ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ជិត ៥៩លាននាក់, ខណៈដែល WHO ថា អឺរ៉ុប អាចនឹងប្រឈមនឹងរលកទី៣ នាដើមឆ្នាំ២០២១

APP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៨,៩៥៦,៧៩៦ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៩៣,១២៤នាក់ស្លាប់ និងជាង ៤០លាននាក់ បានជាសះស្បើយឡើងវិញ។

តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៧៥,២៨៣ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។

ស្របពេលដែលចំនួនអ្នកឆ្លងនៅលើពិភពលោក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នាពេលថ្មីៗនេះ លោក David Nabarro ដែលជាប្រេសិតពិសេសរបស់អង្គការសុខភាពពិភពលោក (WHO) បានព្យាករថា ប្រសិនបើបណ្តាលរដ្ឋាភិបាលនៅអឺរ៉ុបទាំងអស់ មិនបានចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺកូវី១៩នេះទេ នោះរលកទី៣ អាចនឹងផ្ទុះឡើង នៅដើមឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីម្សិលមិញនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្វីស នៅថ្ងៃអាទិត្យនេះ ប្រេសិតពិសេសអង្គការ WHO ខាងលើ បានគូសបញ្ជាក់ដូច្នេះថា អឺរ៉ុប
មិនបានចាត់វិធានការចាំបាច់នានា កំឡុងរដូវក្ដៅ បន្ទាប់ពីពួកគេអាចគ្រប់គ្រងរលកទីមួយបាន។

លោក David បន្ថែមទៀតថា បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹង រលកទី២ ដូច្នេះបើសិនជាពួកគេមិនចាត់វិធានការចាំបាច់ទេ នោះយើងនឹងបានឃើញរលកទី៣ នៅដើមឆ្នាំក្រោយនេះ។

ដូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន តំបន់អឺរ៉ុបទាំងមូល កំពុងប្រឈមមុខនឹងរលកទី២ នៃជំងឺកូវីដ១៩ ក្នុងនោះគេឃើញមាន បារាំង និងរុស្ស៊ី បានរងគ្រោះខ្លាំងជាងគេ ដែលប្រទេសទាំងពីរនាព្រឹកនេះ បានរកឃើញអ្នកឆ្លងថ្មីជិត៤ម៉ឺននាក់៕


ដោយ៖ កន ចំណាន