ប្រមុខការទូតកម្ពុជា៖ ជាភារកិច្ចប្រកបដោយមហិច្ឆតាដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះកិច្ចប្រជុំ ASEM លើកទី១៣

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានលើកឡើងថា កម្ពុជានឹង​ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM) ឆ្នាំ២០២០ ខាងមុខនេះ ហើយចាត់ទុកព្រឹត្តិការណ៍ខាងលើនេះ គឺជាភារកិច្ចប្រកបដោយមហិច្ឆតា ដែល​កម្ពុជាជាអ្នករៀបចំ។ ថ្លែងក្នុងឱកាសអបអរសាទរទិវា«ASEM DAY» ក្រោមប្រធានបទ៖«កម្ពុជាឆ្ពោះទៅកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសក្នុងបរិបទសកល បច្ចុប្បន្ន» កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា ការធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ល្អ សម្រាប់កម្ពុជា ក្នុងការបញ្ជាក់នូវតួនាទីរបស់ខ្លួនុំ​ក្នុងការចូលរួមក្នុងកម្រិតខ្ពស់បំផុតនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា នេះក៏បាន បង្ហាញឱ្យឃើញនូវសកម្មភាពយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូស្មើភាពគ្នា ជាមួយនឹងសមាជិកទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលចំនួន៥៣រូប ហើយកម្ពុជាក៏នឹងទទួលបានផល​ប្រយោជន៍ច្រើនត្រឡប់មកវិញពីការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនេះ។ ឯកឧត្តមបាន បន្ថែមថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលពុំធ្លាប់មាន នៅក្នុង សម័យថ្មីរបស់កម្ពុជា និងផ្តល់នូវកិត្តិកាសដ៏វិសេសវិសាលដល់ប្រទេសកម្ពុជា៕

ដោយ ចាន់ សុធីវង្ស