អភិបាលខេត្ត នាំយក​អំណោយ​ជូន​សមាគម​ស្នាមញញឹម​ថ្មី នៃ​ក្តីសង្ឃឹម​របស់​កុមារ​

AKP កណ្តាល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៣​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​នាំយក​អំណោយ​មនុស្សធម៌​ប្រគល់ជូន​ដល់​សមាគម​ស្នាមញញឹម​ថ្មី នៃ​ក្តីសង្ឃឹម​របស់​កុមារ ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​រស្មី​សោភ័ណ​រាម ហៅ វត្ត​សន្លុង ស្ថិតនៅ​ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

​អំណោយ​ដែល​បាន​ដែល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ប្រគល់ជូន​ដល់​សមាគម នាពេលនោះ​មាន​៖ អង្ករ ២.០០០​គីឡូក្រាម មី​៣០​កេស ត្រីខកំប៉ុង​៣​កេស ទឹកត្រី​១០​យួរ ទឹកស៊ីអ៊ីវ​១០​យួរ សាប៊ូ​២​កេស ទឹកបរិសុទ្ធ​២០​ដប​ធំ អាល់កុល​៣០​លីត្រ ម៉ាស់​៥០០​បន្ទះ ថវិកា​ឧបត្ថម្ភ​សមាគម​ចំនួន ៣​លាន​រៀល​។ ក្នុងនោះ​ថវិកា លោក​ឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ​១​លាន​រៀល និង​ឧបត្ថម្ភ​កុមារ​ចំនួន​៤៦​នាក់ ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល ព្រមទាំង​ឧបត្ថម្ភ​លោកគ្រូ អ្នកគ្រូ​ចំនួន​១០​នាក់ ក្នុង​ម្នាក់ៗ​១០​ម៉ឺន​រៀល​។ ក្នុងឱកាស​នោះដែរ​ឯកឧត្តម គង់​សោ​ភ័​ណ្ឌ ក៏បាន​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត មាន អង្ករ ៥០០​គីឡូក្រាម មី​៤​កេស​តូច ត្រីខកំប៉ុង​៤​យួរ ទឹកបរិសុទ្ធ​៤​កេស និង​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល​ផងដែរ​។​

​សមាគម​ស្នាមញញឹម​ថ្មី នៃ​ក្តីសង្ឃឹម​របស់​កុមារ បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៦ និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​នៅ​ក្រសួងមហាផ្ទៃ គិត​មកដល់​ឆ្នាំ​២០២០​នេះ សមាគម​បាន​ចិញ្ចឹម អប់រំ ថែទាំ​កុមារកំព្រា​គ្មាន​ទីពឹង​សរុប​៤៦​នាក់ និង​ឧបត្ថម្ភ​ទ្រទ្រង់​ជីវភាព​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត​ចំនួន​១០​នាក់​។ កុមារ​ទាំងនេះ​ភាគច្រើន​មកពី​ខេត្ត​ផ្សេងៗ​គ្នា ក្នុងនោះ​មាន​ខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃវែង ក្រចេះ កំពង់ចាម ពោធិ៍សាត់ និង​ខេត្ត​ព្រះសីហនុ ៕ ដោយ​៖ ណ​យ នឿន ប្រភព​៖ រដ្ឋបាល​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​