រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រកាសលទ្ធផលនៃការធ្វើតេស្ត លើកទី៤ បានបង្ហាញថា អវិជ្ជមានកូវីដ១៩

ឯកឧត្តម វេង សាខុន៖ ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា៖ លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះរបស់យើងខ្ញុំករុណា ខ្ញុំគឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ ១៩ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទ័រទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត។
ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ និងលើសពីនេះទៀត គឺបានផ្ញើសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីការឆ្លងមេរោគកូវិដ ១៩ ។
ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕