លោកជំទាវ ម៉ែន សំអន អញ្ជើញ​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ជន​ងាយ​រងគ្រោះ​១០៦ គ្រួសារ ក្នុងស្រុក​រំដួល​

(​ស្វាយរៀង​)៖ នៅ​ថ្ងៃអាទិត្យ ៧​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលាស្រុក​រំដួល លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ប្រធាន អនុប្រធាន​កិត្តិយស​សាខា ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​ជន​ងាយ​រងគ្រោះ (​ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥​នាក់ និង​គ្រួសារ មាន​ជីវភាព​ខ្វះខាត ៥៨ គ្រួសារ​) សរុប ១០៦ គ្រួសារ មកពី ១០ ឃុំ​ក្នុងស្រុក​រំដួល​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ក្តី​នឹករលឹក ដែលជា​និច្ច កាល សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ប្រកាន់វណ្ណៈ​ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ នយោបាយ ណាមួយ​ឡើយ​។​

​លោកជំទាវ​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុងការ​ថែរក្សា​សុខភាព​ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូបស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំកូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាច​ណ៍ គេង​ក្នុងមុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹក​ដល់ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន កុំ​ឲ្យធ្វេសប្រ​ហេសពី​ជំងឺ​កូ​វីដ​-១៩ អោយសោះ ត្រូវអនុវត្តន៍តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល ព្រោះ មួយរយៈពេល​ដ៏​ខ្លី​នេះមាន​ករណីឆ្លង​ថ្មីទៀតដោយ​ជំងឺ​ដ៏​កាចសាហាវ​មួយ​នេះនៅក្នុងប្រទេសយើង។​

​អំណោយ​ដែលបានចែកជូនប្រជាពលរដ្ឋ​ទាំង ១០៦គ្រួសារ ក្នុង ១គ្រួសារ​ទទួលបាន អង្ករ៣០ គ​.​ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ ​(​មុង ១ ភួយ ១ ក្រមា ១ សារុង ១) និង​ថវិកា ៥០,០០០ រៀល៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល