ការភ្ជាប់ទំនាក់ទំនងវិស័យថាមពលជាសរសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – លោក Dang Hoang An អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា ការភ្ជាប់ទំនាក់ទំនងវិស័យថាមពលរវាងប្រទេសសមាជិកអាស៊ាន គឺជាសសរស្តម្ភដ៏សំខាន់មួយដែលចាំបាច់ត្រូវការពង្រឹងបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខថាមពលសម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានដ៏រឹងមាំ និងប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍មួយនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៨ (AMEM ៣៨) ក្រោមប្រធានបទ «ការផ្លាស់ប្តូរថាមពលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព» ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។

លោកបានលើកឡើងអំពីការអភិវឌ្ឍដ៏រឹងមាំរបស់អាស៊ានក្នុងរយៈពេល ៥ទសវត្សរ៍ចុងក្រោយនេះ ដោយលោកបាននិយាយថា ឆ្នាំ ២០២០ គឺជាឆ្នាំនៃរយៈពេល ៥ឆ្នាំក្នុងការបង្កើត និងអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ានដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។

លោកបានឯកភាពជាមួយប្រធានបទនៃកិច្ចប្រជុំ AMEM  38 ព្រោះវាបានបង្ហាញអំពីគោលដៅនៃការអភិវឌ្ឍទីផ្សារថាមពលអាស៊ានប្រកបដោយចីរភាព បៃតង និងស្អាត។

អ្នកចូលរួមបានផ្តោតទៅលើកិច្ចពិភាក្សា និងអនុម័តផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) ដំណាក់កាលទី ២ (ឆ្នាំ ២០២១-២០២៥) ដែលស្នើឱ្យមានគោលដៅ និងសកម្មភាពជាក់លាក់ដើម្បីជំរុញការផ្លាស់ប្តូរថាមពល ពង្រឹងភាពធន់តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ព្រមទាំងការពង្រីការធ្វើពាណិជ្ជកម្មអគ្គិសនីទ្វេរភាគី និងពហុភាគី។

លោកក៏បានស្នើសុំឱ្យមានការយល់ព្រមទៅលើការបោះពុម្ពផ្សាយ «ទស្សនវិស័យថាមពលអាស៊ានលើកទី ៦ (AEO6)» ដែលត្រូវបានសង្ឃឹមថានឹងផ្តល់ជូនអ្នកធ្វើគោលនយោបាយនូវព័ត៌មាន និងចំណេះដឹងអំពីនិន្នាការ និងបញ្ហាប្រឈមក្នុងតំបន់ក្នុងវិស័យថាមពល ឆ្ពោះទៅរកការលើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)