ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគាររដ្ឋបាលសាលាសង្កាត់អូរប្ញស្សី ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគាររដ្ឋបាលសាលាសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងឱ្យដឹងថា សមិទ្ធផល អាគាររដ្ឋបាលសាលាសង្កាត់អូរឫស្សី ដែលបានដាក់សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការនា ពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងការចូលរួមចំណែកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្អែកលើច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្នុងតួនាទីបម្រើកិច្ចការមូលដ្ឋាន សម្រាប់ផលប្រយោជន៍សង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់ ព្រមទាំងមានតួនាទីជា ភ្នាក់ងារតំណាងឱ្យរដ្ឋ ក្រោមការចាត់ចែង និងប្រគល់អំណាចពីអាជ្ញាធរ ជាពិសេសក្រោមការ ដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានសម្តែងការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់លោកចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ អូរប្ញស្សី ក្នុងការកសាងអគាររដ្ឋបាលសង្កាត់ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត សំដៅបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ា ថន ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរ និងបង ប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផលដែលយើង សម្រេចបាននៅពេលនេះ និងខិតខំដោះស្រាយបញ្ហាក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋក្នុង សង្កាត់ឱ្យបានល្អប្រសើរ៕

ដោយ៖ជួន សុជាតិ

សម្រួលផ្សាយ៖ កន ចំណាន