«ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្មារ» គ្រោងនឹងរៀបចំពិធីតភ្ជាប់ នាដើមខែក្រោយនេះហើយ

«ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្មារ» ដែលជាជំនួយរបស់មិត្តចិន តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង១ពាន់ម៉ែត្រមួយនេះ ត្រូវបានគ្រោងចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមក តែងតែជួយមកដល់ប្រទេសកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗទៀតនៅក្នុងប្រទេសកម្ពុជា។ សម្តេចហ៊ុន សែនបានសំដែងនូវក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលស្ពានថ្មីមួយនេះ ដែលកើតមានឡើងក្នុងស្រុកកំណើតរបស់សម្តេចផ្ទាល់ និងជាជំនួយរបស់មិត្តចិន ហើយការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺស្ពានទី៨ហើយ ដែលកន្លងមក មិត្តចិនបានជួយសាងសង់ស្ពាននៅកម្ពុជា ចំនួន៧រួចហើយ ដូចជា ស្ពានកោះធំនៅខេត្តកណ្តាល ស្ពានជ្រោយចង្វា២ ស្ពានសេកុង ខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គ-ស្ទឹងត្រែង និងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។

នាថ្ងៃទី៧ ខែ ធ្នូ ២០២០ខាងមុខនេះ សម្តេច ហ៊ុន សែនក៏គ្រោងនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយនេះ នេះបើតាមការឲ្យដឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ចាម។ គម្រោងនៃពិធីតភ្ជាប់ស្ពាននេះត្រូវបានប្រកាសឲ្យដឹង ក្នុងពេលដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងទៀតថា ពិធីតភ្ជាប់«ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មា» គ្រោងនឹងប្រព្រឹត្តទៅ នៅទីតាំងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង-ក្រូចឆ្មារ ត្រូវបានគេដឹងថា នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ ពេលដាក់ឲ្យដំណើរការជាផ្លូវការនោះ៕