ក្រសួងសុខាភិបាលសហរដ្ឋអាមេរិកនិយាយថា លោកនឹងមិនធ្វើការជាមួយលោក បៃដិន ទេ រហូតដល់មានការប្រកាសជាផ្លូវការអំពីជ័យជំនះរបស់លោក

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក លោក​ Alex Azar បាននិយាយថា លោកនឹងមិនធ្វើការងារជាមួយលោក ចូ បៃដិន ដែលជាប់ឆ្នោតជាប្រធានាធិបតីនោះទេ ដរាបណាទាល់តែរដ្ឋបាលសេវាកម្មទូទៅ (GSA) បញ្ជាក់អំពីជ័យជំនះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ។

លោក Azar បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន CNN ថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែល GSA ធ្វើការបញ្ជាក់ច្បាស់ យើងនឹងធានាបាននូវការផ្លាស់ប្តូរវិជ្ជាជីវៈ និងការធ្វើផែនការពេញលេញ»។

លោកបានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកំពុងអនុវត្តតាមការណែនាំដែលមានស្រាប់។

លោក Azar បាននិយាយបន្ថែមថា «យើងកំពុងបង្កើតវ៉ាក់សាំង និងការព្យាបាលរោគ ហើយបង្កើតទិន្នន័យសាកល្បង និងការសង្គ្រោះជីវិតនៅទីនេះ។ នោះហើយជាកន្លែងដែលការផ្តោតការយកចិត្តទុកដាក់របស់យើងត្រូវបានឆ្ពោះទៅមុខជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើង»។

ប្រធាន GSA លោកស្រី Emily Murphy បានរាយការណ៍ថា មិនទាន់បានចុះហត្ថលេខាលើឯកសារចាំបាច់ដែលធ្វើឱ្យមានការចាប់ផ្តើមជាផ្លូវការនៃរយៈពេលអន្តរកាលនោះទេ។ រហូតមកដល់ពេលនេះ ក្រុមរបស់លោក បៃដិន មិនទាន់មានលទ្ធភាពទទួលបានហិរញ្ញវត្ថុរដ្ឋាភិបាល ក៏ដូចជាមិនអាចសហការជាមួយស្ថាប័ននានារបស់សហព័ន្ធបានទេ។

ប្រធានាធិបតីកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់ការបរាជ័យនៅក្នុងការបោះឆ្នោតនេះនៅឡើយទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាម៉េរិក ដូចជាសារព័ត៌មាន Fox News ជាដើម បានប្រកាសអំពីជ័យជំនះរបស់លោក បៃដិន រួចហើយក៏ដោយ។ លោក ត្រាំ បានធ្វើការអះអាងជាច្រើនលើកច្រើនសារអំពីការលួចបន្លំសន្លឹកឆ្នោតចាប់តាំងពីការបោះឆ្នោតត្រូវបានបញ្ចប់មក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)