សកម្មជនក្រុមប្រឆាំងបានបិទផ្លូវនានានៅទីក្រុង Yerevan ដោយអំពាវនាវឱ្យលោក Pashinyan លាឈប់ពីតំណែង

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – អ្នកឆ្លើយឆ្លងព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ពីទីតាំងផ្ទាល់ថា កាលពីថ្ងៃព្រហស្បតិ៍ សកម្មជនក្រុមប្រឆាំងបានបិទផ្លូវមួយចំនួននៅកណ្តាលទីក្រុង Yerevan ដោយពួកគេកំពុងអំពាវនាវឱ្យនាយករដ្ឋមន្រ្តី លោក Nikol Pashinyan លាលែងពីតំណែង។

បច្ចុប្បន្ននេះ មន្រ្តីប៉ូលីសបានចាប់ផ្តើមឃុំខ្លួនអ្នកចូលរួមប្រមូលផ្តុំការតវ៉ាហើយ តែស្ថានភាពនៅតែមានភាពតានតឹងដដែល។

ក្រុមប្រឆាំងអារមេនីបានទាមទារឱ្យមានការលាលែងពីតំណែងរបស់លោក Pashinyan ។ ក្រុមបក្សប្រឆាំងនយោបាយបានគិតថា សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ពីបទឈប់បាញ់គ្នាពេញលេញមួយនៅតំបន់ជម្លោះណាហ្កោណូ – ការ៉ាបាក់ គឺជាការចុះចាញ់ដ៏ធំធេងមួយ។ ពួកគេក៏បានឱ្យនាយករដ្ឋមន្រ្តីរូបនេះទទួលខុសត្រូវចំពោះបញ្ហាសេដ្ឋកិច្ច និងសង្គមរបស់សាធារណរដ្ឋនេះផងដែរ។

លោក Pashinyan បានបញ្ជាក់ថា បន្ទាប់ពី Shusha បានបរាជ័យក្នុងការប្រយុទ្ធសម្រាប់ភាគីអារមេនីមក វាបានក្លាយជារឿងឥតន័យចាប់តាំងពីពេលនោះដែលទីក្រុង Yerevan នឹងមិនអាចឈានទៅដល់របកគំហើញមួយនៅក្នុងសកម្មភាពយោធានោះទេ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអារមេនី លោក Armen Sarkissian បានថ្លែងទៅកាន់ប្រទេសនេះឱ្យជំរុញឱ្យមានការរៀបចំការបោះឆ្នោតសភាជាលើកដំបូង ដោយផ្ទេរអំណាចទៅរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរហូតដល់ពេលនោះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)