រដ្ឋមន្រ្តីថាមពលអាស៊ាន និង  IEA ជួបប្រជុំគ្នានៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចសន្ទនាមួយត្រូវបានធ្វើឡើងរវាងរដ្ឋមន្រ្តីថាមពលអាស៊ាន និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) តាមរយៈវីដេអូអនឡាញនៅទីក្រុងហាណូយ។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Dang Hoang An បានឱ្យដឹងថា អាស៊ានឈរក្នុងចំណោមតំបន់ដែលមានអភិវឌ្ឍសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ដោយផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់តម្លៃ ៣,២ទ្រីលានដុល្លារអាម៉េរិក ហើយតម្លៃពាណិជ្ជកម្មបានឈានដល់ប្រមាណ ២,៨ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៩ ។

កំណើនសេដ្ឋកិច្ចឆាប់រហ័សកំពុងត្រូវបានអមដោយការកើនឡើងនៃតម្រូវការថាមពលយ៉ាងឆាប់រហ័សដែលបង្កជាបញ្ហាប្រឈមជាច្រើនដល់ប្រទេសជាសមាជិកទាំងអស់ដើម្បីបំពេញនូវតម្រូវការបែបនេះ ស្របពេលដែលមានការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារបរិស្ថាន។

លោកបាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកនីមួយៗ អាស៊ានត្រូវការការគាំទ្រពីដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិនានារួមទាំង IEA ផងដែរ។

លោកបានកត់សំគាល់ថា ក្នុងនាមជាដៃគូសំខាន់របស់អាស៊ាន IEA បានអនុវត្តសកម្មភាពជាច្រើនដើម្បីជួយតំបន់នេះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល ដោយបាននិយាយបន្ថែមថា ក្រៅពីការគាំទ្រផ្នែកបច្ចេកទេស វាក៏បានជួយប្រទេសជាសមាជិកក្នុងការធ្វើកំណែទម្រង់គោលនយោបាយថាមពលរបស់ពួកគេផងដែរ។

បើទោះបីមានផលប៉ះពាល់ច្រើនពីជំងឺកូវីដ-១៩ ក៏ដោយ ក៏ទីភ្នាក់ងារនេះនៅតែរក្សាការគាំទ្ររបស់ខ្លួនចំពោះអាស៊ានដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការ ជាពិសេសកត្តាអាទិភាពសម្រាប់ឆ្នាំ ២០២០។

លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងជួយជំរុញការអនុវត្តកម្មវិធីវិលជុំរយៈពេល ៣ឆ្នាំរបស់ភាគីទាំងពីរសម្រាប់ឆ្នាំ ២០១៩-២០២១ ដើម្បីជួយពង្រឹងអាស៊ានសម្រាប់សន្តិភាព វិបុលភាព និងចីរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)