លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ១០៦គ្រួសារ នៅស្រុករំដួល ខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២២ ខែវិច្ឆិកា ​ឆ្នាំ២០២០
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធ​សភា និងអធិការកិច្ច ​និងជាគណៈកិត្តិយសសាខាកាក​បាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀងបានចុះ​សួរ​​សុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជា​ពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុករំដួល ខេត្តស្វាយរៀង សរុបចំនួន ១០៦គ្រួសារ ដែល​ជាជនចាស់ជរាគ្មានទីពឹង ជនពិការ។ ពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ទោះបីជំងឺឆ្លង​កូវីដ​១៩ មានការឆ្លងនៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្ត​ទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខ​ទុក្ខ សុខភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការ​នយោ​បាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ លោកជំទាវបានបញ្ជាក់ថា​ទីណាមានការ​លំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិត​ ឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា​គ្រប់រូបត្រូវគោរពនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការ​នានាតាមការកំណត់របស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ត្រូវបន្តរក្សាការប្រុង ប្រយ័ត្ន​ខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈ ពិភព​លោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។

លោកជំទាវបានផ្តាំ​ផ្ញើសូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការ​ចិញ្ចឹមសត្វ ជាដើម ហើយចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធភាពនូវ ភូមិ-ឃុំ មា​ន​​សុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សូមបញ្ជាក់ថា ចំពោះអំណោយសប្បុរសធម៌ ដែលត្រូវផ្តល់ ជូនបងប្អូនប្រជាពលរដ្ឋ​ទីទាល់ក្រ​ទាំង១០៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី ១កេស​ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ ឃីត ១កញ្ចប់ និងថវិកាធ្វើដំណើរចំនួន ៥ម៉ឺន​រៀលផងដែរ ៕


ដោយ៖សួស សំរិត
សម្រួលផ្សាយ៖ កន ចំណាន