មន្រ្តីការពារជាតិជាន់ខ្ពស់នៅអាស៊ាន និងដៃគូ ពិភាក្សាគ្នាអំពីការរៀបចំសម្រាប់កិច្ចប្រជុំ ADMM +

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM +) ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ។

កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខដឹកនាំ ADSOM នៅក្នុងបណ្តាប្រទេសនៅអាស៊ាន និងរុស្ស៊ី ចិន សហរដ្ឋអាមេរិក ជប៉ុន សាធារណៈរដ្ឋកូរ៉េ អូស្រ្តាលី នូវែលសេឡង់ និងឥណ្ឌា ព្រមទាំងអគ្គលេខាធិការរងអាស៊ាន លោក Hoang Anh Tuan ផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែងរវាងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជារវាងអាស៊ាន និងដៃគូ ព្រមទាំងធ្វើការវាយតម្លៃអំពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៧ (ADMM +)។

លោក Vinh បានសម្តែងក្តីសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ចប់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ADMM + លើកទី ៧ នៅក្នុងខែធ្នូខាងមុខនេះ។

ដោយរំលឹកអំពីលទ្ធផលនៃសម័យប្រជុំការងារកាលពីខែកក្កដាដើម្បីស្វែងរកវិធីដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ លោកបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការដោះស្រាយបញ្ហានៃជំងឺរាតត្បាតនេះ ក៏ដូចជាការបញ្ចប់ការងារនៅក្នុងប្រទេសនីមួយៗ និងអាស៊ានទាំងមូល។

លោកបានគូសបញ្ជាក់ថា បើទោះបីជារោគរាតត្បាតនៅតែត្រូវបានដោះស្រាយក៏ដោយ ក៏វាមិនអាចបញ្ឈប់កិច្ចសហប្រតិបត្តិការការពារជាតិបានដែរ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីក្នុងការប្រយុទ្ធប្រឆាំង។

កិច្ចប្រជុំ ADMM + គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ចុងក្រោយដែលត្រូវបានធ្វើឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)