លោក ត្រាំ និយាយនៅលើបណ្តាញសង្គម Twitter ថា ការបន្លំសន្លឹកឆ្នោតនៅក្នុងទីក្រុង Detroit បានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – នៅពេលមុននេះ លោក ដូណាល់ ត្រាំ បានអះអាងថា មន្រ្តីបោះឆ្នោតប្រចាំតំបន់នៅក្នុងទីក្រុង Detroit ត្រូវបានគេបំភិតបំភ័យក្នុងការអនុម័តលទ្ធផលបោះឆ្នោតដែលពួកគេជឿថា ជាលទ្ធផលមិនពិត។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីនិយាយបង្ខូចអំពីការរំលោភបំពានការបោះឆ្នោតនៅទីក្រុង Detroit រដ្ឋ Michigan។

កាលពីដើមសប្តាហ៍នេះ សមាជិកគណបក្សសាធារណរដ្ឋចំនួនពីរនាក់នៃក្រុមអ្នកឃ្លាំមើកការបោះឆ្នោតនៅតំបន់ Wayne រដ្ឋ Michigan បានបដិសេធមិនបញ្ជាក់អំពីលទ្ធផលនៃការបោះឆ្នោតសម្រាប់ទីក្រុង Detroit ដោយពួកគេបានលើកឡើងថា សន្លឹកឆ្នោតមានបញ្ហា។ លទ្ធផលបានបង្ហាញនូវសន្លឹកឆ្នោតជាច្រើនបន្ថែមទៀតបានបោះឱ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន នៅក្នុងរដ្ឋសមរភូមិ Michigan ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។ សមាជិកក្រុមអ្នកឃ្លាំមើលការបោះឆ្នោតមកពីគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតគាំទ្រលទ្ធផលនោះ ដែលធ្វើឱ្យស្ថានការណ៍ស្ថិតក្នុងភាពជាប់គាំង។

បន្ទាប់ពីមានការចោទប្រកាន់អំពីការប្រកាន់បក្សពួកនិយម និងការរើសអើងជាតិសាសន៍ពីគណបក្សប្រជាធិបតេយ្យ ក្រុមអ្នកឃ្លាំមើលមកពីគណបក្សសាធារណរដ្ឋត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេ។ ប្រធានាធិបតី លោក ត្រាំ បាននិយាយថា លោកជឿជាក់ថាពួកគេត្រូវបានគេបំភិតបំភ័យចំពោះលទ្ធផលដែលពួកគេគិតថាមិនពិត។

រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីការបោះឆ្នោត លទ្ធផលផ្លូវការសម្រាប់រដ្ឋនីមួយៗមិនត្រូវបានប្រកាសនឡើយទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាម៉េរិកបានព្យាកររួចហើយថា បេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ជាអ្នកឈ្នះការបោះឆ្នោតនោះ។ ប្រធានាធិបតីដែលកំពុងកាន់តំណែង លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ការបរាជ័យនេះទេ ដោយលោកបានអះអាងថា មានការរំលោភបំពាននៅក្នុងការបោះឆ្នោតនេះ និងសន្យាថានឹងតតាំងនៅក្នុងតុលាការ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)