អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ស្នើឱ្យមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ជួយចែករំលែក បណ្តុះបណ្តាល និងលើកកម្ពស់វិស័យមីននៅថ្នាក់តំបន់ និងអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានស្នើសុំឱ្យ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់ អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវបន្តបេសកម្មរបស់ខ្លួន ក្នុងការជួយចែករំលែក បណ្តុះបណ្តាល និងលើកកម្ពស់វិស័យមីននៅថ្នាក់តំបន់ និងអន្តរជាតិ។ ការស្នើសុំនេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់ អាស៊ានសម្រាប់សកម្មភាពមីន ដែលទើបត្រូវបានតែងតាំងថ្មី ចូលជួបពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីន កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបានអបអរសាទរចំពោះ ឯកឧត្ដម ព្រហ្ម សួនប្រសិទ្ធ អ្នកជំនាញវិស័យមីននៅកម្ពុជា ដែលត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិ ARMAC ថ្មី ជំនួស ឯកឧត្ដម លី បញ្ញារិទ្ធិ៍ ដែលត្រូវបានផុតអាណត្តិ និងចូលបម្រើការងារជាអគ្គលេខាធិការរងអាជ្ញាធរមីន វិញ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងគាំទ្រដល់កម្មវិធីនានារបស់មជ្ឈមណ្ឌល ARMAC ដើម្បីរួមគ្នាសម្រេចនូវគោលដៅរួមមួយ បញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល។

ជាមួយគ្នានេះ ក្នុងនាមជាថ្នាក់ដឹកនាំថ្មីនៃមជ្ឈមណ្ឌល ARMAC ឯកឧត្ដម ព្រហ្ម សួនប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំអាជ្ញាធរមីនទាំងអស់ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងល្អ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌល ARMAC នាពេលកន្លងមក៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ អាជ្ញាធរមីន