សហរដ្ឋអាមេរិកចាំបាច់ត្រូវតែមានយុទ្ធសាស្ត្រច្រើនជាងមុន ប៉ុន្តែមានភាពអត់ធ្មត់តិចជាងមុន​នៅក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាសហរដ្ឋអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវមានយុទ្ធសាស្ត្រច្រើនជាងមុននៅពេលដែលទាក់ទងជាមួយកូរ៉េខាងជើង ប៉ុន្តែត្រូវធ្វើឱ្យបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនិស្តមួយនេះ និងបង្រួបបង្រួមកូរ៉េដែលបែកបាក់នោះឡើងវិញ។

ការលើកឡើងរបស់លោក Tom Suozzi (D-NY) នេះបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីសភាតំណាងរាស្ត្របានអនុម័តជាឯកច្ឆន្ទនូវដំណោះស្រាយមួយដែលបានដាក់ជូនដោយលោក Suozzi កាលពីខែមេសា ដែលបង្ហាញអំពីសារៈសំខាន់នៃសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង – សហរដ្ឋអាមេរិក និងជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីពង្រឹងវាបន្ថែមទៀត។

សមាជិកសភារូបនេះបាននិយាយថា «ខ្ញុំគិតថាពិភពលោកកំពុងតាមដាននូវអ្វីដែលជាអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលនឹងមាន ដោយបានកត់សំគាល់ថា សហរដ្ឋអាមេរិកនឹងមានរដ្ឋបាលថ្មីក្នុងពេលឆាប់ៗនេះ»។

បេក្ខជនគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ត្រូវបានប្រកាសថាជាអ្នកឈ្នះនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ហើយគ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។

លោក Suozzi បាននិយាយនៅក្នុងពិធីមួយដែលកត់សម្គាល់ពីការអនុម័តដំណោះស្រាយថា «យើងបានផ្ញើសារយ៉ាងច្បាស់កាលពីម្សិលមិញ ដែលជាសារទ្វេភាគីរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ រួមគ្នាថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាទំនាក់ទំនងដ៏សំខាន់បំផុតមួយនៅលើពិភពលោ»។

លោក បៃដិន ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា លោកនឹងចាត់ទុកសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឱ្យមានភាពខុសគ្នា និងទំនាក់ទំនងជាមួយពួកគេឱ្យបានល្អជាងប្រធានាធិបតី លោក ដូណាល់ ត្រាំ ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)