ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៥៦.៦លាននាក់, ពោលគឺត្រឹម២៤ម៉ោង ពិភពលោករកឃើញអ្នកឆ្លងជិត ៦០ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០–
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៦,៥២២,៤១៩ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៥៣,៦៧៤នាក់ស្លាប់ និងជាង ៣៩លាននាក់ បានជាសះស្បើយឡើងវិញ។

ពោលគឺត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥៨២,៩៤៧ករណី និងមានមនុស្សជាង ១ម៉ឺននាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៥លាននាក់ខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងសរុប ១១,៨៥៤,៧៥៥នាក់ និងជាង ២៥ម៉ឺននាក់ស្លាប់។ ចំណែកឯព្រឹកនេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥៤,៦៦០នាក់ និងអ្នកជំងឺសរុប ១,៧៧៨នាក់ បានស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន