គោលនយោបាយជាមួយកូរ៉េខាងជើងរបស់លោក បៃដិន នឹងខុសគ្នាពីគោលនយោបាយរបស់លោក អូបាម៉ា

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងមួយក្រុមបាននិយាយថា វិធីសាស្រ្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឆ្ពោះទៅប្រទេសកូរ៉េខាងជើងនឹងខុសពីវិធីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា។

គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយលោក Repong Song-gil នៃគណបក្សប្រជាធិបតេយ្យបាននិយាយថា គោលនយោបាយរបស់កូរ៉េខាងជើងរបស់រដ្ឋបាលលោក បៃដិន នឹងមិនដូចរដ្ឋបាលរបស់លោក អូបាម៉ា ដែលជារឿយៗត្រូវបានគេពិពណ៌នាថា «ការអត់ធ្មត់ជាយុទ្ធសាស្ត្រ» នោះទេ។

លោក Yun Kun-young បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំជឿថា ភាពខុសគ្នាធំបំផុតគឺថា (គោលនយោបាយរបស់លោក អូបាម៉ា) គឺនៅពេលដែលរដ្ឋបាលលោក Myung-bak របស់កូរ៉េខាងត្បូង បានព្យាយាមដាក់សម្ពាធទៅលើកូរ៉េខាងជើង ដែលភាពខុសគ្នាធំបំផុតឥឡូវនេះ គឺយើងមានរដ្ឋបាលលោក Moon Jae-in ដែលកំពុងជំរុញដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ»។

គណៈប្រតិភូដែលមានសមាជិក ៣រូបរួមទាំងលោក Kim Hang-jung ផងដែរនោះ បានមកដល់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះដើម្បីជួបពិភាក្សាជាមួយសមភាគីសហរដ្ឋអាមេរិក និងមន្រ្តីមកពីរដ្ឋាភិបាល និងក្រុមអ្នកជំនាញនៅទីនេះ។

ពួកគេបានជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun ក៏ដូចជាលោក Ruben Gallego អ្នកតំណាងរបស់រដ្ឋអារីហ្សូនណា និងលោក Kai Kahele អ្នកតំណាងនៃរដ្ឋហាវ៉ៃ ដែលអ្នកទាំងពីរជាសមាជិកជាប់ឆ្នោតថ្មីនៃសភាតំណាងសហរដ្ឋអាមេរិក។

លោក Yun បាននិយាយថា មូលដ្ឋានសម្រាប់ការជឿជាក់របស់ពួកគេក៏រួមបញ្ចូលផងដែរនូវការពិតដែលថា សមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានភាពជឿនលឿនយ៉ាងខ្លាំងចាប់តាំងពីលោក អូបាម៉ា បានចូលកាន់តំណែងដំបូងក្នុងឆ្នាំ ២០០៩ ។

លោក Yun បាននិយាយថា «ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺខ្លាំងជាងការគំរាមកាលពីឆ្នាំ ២០០៩។ (គោលនយោបាយរបស់លោក បៃដិន) នឹងខុសគ្នាពីភាពអត់ធ្មត់ជាយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០៩»។

អ្នកដែលស្និទ្ធនឹងលោក បៃដិន បាននិយាយថា ប្រធានាធិបតីថ្មីរូបនេះនឹងមិនខ្ចីគោលការណ៍ជាមួយកូរ៉េខាងជើងពីចៅហ្វាយចាស់របស់លោកទេ។

លោក Brian McKeon ទីប្រឹក្សាគោលនយោបាយការបរទេសដ៏សំខាន់មួយរូបរបស់លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Yonhab ថា «លោក ចូ បៃដិន មិនមែនជាប្រធានាធិបតី អូបាម៉ា ទេ ហើយពិភពលោកគឺខុសគ្នានាពេល ៤ឆ្នាំក្រោយ ពីព្រោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែបន្តទៅមុខទៀត»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)