ២០០៤។
មកទល់ពេលនេះ សមាជិកនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប មានដៃគូចំនួន៥៣ប្រទេស ដែលក្នុងនោះមានប្រទេសក្នុងសហភាពអឺរ៉ុប៣០ប្រទេស និងប្រទេសក្នុងតំបន់អាស៊ី២១ប្រទេស ព្រមទាំងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន២ទៀត គឺន័រវែស និងស្វីស ដោយកិច្ចប្រជុំកំពូល ត្រូវបានធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង តាមរយៈធ្វើការឆ្លាស់វេនគ្នានៅតាមប្រទេសក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប ដើម្បីរួមជាកម្លាំងជំរុញទំនាក់ទំនងផ្នែកនយោបាយ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ វប្បធម៌ ការអភិវឌ្ឍដោយចីរភាព ជាដើម៕