ឯកអគ្គរដ្ឋទូតសិង្ហបុរី៖ បន្ទាប់ពីមានភាពធូរស្រាល Covid-19 នឹងមានវិនិយោគិនសិង្ហបុរី មកកម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ

ឯកឧត្ដម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំងឺរាតត្បាតជាសាកល Covid-19 មានភាពធូរស្រាល ឯកឧត្ដមជឿជាក់ថា នឹងមានវិនិយោគិនសិង្ហបុរីជាច្រើនធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគ ពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ។

ការលើកឡើងនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ ឯកឧត្ដមឯកអគ្គរដ្ឋទូតនៅកម្ពុជាជាមួយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងរៀបចំដែនដី។

ឯកឧត្តម Michael Tan Keng Siong បានមានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃជំងឺរាតត្បាតជាសកលCovid-19។

ឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ជាក់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាមានមោទនភាពយ៉ាងខ្លាំងក្នុងការបំបេញបេសកកម្មនៅកម្ពុជា ដែលអាចទទួលបាននូវសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកបការងារប្រចាំថ្ងៃ ក្នុងខណៈពេលដែលប្រជាជនក្នុងបណ្តាប្រទេសជាច្រើនលើសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល Covid-19 នេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កលក្ខណៈដល់បេសកកម្មការទូតរបស់ឯកឧត្តមកន្លងមកទទួលបាននូវភាពជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី Michael Tan Keng Siong ដែលបានផ្តល់នូវសច្ចភាពដល់កម្ពុជា ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃការរាតត្បាតជាសាកលជំងឺ Covid-19 និងសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជិវិតប្រជាជនសិង្ហបុរីចំនួន ២៨ នាក់ផងដែរ។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកាកបាទក្រហមសិង្ហបុរី ដែលបានផ្តល់ជំនួយដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ កាលពីដើមខែតុលា ឆ្នាំ ២០២០។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងស្ថាប័នទាំងពីរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់អាទិភាពទទួលយកក្រុមហ៊ុនសំណង់របស់សិង្ហបុរី ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់នៅកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ បាន អនុម័តដោយគណៈរដ្ឋមន្ត្រីរួច។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងផ្តល់អាទិភាពសម្រាប់ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់សិង្ហបុរី និងជប៉ុន ដើម្បីធ្វើកិច្ចសន្យាជួលការិយាល័យនៅទីស្តីការថ្មីរបស់ក្រសួង ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានបង្ហាញពីការចូលរួមអបអរសាទរខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី និងប្តេជ្ញាបន្តរឹតបន្តឹងចំណងមិត្តភាពជាមួយស្ថានទូតសិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត៕

ដោយ៖ រិទ្ធី

សម្រួលផ្សាយ៖ កន ចំណាន